អាជីវករផ្សារលើនាំគ្នាចាប់បុរសម្នាក់ចាយលុយដុល្លាខ្មោចប្រគល់ឲ្យនគរបាលក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ អាជីវករលក់ដូរក្នុងផ្សារលើ បានព្រួតគ្នាចាប់ខ្លួនជនសង្ស័យម្នាក់ ប្រគល់អោយ នគរបាលក្រុងកំពង់ឆ្នាំង នៅពេលជនសង្ស័យរូបនោះ បានយកក្រដាស់ប្រាក់១០០ដុល្លាក្លែងក្លាយ សម្រាប់សែនអោយខ្មោច យកទៅទិញខោអាវក្នុងផ្សារលើ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ។
នគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ បុរសសង្ស័យរូបនោះមានឈ្មោះ ជា រតនៈ អាយុ ៤៨ឆ្នាំ មានទីលំនៅ ស្រុកមង្គលបូរី ខេត្តតាកែវ។ គេបានឆ្លើយត្រឡប់ត្រឡិនម្តងថា៖ គេបានធ្វើដំណើរមកពីខេត្តបាត់ដំបង បំណងទៅស្រុកនៅខេត្តតាកែវ ។ ម្តងថា ទើបចេញពីមន្ទីរពេទ្យខេត្តហើយទៅទិញខោអាវស្លៀក ត្រូវគេចាប់ខ្លួន ។ នៅក្នុងករណីនេះសមត្ថកិច្ចបានត្រួតពិនិត្យឃើញលុយដុលា្លក្លែងក្លាយសម្រាប់ដុតសែនខ្មោច ចំនួន១៤៦០ ដុល្លា និងលុយខ្មែរ ចំនួន៣៥០០រៀល ។ ក្រៅពីនោះឃើញមានសំបុត្រវិជ្ជបញ្ជារទិញថ្នាំរបស់គ្រូពេទ្យខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ ពេលសាកសួរចម្លើយមិនបានលទ្ធផលនោះទេ ព្រោះម្តងថាធ្វើអង្គរក្ស ម្តងថាធ្វើទាហានម្តងថាដេកពេទ្យ ចំណែកក្នុងកាបូបស្ពាយរបស់គេមាន ភួយដណ្តប់ មានថ្នាំដុះធ្មេញ មានសាប៊ូ ខោអាវ និងគួបផ្សំមានសំបុត្របញ្ជាក់គ្រូពេទ្យផងនោះ សមត្ថកិច្ចនគរបាលបានឆ្លងយោបល់ថ្នាក់លើ ក៏ដូចជាព្រះរាជអាជ្ញា ទើបសន្និដ្ឋានថា៖ ជាមនុស្សមានស្មារតីមិនល្អហើយបានសម្រេចធ្វើការអប់រំណែនាំ អោយត្រឡប់ទៅវិញ ដោយបានដកហូតប្រាក់ដុល្លាសម្រាប់សែនខ្មោចទុក កុំអោយយកទៅចាយបន្តទៀត។
ទន្ទឹមនេះផងដែរសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសុំអំពាវនាវ តាមការផ្សាយរបស់សារព័ត៌មាន បើក្រុមគ្រួសារ បានឃើញដូចមានភិនភាគនេះ សូមប្រញាប់មកទទួលយកទៅស្រុកកំណើតផង ព្រោះ បុរសនេះមានសតិមិនល្អទេ កុំពុងតែងតោលមិនដឹងថាហូបបាយទឹកនៅឯណាទេ៕ រិទ្ធិ ជ័យ
http://ift.tt/1RNigZT