អភិបាលខេត្តខេត្តកំពង់ឆ្នាំងចុះសាកសួរសុខទុក្ខជនជាតិចិនរងគ្រោះថា្នក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថៃ្ងទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារខេត្ត ចុះសាកសួរសុខទុក្ខលោកហុង គីនជន ជាតិចិន នៅក្នុងមន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោង៥ល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយសូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ជនជាតិចិន២នាក់ដែលបានស្លាប់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នោះ។ លោកបានជំរុញឲ្យលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលរបួសជនរងគ្រោះអោយបានល្អ។ ទន្ទឹមនេះដែរលោកបានជំរុញអោយសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត និងនគរបាលមូលដ្ឋានកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នោះបញ្ជូនមកតុលាការខេត្ត ដើម្បីដោះស្រាយអោយបានត្រឹមត្រូវតាមច្បាប់។
ដោយឡែកនៅវេលាម៉ោង១០ និ៤៥នាទីព្រឹកថៃ្ងទី៨ ខែកុម្ភៈ ដោយមានការស្នើសុំពីលោក HuangYuYung ជាអ្នកទទួលខុសត្រូវលើជនរងគ្រោះ បានធ្វើលិខិតធានាសុំយកលោកហុង គីនទៅព្យាបាលនៅមន្ទីរម៉ារីយ៉ា នៅទីក្រុងភ្នំពេញវិញ ក្នុងនោះដែរ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានជួយសម្រួលតាមសំណូមពររបស់លោក HuangYuYung ដោយអោយរថយន្តសាម៉ុយរបស់មន្ទីពេទ្យខេត្តដឹកជនរងគ្រោះពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១០ និ៥៥នាទីទៅបន្តព្យាបាលនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា៖ ជនជាតិចិនទាំង៣នាក់នេះធ្វើការនៅក្នុងការដ្ឋានទំនប់ទឹកអាចាំងស្រុកបរិបូណ៌ បានបើករថយន្តចេញពីការដ្ឋានហើយបានឈប់លើចិញ្ចើមផ្លូវចាំមិត្តភ័ក្រមកពីខេត្តពោធិសាត់។ ខណៈនោះមានរថយន្តបែនដឹកដី១គ្រឿង ស្លាកលេខកំពង់ឆ្នាំង 3A-0605 បានបើកវ៉ាជែងគ្នាពេញផ្លូវជ្រុលទៅបុកជនរងគ្រោះទាំង៣នាក់បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតបានស្លាប់ពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងឈ្មោះលោក ហុង គីន របួសធ្ងន់។
ចំណែកអ្នកបើករថយន្តបែនក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ប៉ុន្តែពេលនេះសមត្ថកិច្ចបានស្គាល់ អត្តសញ្ញាណហើយកំពុងស្រាវជ្រាវតាមចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាម ផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1T6RzyK