រថយន្តយីឌុបកំពុងមានល្បឿនជក់ខ្យល់ស្រាប់ដាច់រ៉ូទីលរេចង្កូតទៅបុករថយន្តមន្ត្រីកាកបាទក្រហម របួសធ្ងន់និងស្រាល៣នាក់
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីកាកបាទក្រហមកម្ពុជា៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយបាក់ភ្លៅ-បាក់ធ្មេញ-បែកដៃជើង ដោយសាររថយន្តធុនធំយីឌុបកំពុងបើកបរយ៉ាងលឿនបានដាច់រ៉ូទីលចង្កូត រេទៅ បុករថយន្តមន្ត្រីកាកបាទក្រហមកម្ពុជាពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ នៅក្នុងហេតការណ៍នោះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B – 0662 បានបើកបរពីត្បូងមកជើង។ លុះមកដល់ចំណុចកើតហេតុបានដាច់រ៉ូទីលចង្កូតរេទៅបុក រថយន្តកាកបាទក្រហមកម្ពុជា ម៉ាកឡង់គីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 36 . 2 – 0263 ក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយមន្ត្រីកាកបាទក្រហមកម្ពុជា៣នាក់ ក្នុងចំណោម៤នាក់ ជិះនៅលើរថយន្តរបួសធ្ងន់ និងស្រាល។ ចំណែកអ្នកបើកបររថយន្តបង្កក្រោយពេលកើតហេតុបានចុះរត់លឿនឃ្មើតគេចខ្លួនបាត់។
លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹង ថា៖ មន្ត្រីកាកបាទក្រហមកម្ពុជាដែលបានរងគ្រោះក្នុងហេតុការណ៍ខាងលើនេះមាន៖ ១ឈ្មោះ កញ្ញា ជុំ វិជ្ជរ៉ា របួសធ្ងន់បាក់ធ្មេញ ២លោក ឌុច សំណាង របួសធ្ងន់បាក់ភ្លៅស្តាំ ៣.លោក ប៊ុត សាំសុង ជាអ្នកបើកបររថយន្ត របួសស្រាស ជងរងគ្រោះទាំងអស់មានទីលំនៅក្នុងក្រុងភ្នំពេញ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យដឹកបញ្ជូនមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់មកគ្រូពេទ្យខេត្តក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ តាមសំណូមពរក្រុមគ្រួសារ។
ចំណែករថយន្តទាំង២គ្រឿងបានរងការខូចខាតធ្ងន់ដូចគ្នា ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ជួលរថយន្តស្ទូចដឹកយកទៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងតាមនិតិវិធី៕ រិទ្ធិ ជ័យ
http://ift.tt/1LH6Os3