បន្ទាប់ពីចាប់រថយន្តដឹកឈើល្មើសច្បាប់ពីរគ្រឿងនៅស្រុកកែវសីមាពលរដ្ឋទម្លាយឈ្មោះរឿងមន្ត្រីកងរាជអាវុធហត្ថស្រុកកែវស៉មា និងខេត្តពាក់ព័ន្ធការជូញដូរឈើនិងរាប់ក្បាលឡានឈើយកលុយ
ខេត្តមណ្ឌលគិរី៖ បើទោះជាគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាននោះកំពុងតែបន្តបង្ក្រាបបទល្មើសព្រៃឈើនៅបណ្តាខេត្តក្នុងភូមិភាគឦសានជាប់ជាមួយព្រំដែនវៀតណាមនោះ ហើយមកទល់ពេលនេះបទល្មើសព្រៃឈើនៅតែកើតមានដដែលដោយពួកឈ្មួញមិនក្រែងញញើតអ្វីឡើយ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តសហការណ៍ជាមួយកម្លាំងកងរាជអាវុធស្រុកអូររាំង និងស្រុកកែវសីមា បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការបង្ក្រាបរថយន្តទី១ ចាប់បាននៅវេលាម៉ោង៩ និង០០នាទី យប់ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុក កែវសីម៉ា ខេត្តមណ្ឌលគិរី រថយន្តនោះម៉ាក Toyota 4renner ពណ៌ស្ករ ស្លាកលេខ 2F-1828 ដឹកឈើខុសច្បាប់ប្រភេទធ្នង់ ចំនួន១០ដុំ និងបានឃាត់ខ្លួនអ្នកបើកបរ ១នាក់ ឈ្មោះ ញឹម រឿង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិឃុំខាងលើ ។ រថយន្តទី២ ចាប់បាននៅវេលាម៉ោង៦ និង៣០នាទីព្រឹក ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី រថយន្តម៉ាក Camary ឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2 J-3487 ដឹកឈើខុសប្រភេទធ្នង់ចំនួន៦ដុំ រថយន្ត និងឈើទាំងអស់រួមទាំងបើកបរ នឹងត្រូវ ប្រគល់ឲ្យខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្នាក់ការអភិរក្សជីវៈចម្រុះស្រុកកែសីមា នៅរសៀលថ្ងៃទី២៤។
ទាក់ទិនករណីបង្ក្រាបខាងលើនេះប្រភពប្រជាពលរដ្ឋដែលបានតាមដានសកម្មភាពចាប់បង្ក្រាបបទល្មើសព្រៃឈើខាងលើបាននិយាយថា មុនពេលក្រុមកម្លាំងកងរាជអាវុធហត្ថចាប់ឡានដឹកឈើទាំងពីរគ្រឿងនោះ គឺមុនម៉ោង៩យប់ក្រុមអាវុធហត្ថដែលដឹកនាំដោយលោក រុន ឌឿន នាយការិយាល័យបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់រថយន្តម៉ាកកាមរីស្វិតពីរគ្រឿង របស់ឈ្មោះ រ័ត្ន ជាមន្ត្រីអាវុធហត្ថដែលកំពុងមានវត្តមានក្នុងប្រតិបត្តិការនោះចាប់ឡានដឹកឈើខាងលើនេះដែរ។
ប្រភពដដែលបន្តថា ក្រោយពីការដោះលែងឲ្យឡានកាមរីស្វិតដែលដឹកឈើពេញៗនោះទៅបាត់ នៅវេលាម៉ោងប្រមាណជា៩យប់ដដែល ក្រុមអាវុធហត្ថដែលបានដោះលែងរថយន្តកាមរីស្វិត របស់មន្ត្រីអាវុធហត្ថ ឈ្មោះ រ័ត្ន ក៏ចាប់បានឡានដឹកឈើពីរគ្រឿងទៀតគឺ មួយគ្រឿងម៉ាក4runner និងកាមរីបាឡែនរបស់ឈ្មួញគ្មានសែស្រឡាយ រួចយកមករក្សាទុកនៅស្នាក់ការសន្តិសុខលេខ៧៦១ ដើម្បីយកស្នាដៃជូនថ្នាក់លើមើលលេង ក្រោមការរិះគន់យ៉ាងចាស់ដៃរបស់ប្រជាពលរដ្ឋ ព្រោះតែឡានដឹកឈើរបស់បក្ខពួកខ្លួន គេចាប់បានហើយដោះលែងវិញ។ ចំណែកឡានគេអ្នកផ្សេងចាប់បានហើយអូសកាត់ផ្លូវ ប្រកូកប្រកាសឲ្យប្រជាពលរដ្ឋមើលថា ក្រុមខ្លួនបានចេញមុខសស្រាក់សស្រាំក្នុងការបង្ក្រាមបទល្មើសព្រៃឈើជូន នាយឧត្តមសេនីយ៍ សៅ សុខា។
