ព្រះសង្ឃ និងប្រជាពលរដ្ឋ៣ភូមិក្នុងឃុំខុនរ៉ងស្រុកបរិបូណ៌នាំគ្នាស្ទាក់ទឹកស្ទឹងយកទឹកស្រោចស្រពស្រែប្រាំងជាង២០០ហិកតាប្រឈមនឹងការក្រៀមស្វិត
ខេត្តកំពង់ឆ្នាំង៖ ស្រែប្រាំងចំនួនជាង២០០ហិកតានៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌កំពុងប្រឈមនឹងការ ក្រៀមស្វិតខូចដោយសារខ្វះទឹក ដើម្បីដោះស្រាយបញ្ហានេះនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ប្រជា ពលរដ្ឋមកពី៣ភូមិមានជាង៦០នាក់ និងព្រះសង្ឃជាង២០អង្គ បាននាំគ្នាច្រកដីខ្សាច់បញ្ចាល់ទឹកស្ទឹងបរិបូណ៌នៅចំណុចខាងកើតវត្តបន្ទាយធ្លក នាំយកទឹកទៅស្រោចស្រពដីស្រែដែលកំពុងអត់ទឹក។
លោក ច័ន្ទ អាន មេឃុំខុនរ៉ង ស្រុកបរិបូណ៌បាននិយាយអោយដឹងនៅរសៀលថ្ងទី២៥ ខែធ្នូ ឆ្នាំ២ ០១៥នេះថា៖ នៅក្នុងឆ្នាំ២០១៥នេះប្រជាពលរដ្ឋ៣ភូមិមាន ភូមិដើមជ្រែ ភូមិសិរី និងភូមិល្បើក ក្នុងឃុំ ខុនរ៉ង បានធ្វើស្រែប្រាំងបាន៣៦០ហិកតាប៉ុណ្ណោះដោយសារតែខ្វះទឹក បើប្រៀបធៀបជាមួយឆ្នាំ២០១៤ គឺធ្វើស្រែប្រាំងបានជិត៥០០ហិកតា។
មកដល់ថ្ងៃនេះដីស្រែប្រាំងដែលធ្វើបាន៣៦០ហិកតា បានរងការ ស្វិតខូចអស់ប្រមាណ១២០ហិកតាហើយ នៅសល់តែ២៤០ហិកតាប៉ុណ្ណោះដែលត្រូវប្រឈមនឹងការស្វិត ខូចទៀតក្នុងពេលខាងមុខ ប្រសិនបើអត់ទឹកស្រោចស្រព។ ព្រោះតែហេតុនេះហើយទើបនៅ រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ព្រះសង្ឃជាង២០អង្គ និងប្រជាពលរដ្ឋមកពី៣ភូមិជាង៦០នាក់ បាននាំគ្នា បញ្ចាល់ ស្ទាក់ទឹកស្ទឹងបរិបូណ៌ ដើម្បីនាំទឹកអោយចូលប្រឡាយមេអោយហូរចូលស្រែប្រាំងជាង២០០ហិកតាដែលកំពុងខ្វះខាតទឹក ចំណែកក្តីសង្ឃឹមនៃការប្រមូលផលស្រូវអាចបានតែ៧០%តែប៉ុណ្ណោះ។
លោក ច័ន្ទ អាន បានអោយដឹងទៀតថា៖ ការបញ្ចាល់ស្ទាក់ទឹកស្ទឹងនេះគឺប្រជាពលរដ្ឋបានបញ្ចាល់ប្រមាណតែ៧០%តែប៉ុណ្ណោះ ចំណែក៣០%ទៀតទុកអោយទឹកស្ទឹងហូរធម្មតា សំរាប់ស្រោចស្រពស្រែប្រាំងនៅខាងក្រោមៗទៀតរបស់ប្រជាពលរដ្ឋ។ លោកមេឃុំបានបញ្ជាក់ទៀតថា៖ ក្រៅពីទឹកស្ទឹងបរិបូណ៌នេះក្នុងឃុំរបស់លោកគ្មានប្រភពទឹកឯណាទៀតអាចយកមកស្រោចស្រពដីស្រែប្រាំងបានឡើយ ។ ប៉ុន្តែបើទំនប់អាចាំងក្នុងឃុំអញ្ចាញរូងដែលថ្នាក់ជាតិកំពុងធ្វើនោះអាចធ្វើរួចក្នុងចុងឆ្នាំ២០១៦ឬ២០១៧ ទើបទឹកទំនប់នោះអាចបង្ហូរមកស្រោចស្រពដីស្រែក្នុងឃុំគាត់ និងឃុំផ្សេងៗទៀតបាន៕ រិទ្ធិ ជ័យ
http://ift.tt/1OgKFVX