លោកឧកញ៉ា មុន្នី កំពុងយកយីហោក្រុមហ៊ុនទ្រីភាពធ្វើខែលឲ្យមេការឈ្មោះសាល កេណ្ឌមនុស្សកាប់ និងប្រមូលទិញឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចយ៉ាងអនាធិបតេយ្យ
ខេត្តមណ្ឌលគរី៖ លោកឧកញ៉ា មុន្នី កំពុងយកក្រុមហ៊ុនទ្រីភាពធ្វើខែល អោយមេការឈ្មោះសាល ប្រមូលទិញឈើខុសច្បាប់ក្រៅដែនដីសម្បទានរបស់ក្រុមហ៊ុនដាយណាម មានទីតាំងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច គ្មានការបង្ក្រាបពីមន្ត្រីជំនាញ ដែលគេសង្ស័យថា លោក សំរ៉ង ឌីវិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច និងលោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានសំណែនយ៉ាងក្រាស់ក្រែលហើយទើបនាំគ្នាសំងំស្ងៀមមិនបង្ក្រាប។
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរីបានរាយការណ៍មកថា ឈ្មួញឈើដុះស្លែឈ្មោះសាល កំពុងកាក់កបជាមួយ បទល្មើសព្រៃឈើដោយយកយីហោឈ្មោះក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ដើរកាប់ឈើពាសវាលពាសកាលពេញព្រៃនៅក្នុងទឹកដីស្រុកកែវសីមា ស្រុកអូររាំង និងមួយផ្នែកទៀតនៅក្នុងភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពដដែលបានបញ្ជាក់ថាឈ្មួញឈ្មោះ សាលដែលគេស្គាល់ថាជាមេការបស់ក្រុមហ៊ុនដាយណាម បានយកឈ្មោះក្រុមហ៊ុនទ្រីភាពទៅធ្វើជាខែលដើម្បីកាប់ឈើប្រណីត ខណៈដែលក្រុមហ៊ុនទ្រីភាពធ្លាប់បានប្រកាសច្រើនដងហើយថាក្រុមហ៊ុនខ្លួន មិនជាប់ពាក់ព័ន្ធនឹង ជំនួញឈើទៀតទេ។
ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរីបានបញ្ជាក់ទៀតថា សកម្មភាពកាប់ឈើបានប្រព្រឹត្តរាល់ថ្ងៃ ពីសំណាក់ឈ្មួញច្រើននាក់ តែអ្នកដែលមានឥទ្ធិពលវ៉ាងទីកាប់គគ្រឹកគគ្រេងជាងគេគឺឈ្មួញឈ្មោះ សាល ។ ប្រភពដដែលបានបញ្ជាក់ថាបទល្មើសព្រៃឈើពេញបន្ទុកបានកើតឡើងនៅចំណុចភូមិសាស្ត្រ ក្បាល អូរម៉ែធុ ក្រង់គុយ ក្រង់ត្រាច ពាមក្រាយ ពាមអូរតូ ភ្នំង៉ត ក្បាលអូរខ្ញែង អូរម៉ាញ និងតាប៉ោកជាដើម។
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរីបានបញ្ជាក់ថា សព្វថ្ងៃនេះមានរណារយន្តកំពុងកាត់ឈើប្រមាណជាង៤០០គ្រឿង ត្រូវឈ្មួញនាំចូលក្នុងព្រៃអារច្រៀកយ៉ាងអនាធិបតេយ្យលាន់យ៉ាងទ្រហឹកអឺកង ហើយឈើភាគច្រើនជាប្រភេទសុក្រំ ផ្ចឹក និង ធ្នង់ បេង នាងនួនជាដើម។ ប៉ុន្តែទោះជាសកម្មភាពលួចកាប់បំផ្លាញព្រៃឈើធ្វើឡើងរង្គើព្រៃនិងសម្លេងរណាយន្តរោទ៍លាន់ឮយ៉ាងណាក៏ដោយក៏មិនបានរំខានដល់អស់លោកដែលមានភារកិច្ចបង្ក្រាប់នោះដែរ ។ ឦសាន២
http://ift.tt/1OR5mnF