មន្ត្រីកាំកុងត្រូលខេត្តមណ្ឌលគិរីចុះត្រួតពិនិត្យគុណភាពទំនិញ និងម្ហូបអាហារនៅផ្សារកែវសីមា
ខេត្តមណ្ឌលគិរី៖ អនុវត្តទៅតាមតួនាទី-ភារកិច្ចស្របតាមអាណត្តិទទួលខុសត្រូវផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធលើកិច្ចការ ការពារ អ្នកប្រើប្រាស់ទាំងសុវត្ថិភាព សុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងដើម្បីរក្សាការធ្វើពាណិជ្ជកម្មប្រ កបដោយសមធម៌ក្នុងធុរៈកិច្ចប្រកួតប្រជែងស្មោះត្រង់ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី នឹងអាជ្ញាធរខេត្ត ស្រុក បានចុះអង្កេតពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅផ្សារកែវសីមា កាលពីថ្ងៃទី ២២ មករា ២០១៦ ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ចំណុចសំខាន់នៃការចុះត្រួតពិនិត្យនោះត្រូវបានកំណត់អាទិភាពទៅលើផលិតផលម្ហូបអាហារជាគ្រឿងឧបភោគបរិភោគ ទប់ស្កាត់ទំនិញក្លែងបន្លំ និងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងផលិតផលម្ហូបអាហារចំអិន ឬមិនទាន់កែច្នៃ ។ ក្នុងការចុះត្រួតពិនិត្យមន្ត្រីកាំកុងត្រូលបានធ្វើតេស្តជាបឋមទៅលើទំនិញបង្គារស្រស់ ដើម្បីស្វែងរកសារធាតគីមី Formalin និងធ្វើតេស្តរកសារធាតុ Borax លើមុខទំនិញ សាច់ក្រក ត្រីងៀត សរសៃគុយទាវ សាច់ប៉ាតេ នំបញ្ចុក ជាលទ្ធផលពុំមានសារធាតុBorax នៅក្នុងផលិតផលទាំងនោះមានសារធាតុហាមឃាត់ឡើយ ។
មន្ត្រីកាំកុងត្រូល បានធ្វើការអប់រំ និងណែនាំដល់អាជីវករពីវិធីទុកដាក់ថែរក្សាទំនិញឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ត្រូវកត់សម្គាល់អំពីលក្ខណៈបច្ចេកទេសនៃទំនិញដែលបញ្ជាក់អំពីកាលបរិច្ឆេទប្រើប្រាស់សំបកវេចខ្ចប់ប្រភពទំនិញ គឺជាបញ្ហាសំខាន់ដែលអាជីវករអ្នកប្រើប្រាស់គ្រប់រូបត្រូវតែយល់ដឹងឲ្យបានច្បាស់ និងយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់អំពីសុវត្ថិភាពម្ហូបអាហារមុននឹងសម្រេចទិញយកមកប្រើ ឬបរិភោគ ជាពិសេសដើម្បីចូលរួមទប់ស្កាត់ការក្លែងបន្លំទៅលើស្លាកសញ្ញា និងការប្រើប្រាស់សារធាតុហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារ។
លោកប្រធានសាខាបានបញ្ជាក់ថា ទោះបីការចុះត្រួតពិនិត្យនេះ ពុំជួបប្រទះនូវទំនិញដែលច្បាប់ហាមឃាត់នោះក្តី ប៉ុន្តែមន្ត្រីកាំកុងត្រូលបានរកឃើញ ភេសជ្ជះចំរុះដែលហួសកាលបរិច្ឆេប្រើប្រាស់ចំនួន២០៥គីឡូក្រាមព្រមទាំង ទឹកក្រូចម៉ាក BIGចំណុះ៣លីត្រចំនួន៦ដប មីកំប៉ុងម៉ាក MODERNចំនួន១៣កំប៉ុង បានដកហូតយកទៅធ្វើការដុតកំទេចចោល។លោកបន្តថា សកម្មភាពចុះត្រួតពិនិត្យនេះនឹងធ្វើជាប្រចាំនៅតាមបណ្តាទីផ្សារទីរួមស្រុក នានាក្នុងខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ចរាចរណ៍ទំនិញខូចគុណភាពជាយថាហេតុ និងផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារជាប្រចាំដល់ប្រជាពលរដ្ឋ អាជីវករ ឲ្យចេះសម្រេចទិញម្ហូបអាហារយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងជៀសវាងការជ្រើសរើសផលិតផល ម្ហូបអាហារដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានអនាម័យ ហើយការដាក់លក់ទំនិញម្ហូបអាហារត្រូវនៅឲ្យឆ្ងាយពីទំនិញមិនមែនម្ហូបអាហារ ដូចជាថ្នាំមូស សាប៊ូ និងថ្នាំសម្លាប់សត្វល្អិតជាដើម ៕ ឦសាន២
http://ift.tt/1JxRjXS