សមត្ថកិច្ចនគរបាលខេត្តអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅថ្ងៃទី១ចាប់យានយន្តគ្មានឯកសារ៦០គ្រឿងផាក ពិន័យ៨៦គ្រឿង និងអប់រំចំនួន៤៤៩គ្រឿង
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលចរាចរណ៍នៅក្នុងខេត្ត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃចាប់ផ្តើម អនុវត្តច្បាប់ចរាចរណ៍ថ្មី គិតត្រឹមម៉ោង១រសៀលនៅទូទាំងខេត្តបានចាប់ផាកពិន័យ និងឃាត់យានយន្ត គ្មានឯកសារ គ្មានស្លាកលេខ គ្មានប័ណ្ណសម្គាល់យាន និងធ្វើការអប់រំបានរាប់រយគ្រឿង។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងបានអោយដឹងថា៖ ក្នុងថ្ងៃចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ នៅក្នុងទូទាំងខេត្តបានរៀបចំដាក់ចំណុចត្រួតពិនិត្យចំនួន១១គោលដៅ ក្នុងនោះក្រុងកំពង់ឆ្នាំងមាន៤គោលដៅ និងនៅក្នុងស្រុកចំនួន៧ទៀតបានដាក់កន្លែងត្រួតពិនិត្យចំនួន៧គោលដៅដោយបានប្រើប្រាស់កម្លាំងសរុបចំនួន៨៦នាក់ក្នុងនោះ មានកម្លាំងនគរបាលចរាចរណ៍ចំនួន៨១នាក់ និងកម្លាំងកងរាជអាវុធហត្ថសហការចំនួន៥នាក់ ។
ចំណែកលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍ គិតត្រឹមម៉ោង ១រសៀលនៅក្នុងទូទាំងខេត្តបានត្រួតពិនិត្យ រថយន្ត និងម៉ូតូគ្រប់ប្រភេទឆ្លងកាត់ចំនួន១.៣១៧គ្រឿង ដោយបានធ្វើការអប់រំចំនួន៤៤៩គ្រឿង ផាក ពិន័យអ្នកបើកបរមិនគោរពច្បប់ចរាចរណ៍ចំនួន៨៦គ្រឿង ចាប់ឃាត់យានយន្ត គ្មានឯកសារ គ្មានប័ណ្ណសម្គាល់យាន និងគ្មានស្លាកលេខបានចំនួន៦០គ្រឿង ក្នុងនោះម៉ូតូចំនួន៥៩គ្រឿង និងយានយន្តកែឆ្នៃ១គ្រឿងផងដែរ។
លោក ឈឹម សារុន បានបញ្ជាក់អោយដឹងទៀតថា៖ តាមបញ្ញត្តិច្បាប់ អ្នកប្រើប្រាស់យានយន្តគ្មានឯក សារត្រឹមត្រូវ( គ្មានស្លាកលេខ )បែបនេះ ត្រូវមានទោសជាប់ពន្ធនាគារ តែតាមផែនការថ្នាក់ខេត្តជាមំបូងនេះសមត្ថកិច្ចបានត្រឹមតែឃាត់យានយន្តទាំងនោះ យកមករក្សាទុកជាបណ្តោះអាសន្ននៅក្នុងស្នងការនគរបាលខេត្តសិនប៉ុណ្ណោះ។ តាមគោលការណ៍ថ្នាក់ខេត្ត គឺត្រូវអោយម្ចាស់យានយន្តទាំងអស់នោះ ទៅធ្វើឯកសារលើយានយន្តរបស់ខ្លួនអោយបានត្រឹមត្រូវ ទើបសម្រេចពិន័យអោយយកយានយន្តទាំងនោះត្រឡប់ទៅលំនៅដ្ឋានវិញ។
សមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍បានអោយដឹងថា នៅក្នុងពេលប្រតិ បត្តិការត្រួតពិនិត្យសមត្ថកិច្ចនគរបាលបានសង្កេតឃើញនៅតែមានអ្នកមិនព្រមគោរពច្បាប់ចរាចរណ៍ ដោយនៅពេលឃើញសមត្ថកិច្ចនគរបាលស្ទាក់ហៅអោយឈប់ដើម្បីត្រួតពិនិត្យ អ្នកជិះម៉ូតូមួយចំនួន បានគេចត្រឡប់ទៅក្រោយវិញ។ ដោយឡែកការគេចវេះមិនអោយសមត្ថកិច្ចត្រួតពិនិត្យបែបនេះ នៅក្នុង ច្បាប់ចរាចរណ៍ មាត្រា៧៦ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ១ខែ និងត្រូវពិន័យប្រាក់ពី១០ម៉ឺន រៀលទៅ៨០ម៉ឺនរៀលទៀតផង ៕ រិទ្ធិ ជ័យ
http://ift.tt/1mnSEX3