លក់សាំងពេលយប់ អុចទៀនបំភ្លឺ វាល់ចាក់សាំងចាក់ឲ្យគេត្រូវបានភ្លើងឆាបឆេះពន្លត់មិនទាន់ រាលឆេះផ្ទះម៉ត់គ្មានសល់
ខេត្តមណ្ឌលគិរី៖ លោក ឈិនឆៃ បឿន អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ហ៊ុំ អាយុ៣៥ ជាជនជាតិព្នង ដែលផ្ទះរបស់គាត់ ត្រូវបានភ្លើងឆេះ អស់គ្មានសល់ កាលពីល្ងាចថ្ងៃទី១១ ខែមករា ត្រង់ចំណុចភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី បានទទួលអំណោយសប្បុរសធម៍ពី កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ១២ ខែមករានេះហើយ។
ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ បានអោយដឹងថា ផ្ទះគាត់មានទំហំ ៧ គុណ ៨ ម៉ែត្រ គាត់ប្រកបរបរលក់ដូរចាបហួយ និងលក់សាំង ជារបរបន្ទាប់បន្សំ គ្រាន់ចិញ្ចឹមគ្រួសារ តែដោយសារការធ្វេសប្រហែស នៅពេលលក់សាំង ពេលយប់ បានអុចទៀនបំភ្លឺ វាល់ចាក់សាំងអោយគេ ក៏ត្រូវបានភ្លើងឆាបឆេះ ពន្លត់មិនទាន់ ឆេះគ្មានសល់តែម្តង។ ពួកគាត់ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់ កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានចុះជួយទាន់ពេលវេលា ដើម្បីយកនូវគ្រឿងឧបភោគបរិភោគ មួយចំនួនដើម្បីជួយដោះទុក្ខដល់គ្រួសារបស់គាត់។
នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោក ឡុង វិបុល បានអោយដឹងថា អំណោយដែលនាំយកទៅជូននៅពេលនោះរួមមាន អង្ករ៥០ គីឡូក្រាម សារុង ២ ក្រមា២ កន្ទេល២ មុង២ ភួយ២ តង់២ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិការ ២០ ម៉ឺនរៀលផងដែរ។ យ៉ាងណាក៏ដោយ លោក ឡុង វិបុល បានបញ្ជាក់ថា ជំនួយទាំនេះមិនគ្រប់គ្រាន់ទេ តែអាចជួយដោះទុក្ខមួយគ្រាដែរ។ ដូចច្នេះគ្រួសាររងគ្រោះនៅតែត្រូវការជំនួយសប្បុរសជន ជាបន្តបន្ទាប់៕ ឦសាន២
http://ift.tt/1RFNjat