ជាមួយគ្នានេះមានមតិលើកឡើងថា កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្នុងខែកុម្ភៈនេះត្រូវគេមើលឃើញថា កំពុងយីអ៊ុនដាក់អារក្សជាន់យ៉ាងខ្លាំងតាំងពី លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រហូតដល់មន្ត្រីក្រោមឱវាទមួយចំនួន ព្រោះតែជាប់ចោទពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ ។ ស្របពេលដែលនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងក្នុងអង្គប្រជុំលើកទី២របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅថ្ងៃទី២២កុម្ភៈឆ្នាំ២០១៦ បានព្រមានពីការប្តឹងអ្នកកាសែតទៅស្ថាប័ន័ប្រឆាំងអំពើរពុករលួយទៅវិញប្រសិនបើក្នុងបេសកកម្មស្រាវជ្រាវបង្ក្រាបរបស់លោករកឃើញថាអ្នកកាសែតឃុបឃិតពុករលួយជាមួយមន្ត្រីនៅក្នុងបទល្មើសព្រៃឈើនោះ អាចនឹងជាប់ទោសទណ្ឌក្នុងបទល្មើសព្រៃឈើ តែបើគេក្រឡេកមើលទៅកូនចៅរបស់លោក នាយឧត្តមសេនីយ៍វិញ អាចហ្នឹងក្លាយទៅជាសម្លម្ជូរកំពឹសផងក៏មិនដឹង ព្រោះបើក្រឡេកមើលតែក្នុងខេត្តមណ្ឌលគិរីតែខ្លះ រកស៊ីដោយផ្ទាល់ នឹងខ្លះទៀត ជាអ្នកដើរកត់ក្បាលឡានដឹកឈើយកលុយរាល់ថ្ងៃខែកាលពីរយៈពេលកន្លងទៅ។
ប្រភពដដែលបានរៀបរាប់ឲ្យដឹងថា ជាក់ស្តែងនៅស្រុកកែវសីមា មន្ត្រីកងរាជអាវុធហត្ថមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ ដែលរកស៊ីផ្ទាល់មានឈ្មោះដូចជា លោក ស៊ូ សុវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកែវសីមា លោក ញឹក សុវណ្ណរ័ត្ន មន្ត្រីអាវុធហត្ថខេត្ត លោក ស្នា មេបញ្ជាការរងអាវុធហត្ថស្នាក់ការ៧៦១ ប្រចាំស្រុកកែវសីមា លោក ជា វណ្ណណាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តទទួលទិសស្រុកកែវសីមា។ ចំណែកមន្ត្រីកងរាជអាវុធហត្ថដែលមានឈ្មោះជាប់ក្នុងការរាប់ក្បាលឡានដឹកឈើដាក់ខែ គឺឈ្មោះ ប៉ៃ លិន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកែវសីមា ទទួលប្រមូលលុយឲ្យលោក សាក់ សារុន មេបញ្ជាការអាវុធហត្ថស្រុកកែវសីមា ឈ្មោះ ស្នា មេបញ្ជាការរងអាវុធហត្ថស្នាក់ការ៧៦១ ទទួលរកចំណូលឲ្យលោក សាក់ សាគុណ មេស្នាក់ការសន្តិសុខលេខ៧៦១ ចំណែកលោក តុប វ៉ាត មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំនៅអភិរក្សជីវចម្រុះសីមា ក៏ជាអ្នកមានឥទ្ធិពល ក្នុងការប្រមូលលុយបទល្មើសព្រៃឈើក្នុងដែនអភិរក្សឲ្យទៅលោក មាគ វុឌ្ធី ដែលជាប្រធានគម្រោងអភិរក្សជីវចម្រុះកែវសីមា។ ការលើកឡើងខាងលើនេះកាសែកខ្មែរអង្គរស្វែងរកការបំភ្លឺពីមន្ត្រីរងការប្រកាន់តាំងនេះនៅឡើយ។
ប្រភពបានអំពាវនាវថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគួរចាត់ការស៊ើបអង្កេតករណីមន្ត្រីកងរាជអាវុធហត្ថដែលពាក់ព័ន្ធ និងបទល្មើសព្រៃឈើខាងលើ ដើម្បីលប់បំបាត់ការចរាចរណ៍ និងការជួញដូរឈើឲ្យមានប្រសិទ្ធភាព៕ ឦសាន២
http://ift.tt/1Tb5TIj