បទល្មើសឈើតូចតាច២៦ករណី ត្រូវបញ្ជូនទៅតុលាការ បទល្មើសធំៗ(ប្រព្រឹត្តដោយក្រុមឧកញ៉ា)កំពុងបន្តស៊ើបអង្កេត ហើយអ្នកកាសែតបានក្លាយជាគោលដៅគម្រាមប្តឹង
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានថ្លែងក្រោយពីមានកិច្ចប្រជុំបិទទ្វារជាង២ម៉ោងព្រឹក ថ្ងៃច័ន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយអះអាងថា ពេលនេះគ្មានទេបទល្មើសព្រៃឈើ ទាំងការចរាចរណ៍ឆ្លងដែន និងការកាប់បំផ្លាញព្រៃឈើ។ ទោះយ៉ាងណាការប្រជុំនេះដោយសម្ងាត់មិនឲ្យកាសែតដឹងខ្លឹមសាភ្លាមៗនោះទេព្រោះវាជារឿងរសើប។ តែអ្នកកាសែតគេឲ្យដឹងត្រឹមតែប្រជុំក្នុងគោលបំណណងត្រួតពិនិត្យលទ្ធផល ការងារអនុវត្តកន្លងទៅ និងទិសដៅការងារបន្តតែប៉ុណ្ណោះ អ្វីដែលជាការចាប់អារម្មណ៍គឺនាយឧត្តមសេនីយ៍ សៅ សុខា ក៍បានព្រមានពីការប្តឹងអ្នកកាសែតទៅស្ថាប័នប្រឆាំងនិងអំពើរពុករលួយទៅវិញប្រសិនបើក្នុងបេសកម្មស្រាវជ្រាវបង្ក្រាបរបស់លោករកឃើញថាអ្នកកាសែតឃុបឃិតពុករលួយជាមួយមន្ត្រីនៅក្នុងបទល្មើសព្រៃឈើនេះផងដែរ។
សូមរំលឹកថាថ្មីៗកន្លងមកនេះអ្នកកាសែតម្នាក់ដែលជាភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ប្រចាំខេត្តមណ្ឌលគីរី ត្រូវបានលោក សាក់ សារ៉ាង មេបញ្ជារការប៉េអឹមខេត្តមណ្ឌលគីរី ប្រើអំណាចចាប់ខ្លួនដោយរំលោភច្បាប់ចាប់ខ្លួនយកទៅសំឡុតនៅទីបញ្ជាការប៉េអឹមដោយសាតែទូរទស្សន៍ប៉ុស្តិ៍លេខ៩ រាយការណ៍ថាបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគីរី មានជាប់ពាក់ពន្ធជាមួយលោកមេប៉េអឹមរូបនោះ។ សូមបញ្ជាក់ដែរថាបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់កាសែតកាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ឲ្យដឹងថា គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានសម្រេចបញ្ជូនសំណុំរឿងព្រៃឈើ ចំនួន២៦ករណី តែជាបទល្មើសតូចតាច ទៅកាន់តុលាការ ឯបទល្មើសព្រៃឈើធំៗ(ទំនងថ្នាក់ឧកញ៉ាប្រព្រឹត្ត) នៅធ្វើការស៊ើបអង្កេតនៅឡើយ។ បើយោងតាម របាយការណ៍របស់គណៈកម្មការនេះ សំណុំរឿងព្រៃឈើដែលបានបញ្ជូនទៅតុលាការពេលនេះមានចំនួន៣ខេត្ត ក្នុងនោះមានខេត្តក្រចេះចំនួន៥ករណី (ក្រុមហ៊ុនចំនួន៤ករណី និងឯកជនចំនួន១ករណី) ខេត្តស្ទឹងត្រែង ចំនួន១៩ករណី និងខេត្តមណ្ឌលគិរីចំនួន២ករណី។
នៅ ក្នុងការបង្ក្រាបកន្លងមកសមត្ថកិច្ចបានរកឃើញវត្ថុតាង នៃបទល្មើសមួយចំនួនដូចជា៖ ខេត្តស្ទឹងត្រែងឈើ៣២៨៣ដុំ ស្មើ២៥០.១៩៤ម៉ែត្រគូប គោយន្តកន្ត្រៃយ៍ចំនួន៤គ្រឿង និងរណាយន្តចំនួន៤គ្រឿង។ ខេត្តមណ្ឌលគីរី៖ ចាប់រថយន្តបានចំនួន៨គ្រឿង ទោចក្រយានយន្ត២គ្រឿង ម៉ាស៊ីនអាឈើចំនួន១គ្រឿងម៉ាស៊ីនជ្រៀកឈើចំនួន ១គ្រឿង រណាយន្ត២គ្រឿង ម៉ាស៊ីនគោយន្ត១គ្រឿង។ ខេត្តរតនគិរី៖ ចាប់ឈើបាន៥៦៥ដុំ ស្មើ១៧៦.៤០៩ម៉ែត្រគូប និង ខេត្តក្រចេះ៖ ចាប់ឈើបានចំនួន៣,០៩៤កំណាត់ ស្មើ៦៦៧,៥០៦ម៉ែត្រគូប ជន្លង់ម្រេចចំនួន២៤៦ រណាយន្តចំនួន១គ្រឿង។ ចំពោះក្រុមហ៊ុនដែលមានការពាក់ព័ន្ធនឹងព្រៃឈើធំៗក្នុងខេត្តរតនៈគិរីវិញ មានដូចជា ក្រុមហ៊ុនដូនពេញមានឈើ៨៨៣៣កំណាត់ ស្មើ១៨៥ម៉ែត្រគូប, ក្រុមហ៊ុន ទ្រីភាព មានឈើ ៨១៥៧ដុំ ស្មើ២៧៥,៤៦០ម៉ែត្រគូប, ក្រុមហ៊ុនចែងប៉ូលីន មានឈើ ១,៣១២,៩១៥ម៉ែត្រគូប។
សូមបញ្ជាក់ថា ប្រមាណជាង១ខែមកនេះគឺចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃដែលរាជរដ្ឋាភិបាលបង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ត្រឹមបញ្ជាក់ថា គ្មានទេបទល្មើសព្រៃឈើពេលនេះ ប៉ុន្តែលោកនាយឧត្តមសេនីយ៍បានទទួលស្គាល់ថាខេត្តមណ្ឌលគីរីដែលជាខេត្តទើបនឹងដកចៅហ្វាយខេត្តមួយចោលនោះជា ខេត្តដែលមានបទល្មើសព្រៃឈើច្រើនជាងគេ ។ពលរដ្ឋទូទាំងប្រទេកំពុងតាមដានយ៉ាងយកចិតទុកដាក់ជាទីបំផុតចំពោះវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជាដែលប្រព្រឹត្តឡើងដោយជនមួយក្តាប់តូចមានលុយមានអំណាច និងមានសែស្រឡាយខ្នងបង្អែកអ្នកមានអណាចកំពូលៗ ដែលគេស្គាល់ឈ្មោះនិងល្បីល្បាញពេញប្រទេស ថាតើក្រុមជនដែលប្រព្រឹត្តបទល្មើសព្រៃឈើកម្រិតធ្ងន់ៗទាំងនោះ ត្រូវគេផុតពីសំណាញ់ច្បាប់ឬយ៉ាងណា ព្រោះបច្ចប្បន្នសូម្បីតែ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក៏មិនទាន់មានការដៅឈ្មោះ ជនល្មើសទាំងនោះផង៕
http://ift.tt/1pb9hpP