មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បើកឲ្យពលរដ្ឋឡើងកាប់ឈើនៅលើភ្នំ ដោយបង្គាប់ឲ្យបង់លុយរណាយន្ត១គ្រឿង២០ម៉ឺនរៀល និងប្រេងសាំង១កាន២០ម៉ឺនរៀល ដឹកឈើចេញ១រទេះ ឬ១គោយន្ត១០ម៉ឺន
ខេត្តកំពង់ឆ្នាំង៖ ឈើសុក្រំ និងឈើរាជថ្កុលចំនួន៨៨ដុំ ដែលជនល្មើសបានកាប់ចេញពីដែនអភិរក្សជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកមកលាក់ទុកក្នុងភូមិដែលមានស្នាមកាប់ជ្រៀកថ្មីៗ ដើម្បីរងចាំឈ្មួញមកប្រមូលទិញជាប្រចាំនោះ ត្រូវបានក្រុមអ្នកសារព័ត៌មានប្រទះឃើញហើយរាយការណ៍ជូន លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយលោកបានបញ្ជាអោយកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងដកហូតឈើទាំងអស់នោះទាំងទើសទាល់យកទៅទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ។ ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិម៉ាក់ ភូមិមោង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីអ្នកភូមិជាអ្នកស៊ីឈ្នួលដឹកឈើ និងអ្នកឡើងទៅកាប់ឈើនៅលើភ្នំបានបង្ហើបអោយដឹងថា៖ បើពួកគេចង់ឡើង ទៅកាប់ឈើនៅលើភ្នំស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គេត្រូវបង់លុយអោយមន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុចនោះ ក្នុងរណាយន្តត្រង់ស៊ីន័រ១គ្រឿងត្រូវបង់២០ម៉ឺនរៀល និងប្រេងសាំងក្នុង១កាន៣០លីត្រត្រូវបង់២០ម៉ឺនរៀល តែបើអស់ប្រេង ចុះមកយក១កានទៀតត្រូវបង់២០ម៉ឺនរៀលបន្ថែមទៀត។ ដោយឡែកនៅពេលដឹកឈើចេញពីដែនជម្រកសត្វព្រៃត្រូវបង់១រទេះ ឬ១គោយន្ត១០ម៉ឺន អោយមន្ត្រីបរិស្ថាន និង៨ម៉ឺនរៀលអោយទៅមន្ត្រីរដ្ឋបាលព្រៃឈើ ទើបពួកគាត់ដឹកឈើយកមកលក់ សិប្បកម្ម ឬឈ្មួញបាន។ ពួកគេបានអោយដឹងទៀតថា ក្រោយពេលកាប់បានឈើហើយ ពួកគេបានអូសឈើទាំងនោះមកដាក់នៅ ចំណុចចិនយំ ឬចំណុចរង្វង់មូលនៅលើភ្នំឱរ៉ាល់ ទើបហៅរទេះដឹកឈើចុះមកទុកក្នុងភូមិ។
លោក បឿ ប៊ុនថន នាយកការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបញ្ជាក់ថា៖ ទាក់ទងការចោទប្រកាន់របស់ អ្នកឡើងទៅកាប់ឈើនេះ និងអ្នកភូមិ លោកមិនបានដឹងនោះឡើយ តែលោកនឹងធ្វើការស្រាវជ្រាវទៅលើមន្ត្រីជាកូនចៅរបស់លោក ថាតើបានប្រព្រឹត្តដូចអ្វីដែលគេបានចោទប្រកាន់ឬអត់។ ដោយឡែកការជ្រៀតចូលលួចលាក់ឡើងទៅកាប់ឈើនៅលើភ្នំវិញលោកបានអោយដឹងដែរថា វាអាចជាការចន្លោះប្រហោងរបស់មន្ត្រីថ្នាក់ក្រោមរបស់លោក ព្រោះថាក្នុងដែនជម្រកសត្វព្រៃជិត៤ម៉ឺនហិកតា លោកមានមន្ត្រីការពារដែនជម្រកសត្វព្រៃតែ១៥នាក់ប៉ុណ្ណោះ។ ពេលខ្លះកិច្ចការពារពិតជាមានចន្លោះប្រហោង គឺការពារខាងមុខលួចចូលខាងក្រោយ ការពារខាងក្រោយលួចចូលខាងមុខ ព្រោះតែផ្លូវឡើងទៅលើភ្នំឱរ៉ាល់ដែនជម្រកសត្វព្រៃ មានច្រកឡើងច្រើន។ ចំណែកឈើដែលរឹបអូសបានចំនួន៨៨ដុំនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់តុលាការខេត្តកំពង់ឆ្នាំង៕ រិទ្ធិ ជ័យ
http://ift.tt/1LLmVEW