ក្នុងរយៈពេល២ថ្ងៃអាវុធចំនួន២ដើមត្រូវបានប្រជាពលរដ្ឋខ្មែរឥស្លាមបង់សំណាញ់បានយកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ អាវុធអាកា៤៧ស្វាយបត់១ដើម រួមនឹងគ្រាប់មួយបង់ ត្រូវបានប្រជាពលរដ្ឋខ្មែរឥស្លាម បង់សំណាញ់បាននៅក្នុងទន្លេ ភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ហើយបានយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ការបង់សំណាញ់បានអាវុធខាងលើនេះបានកើតឡើងនៅម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។
បុរសឈ្មោះម៉ាត់ ស៊ីម អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ គាត់និងកូន ៣នាក់ នៅព្រឹកថ្ងធទី២៧ ខែធ្នូ ឆ្នាំ២០១៥ បាននាំគ្នា ទៅបង់សំណាញ់ នៅចំណុចខាងលើដូចធម្មតា ប៉ុន្តែពេលគាត់បង់សំណាញ់ជិតដល់ពេល សម្រាក ទៅហើយ ក៏ស្រាប់តែបានជាប់កាំភ្លើងអាកាស្វាយបត់១ដើម ហើយពេលរសៀលគាត់ត្រឡប់មកវិញ ក៏យកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍តែម្តង ។
លោក រិន រដ្ឋា នាយនគរបាលប៉ុស្តិ៍ផ្សារឆ្នាំងបានអោយដឹងថា៖ អាវុធ១ដើមនោះជាអាវុធអាកា ស្វាយបត់ មានលេខ៩០៩៩ ផលលិតនៅប្រទេសសូវៀត ដោយនៅមានគុណភាព៧០% មានបង់១និង គ្រាប់១៩គ្រាប់ ។ តាមការសន្និដ្ឋាន អាវុធនេះមានត្រូវបានជនខិលខូចយកទៅទម្លាក់ចោលចូលទន្លេ ប្រ មាណ១ឆ្នាំមុន ព្រោះអាវុធនេះត្រូវបានច្រេសស៊ីពីខាងក្រៅខ្លះទៅហើយ ចំពោះអាវុធនេះលោកនឹងដុសលាង នឹងសុំថ្នាក់លើទុកប្រើប្រាស់នៅក្នុងអង្គភាពរបស់លោក ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបានបានអោយដឹងទៀតថា៖ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥គឺមុននេះមួយថ្ងៃ ក៏មានប្រជាពលរដ្ឋខ្មែរឥស្លាម បង់សំណាញ់បានអាវុធធុន អឹម16 មួយដើម និងមានបង់គ្រាប់១និងចំនួន២៧គ្រាប់ផងដែរនៅចំណុច ព្រែកស្ទឹងជ្រៅក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ ហើយក៏បានយកមកប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំងលោកទុកផងដែរ តែអាវុធអឹម១៦នោះ នៅមានគុណភាពប្រមាណតែ៤០%ប៉ុណ្ណោះ៕ រិទ្ធិ ជ័យ
http://ift.tt/1Ps340N