សមត្ថកិច្ចខេត្តសៀមរាបចាប់បានឃាតក២នាក់ ដែលសម្លាប់ក្មេងស្រីកាត់ក្បាលនៅក្នុងបន្ទប់ផ្ទះសំណាក់ប្រាសាទកែវ ខណៈកំពុងដុតក្បាលជនរងគ្រោះបំផ្លាញភស្តុតាង
ខេត្តសៀមរាប៖ ឃាតកសម្លាប់ក្មេងស្រីកាត់ក្បាលដាច់បាត់ពីដងខ្លួនយ៉ាងព្រៃផ្សៃ បំផុតនៅក្នុងបន្ទប់ផ្ទះសំណាក់ប្រាសាទកែវ ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីវេលា ទៀបភ្លឺព្រឹកម៉ិញនោះ មានគ្នាចំនួនពីរនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅល្ងាចថ្ងៃទី១៣ ខែកម្ភៈនេះ។ សមត្ថកិច្ច អាវុធហត្ថ និងនគរបាល ខេត្តសៀមរាប បានចាប់ខ្លួន ជនដៃដល់បានចំនួន២នាក់ នៅកន្លែងផ្សេងគ្នា ខណៈពេលនេះ សមត្ថកិច្ច អាវុធហត្ថ ខេត្តសៀមរាប កំពុងតែសួរចម្លើយម្នាក់ ចំណែកម្នាក់ទៀត ខាងនគរបាល ខេត្តសៀមរាប កំពុងសួរចម្លើយ។
លោក អ៊ូ សុផល នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ឃាតកម្នាក់មានឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ៤០ ស្រុកកំណើត នៅខេត្តបាត់ដំបង ហើយនៅពេលនេះកំពុងស្ថិតក្រោមការសាកសួររបស់ នគរបាលជំនាញនៅឡើយ ។ សមត្ថកិច្ចចាប់បាន ខណ:ឃាតកកំពុងដុតក្បាលជនរងគ្រោះ បំផ្លាញភស្តុតាង នៅខាងក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប នៅល្ងាចថ្ងៃទី១៣កុម្ភះឆ្នាំ២០១៦នេះ។
លោក អ៊ូ សុផល បានបញ្ជាក់ថា ជនសង្ស័យសារភាពថាមូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះនោះ មូលហេតុផ្តើមចេញពីរឿងបែកបាក់ស្នេហាជាមួយជនរងគ្រោះ។ លោក អ៊ូ សុផល បានបញ្ជាក់ទៀតថា ជនសង្ស័យមានប្រពន្ធរួចហើយតែក្រោយមក មានបញ្ហាជាមួយនឹងគ្នា រហូតសុំលែងលះ តែលែងមិនទាន់ដាច់។ បន្ទាប់មកឃាតកក៏មានទំនាក់ទំនង ជាមួយនារីរងគ្រោះ រហូតចូលស្តីដណ្តឹង ដើម្បីរៀបចំនឹងគ្នា ប៉ុន្តែពិធីមង្គលការ ទៅមិនរួច ដោយហេតុថា ជនសង្ស័យមិនទាន់លែង ប្រពន្ធដាច់ស្រេច។ ក្រោយមានបញ្ហា នារីរងគ្រោះបានចាត់ទុកថា ជនសង្ស័យបោកប្រាស់រហូតឈ្លោះគ្នាយ៉ាងខ្លាំង ធ្វើឲ្យជន សង្ស័យខឹងក៏រៀបចំផែនការសម្លាប់ នារីរងគ្រោះរហូតសម្លាប់កាត់ក្បាលតែម្តង។
គួបញ្ជាក់ថាជនរងគ្រោះឈ្មោះ នាង ឡេន សិលា មាន អាយុ ២៤ឆ្នាំ នៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប នាងបំរើការងារ នៅភូមិវប្បធម៌។ ឡេង សិលា ត្រូវបានឃាតករសម្លាប់កាត់ក្បាល នៅបន្ទប់៣០១ក្នុងផ្ទះសំណាក់ប្រាសាទកែវ ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះត្រូវបានគេដឹងកាលពីនៅម៉ោង១២ថ្ងៃត្រង់ ទី១៣ ខែកម្ភៈ ឆ្នាំ២០១៦នេះ ៕
http://ift.tt/1KgWz2C