ស្រែប្រាំងប្រមាណ២ពាន់ហិកតានៅក្នុងឃុំកោះថ្កូវ មានទឹកគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល
ខេត្តកំពង់ឆ្នាំង៖ លោកមេឃុំកៅថ្កូវ ស្រុកជលគីរីបានអោយដឹងថា៖ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ដែលខ្វះខាតទឹកធ្វើស្រែរហូតដល់២.៥០០ហិកតានោះ ត្រូវបានមន្ទីរ និងក្រសួងធនធានទឹក ជួយបូមទឹកដាក់បំពេញអាង សំរាប់ធ្វើស្រែប្រាំងបានប្រមាណ២ពាន់ហិកតាហើយ។
លោក ចិន ផាន់ណា មេឃុំកោះថ្កូវបានអោយដឹងនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះថា៖ រហូតមកដល់ពេលនេះ ការធ្វើស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកោះថ្កូវ សរុបទធ្វើបានចំនួន២ពាន់ហិកតាហើយ នៅសល់ដីទំនេរប្រមាណតែ៥០០ហិកតាប៉ុណ្ណោះដែលប្រជាកសិករមិនហ៊ានធ្វើ ព្រោះខ្លាចការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់នៅចុងរដូវ។
លោកបានបញ្ជាក់ថា៖ ឃុំកោះថ្កូវគឺជាឃុំមួយដែលមានផ្ទៃដីធ្វើស្រែប្រាំងធំជាងគេក្នុងចំណោមឃុំ សង្កាត់ទាំង៦៩ នៃខេត្តកំពង់ឆ្នាំង កន្លងមកដោយសារមានការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្ត និងមន្ទីរក្រសួងធនធានទឹក ផ្ទៃដីស្រែប្រាំងប្រមាណ២ពាន់ហិកតា ត្រូវបានប្រជាកសិករបង្ករបង្កើនផល និងកំពុងដុះលូតលាស់បានល្អជាងឆ្នាំកន្លងទៅ។
ក្នុងរយៈពេលពី២ទៅ៣ថ្ងៃ នៅក្នុងឃុំកោះថ្កូវបានទទួលប្រេងម៉ាស៊ូតពីមន្ទីរធនធានទឹកប្រមាណពី៣ទៅ៤ពាន់លីត្រ ចំណែកប្រជាកសិករវិញក៍បានសហការគ្នាជួយចេញប្រេងក្នុង១ហិកតា៣០លីត្របន្ថែមទៀត ក្នុងការបូមទឹកបញ្ចូលអាងជារៀងរាល់ថ្ងៃ ព្រោះថាការបូមទឹកពីទន្លេមកស្រោចស្រពលើដំណាំស្រូវប្រាំងនេះ គឺត្រូវធ្វើរហូតដល់បងប្អូនប្រជាកសិករប្រមូលផលរួច។ កន្លងមកមន្ទីរធនធានទឹកបានជំនួយម៉ាស៊ីនបូមទឹកធុនធំចំនួន១១គ្រឿង ហើយបាន និងកំពុងជួយបូមទឹកជារៀងរាល់ថ្ងៃយប់ លើសពីនេះមន្ទីរបានជួយស្តារប្រឡាយខ្វាត់ខ្វែងជូនពលរដ្ឋផងដែរ។ ប្រជាកសិករនៅក្នុងឃុំកោះថ្កូវ នៅតែសំណូមពរដល់មន្ទីរ និងក្រសួងធនធានទឹកមេត្តាជួយបូមទឹកជូនពួកគាត់រហូតដល់ស្រូវទុំ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកបានអោយដឹងថា៖ ក្រោយពីដឹងថាប្រជាកសិករនៅក្នុងឃុំកោះថ្កូវខ្វះខាតទឹកធ្វើស្រែប្រាំង ក្រសួងធនធានទឹកបានអោយមន្ទីរដាក់ម៉ាស៊ីនបូមទឹកចុះជួយពលរដ្ឋភ្លាមៗដែរផងដែរគឺបានដំណើរការរហូតមកដល់ថ្ងៃនេះ។ចំណែកប្រឡាយទឹកវិញ គឺមន្ទីរបានជួយស្តារប្រឡាយសង្គ្រោះបន្ទាន់ដែលមានប្រវែងប្រមាណ១៦គីឡូម៉ែត្រ និងបានជួយចាក់ដីបំពេញបន្ថែមលើផ្លូវខ្នងទំនប់ធំ ងាយស្រួលកសិករដឹកជញ្ជូនកសិកផលរបស់គាត់ទៀតផង។
លោក នូ សៀង អាយុ៥២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជលគីរីបាន និយាយអោយដឹងក្នុងក្តីសប្បាយរីករាយថា៖ មកដល់ពេលនេះគាត់និងប្រជាជននៅក្នុងឃុំកោះថ្កូវ គ្មានក្តីបារម្មណ៍ពីបញ្ហាទឹកធ្វើស្រែដូចមុនទៀតហើយ ព្រោះមានការជួយអន្តរាគមន៍បូមទឹក ទាន់ពេល វេលាពីថ្នាក់ដឹកនាំក្រសួងនិងខេត្ត ក្រោមការដឹកនាំដ៏ប្រពៃរបស់សម្តេចតេជោហ៊ុនសែន៕ រិទ្ធិ ជ័យ
http://ift.tt/1TeYLXE