ព្រឹកថ្ងៃចូលរោងការ កូនក្រមុំរត់បាត់ពីផ្ទះ ធ្វើឲ្យម៉ែឪ តាអាចារ្យ ភ្នួង អ្នកភ្លេង ចុងភៅ ឆោឡោទាំងអុល
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃចូលរោងការ នៃគូអាពាហ៍ពិពាហ៍មួយដែលគ្រោងនឹងត្រូវប្រគុំភ្លេងការរំពងសម្លេងប្រាប់ញាតិក្នុងភូមិប្រែជាស្ងប់ស្ងាត់ទៅវិញ ជំនួសមកវិញនូវភាពជ្រួលច្របល់ដល់សាច់ញាតិទាំងសងខាងនិយាយលែងចេញខ្សឹបខ្សៀវគ្នា ព្រោះតែសាមីខ្លួនកូនក្រមុំបានគេចខ្លួនបាត់ពីផ្ទះទាំងព្រឹកអុលនៅថ្ងៃចូលរោងការ។ ភាពភ្ញាក់ផ្អើលនេះបានកើតឡើងម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិតានាមពេជ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ស្ត្រីជាម្តាយកូនក្រមុំឈ្មោះ ផាន់ សិរី អាយុ៣៩ឆ្នាំ បានរៀបរាប់អោយភ្នាក់យើងឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមករានេះថា៖ កូនស្រីរបស់គាត់ ជាកូនក្រមុំដែលត្រូវចូលរោងការមានឈ្មោះ សុខ សិរីវឌ្ឍន៍ អាយុ២១ឆ្នាំ ជាកម្មការនី បម្រើការងារនៅរោងចក្រអឹមវ៉េខេត្តកំពង់ឆ្នាំង។ ចំណែកកូនកម្លោះ ដែលត្រូវចូលរោងការមានឈ្មោះ ស៊ិន ស៊ីវង៉ុក អាយុ២២ឆ្នាំ រស់នៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
អ្វីដែលធ្វើអោយគាត់ជាម្តាយខ្មាស់គេ និងហួសចិត្តស្មានមិនដល់នោះ គឺនៅពេលជិតភ្លឺទៅហើយនាព្រឹកថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃចូលរោងការដែលគាត់ដេកមិនលក់ញញឹមមួយយប់ទៅហើយ បែរជាកូនស្រីគាត់ជា រត់បាត់ពីផ្ទះ ធ្វើអោយញាតិមិត្ត ជិតឆ្ងាយ ភ្ញាក់ផ្អើលនាំគ្នាចាត់មនុស្សដើររកកូនក្រមុំគ្រប់ទិសទី តែរកមិនឃើញ ទូរស័ព្ទក៏មិនចូល ហើយក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋានសម្រាប់ជាការដឹងឮ ហើយកូនក្រមុំដែលបាត់ទៅនេះ ជាប់ជាមួយខ្លួនមានគ្រឿងអលង្គការ ខ្សែដៃ ខ្សែក ចិញ្ចៀន មាស និងប្លាទីនប្រមាណជាង១តម្លឹង។
ស្ត្រីជាម្តាយបានអោយដឹងទៀតថា៖ គាត់មិនដឹងថាកូនក្រមុំគាត់ទៅជាមួយអ្នកណានោះទេ ប៉ុន្តែគាត់បានបង្ហើបថា ការបាត់កូនស្រីរបស់គាត់ គឺស្របពេលដែលបុរសម្នាក់ដែលជាអ្នកធ្វើការនៅរោងចក្រអឹមវ៉េជាមួយគ្នាក៏បានបាត់ខ្លួនផងដែរ និងទូរស័ព្ទក៏មិនចូលដែរ។ គាត់មិននឹងស្មានថាកូនស្រីរបស់គាត់ធ្វើបែបនេះទេ ព្រោះការភ្ជា ប់ពាក្យ ពិធីមង្គលការពេលនេះ គឺបានកើតឡើងដោយសារតែមានការយល់ព្រមរវាងកូនស្រីរបស់គាត់ និងកូនកម្លោះនោះផងដែរ តែឥឡូវកូនមាសម្តាយធ្វើឲ្យម៉ែស្ទើកកឈាម។
ក្រោយពីស៊ីស្លាភ្ជាប់ពាក្យជិត១ឆ្នាំនេះ កូនកម្លោះពេលទៅធ្វើការ គឺជិះម៉ូតូឌុបគូដណ្តឹងទៅជាមួយគ្នា មិនដែលមានរឿងអ្វីឡើយ និងនៅមុនពេលរៀបមង្គលការ គឺកូនស្រីគាត់មិនបាននិយាយអ្វីនោះទេ ហើយថែមទាំងកាម៉ង់របស់ល្អៗសម្រាប់ពិធីរៀបការនេះទៀតផង។ គាត់បានគ្រោងហៅភ្ញៀវ ប្រមាណជាង៤០០នាក់សម្រាប់ចូលរួមជាកិត្តិយសក្នុងអាពាហ៍ពិពាហ៍នេះ និងអ្វីៗបានរៀបចំទុកជាស្រេចអស់រួចហើយ ទាំងភ្លេងប្រពៃណី តន្ត្រីសម័យ ចុងភៅ ភេសជ្ជៈ ភ្នួង អ្នកកំដរ ដែលគ្រោងចំណាយអស់ជាង៤០០០ដុល្លា។
ប្រភព័ត៌មានមួយពីនគរបាលមូលដ្ឋានអោយដឹងថា នៅល្ងាចថ្ងៃទី២៥ ខែមករានេះនាងជាកូនក្រមុំ បាត់ខ្លួន បានវិលត្រឡប់មកផ្ទះវិញហើយ។ ជុំវិញរឿងខាងលើនេះប្រែប្រួលយ៉ាងណានោះ យើងនិងបំភ្លឺនៅពេល ទទួលបានព័ត៌មានថ្មីបន្តទៀត។ ចំពោះកូនកម្លោះយើងមិនអាចសុំការបំភ្លឺបានឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/1S803XG