បុរសម្នាក់ជិះម៉ូតូបោះពួយចេញពីចិញ្ចើមផ្លូវត្រូវរថយន្តបុកស្លាប់
ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ជិះម៉ូតូកែឆ្នៃស្ទុះចេញពីចិញ្ចើមផ្លូវកាត់ពីមុខរថយន្តសាំយ៉ុង១គ្រឿងកំពុងរត់ជក់ខ្យល់នៅលើជាតិលេខ៧៨ បានបុកចំយ៉ាងពេញទំហឹង បណ្តាលឲ្យទាំងមនុស្សទាំងម៉ូតូប៉ើងខ្ទាតផ្លោងចេញពីផ្លូវស្លាប់កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ចំណុចគីឡូម៉ែតលេខ៦៣ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
អ្នកឃើញហេតុការណ៍បាននិយាយឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តប្រភេទសាំយ៉ុងពណ៌សមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង លើកំណាត់ផ្លូវជាតិលេខ៧៨ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូកែច្នៃមួយគ្រឿង បើកបោះពួយចេញពីចិញ្ចើមផ្លូវកាត់មុខរថយន្តបណ្តាលឲ្យបុកគ្នាពេញចំយ៉ាងទំហឹង។
នគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកកែវសីមាបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ជាអ្នកបើកបរម៉ូតូមានឈ្មោះ ជ័យ នៅ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ។ ចំណែកភាគីរថយន្តសាំយ៉ុងពាក់ស្លាកលេខ 2AH3634 បើកបរដោយឈ្មោះ យឹង សុផានិត ភេទប្រុស អាយុ២៧ឆ្នាំ កាន់ប័ណ្ណបើកបរលេខ B.KCH0008501 មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា៕ ឦសានថ្មី
http://ift.tt/1ZEJdAh