រំលោភក្មួយស្រី១៣ឆ្នាំ រួចគេចខ្លួនទៅនៅខេត្តកំពង់ធំបាន២ឆ្នាំ ត្រូវនគរបាលខេត្តកំពង់ឆ្នាំងតាម ចាប់ញាត់ពន្ធនាគារខេត្ត
ខេត្តកំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់ ចាប់រំលោភក្មួយស្រីសាច់ថ្លៃអាយុ១៣ឆ្នាំ ក្នុងអំឡុងខែមករា ឆ្នាំ២០១៣ នៅភូមិក្រចាប់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយរត់គេចខ្លួនអស់រយៈពេល២ឆ្នាំ អំពើបាបនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង តាមស៊ើបចាប់ខ្លួនដល់ស្រុកស្ទោងខេត្តកំពង់ធំយកមកញាត់គុកខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ត្រី ស្រី សុដា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា៖ ជនល្មើសរូបនោះមានឈ្មោះ គ្រៀល គ្រី អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយបានគេចខ្លួនទៅសម្ងំស្នាក់នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ ។
លោកបានបន្តថា៖ កាលពីខែមករា ឆ្នាំ២០១៣ បុរសរូបនោះបានចាប់រំលោភ ក្មួយស្រីសាច់ថ្លៃខាងប្រពន្ធរបស់ខ្លួនមានអាយុ១៣ឆ្នាំ ពេលដែលក្មួយស្រីបានមករស់នៅជាមួយខ្លួន។ ក្រោយមករឿងនេះ បានបែកការដល់ប្រពន្ធដែលត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះ ហើយក៏ដាក់ពាក្យប្តឹង ដល់សមត្ថកិច្ច និងបានចាត់ការជាបន្តបន្ទាប់ដល់តុលាការខេត្ត ប៉ុន្តែបុរសរូបនោះបានរត់គេចខ្លួនចោលប្រពន្ធ និងកូន ទៅមានប្រពន្ធថ្មីទៀត និងរស់នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ ។
សំណុំរឿងចាប់រំលោភក្មួយស្រី នៅក្នុងដៃតុលាការខេត្ត ហើយបានចេញដីការបង្គាប់អោយចាប់ ខ្លួនជនល្មើសនៅឆ្នាំ២០១៤ ប៉ុន្តែពេលនោះមិនបានដឹងថាជនល្មើសគេចទៅលាក់ខ្លួននៅកន្លែងណា នោះទេ ទើបតែថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះបានដឹងថាបុរសខាងលើបានទៅលាក់ខ្លួននៅស្រុក ក្នុងស្ទោង ខេត្តកំពង់ធំ។ ទើបត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ តាមចាប់ខ្លួនបាននៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ហើយបានបញ្ជូនមកដល់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ និងបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត សម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្តនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះតែម្តង គឺអំពើដែលគេធ្វើអ្វី និងប្រាកដជាទទួលផលនោះគ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ៕ រិទ្ធិ ជ័យ
http://ift.tt/1OK4n9d