ជនសង្ស័យឆក់ត្រី៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលកំពុងប្រព្រឹត្តិបទល្មើស
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៥នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចចម្រុះសហការគ្នាព័ទ្ធចាប់ខ្លួនបាន ខណៈពួកគេកំពុងធ្វើសកម្មភាព ហ៊ុំសម្រាស់ឆក់ត្រីនៅក្នុងបឹងភ្លង ស្ថិតនៅក្រោយក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ។ករណីបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦។
លោក ប្រាក់ លាងហួរ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ ជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ច ចម្រុះបានឃាត់ខ្លួនមានឈ្មោះ ១.ស៊ឹម គឿន អាយុ៣៤ឆ្នាំ, ២.វ៉ាន់ សុខា អាយុ២៥ឆ្នាំ, ៣. សួ អឺន អាយុ៣៥ឆ្នាំ, ៤.ឈន ឆូយ អាយុ៤៤ឆ្នាំ និងទី៥ឈ្មោះ ស៊ឹម វណ្ណៈ អ្នកទាំង៥នាក់រស់នៅក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ វត្ថុតាងដែលសមត្ថកិច្ចចម្រុះ រឹបអូសបានរួមមាន អាំងវែកទ័រឆក់២គ្រឿង អាគុយ៤០អំពែរ១គ្រឿង ដងឆក់២ ត្រី៥០គីឡូក្រាម និងគោយន្ត១គ្រឿង។
លោក ប្រាក់ លាងហួរ បានអោយដឹងទៀតថា៖ នៅក្នុងកិច្ចបង្ក្រាបបទល្មើសខាងលើនេះ សមត្ថកិច្ចចំរុះបានប្រើប្រាស់កម្លាំង ប្រមាណជាង១០នាក់ រួមមានផ្នែក និងសង្កាត់រដ្ឋបាលជលផលកំពង់ប្រសាទ កម្លាំងសឹករងស្រុកជលគីរី នគរបាលប៉ុស្តិរដ្ឋបាលជលសារ និងកម្លាំងសហគមន៍នេសាទក្នុងមូលដ្ឋាន។ ក្រោយពីទទួលព័ត៌មានអំពីសកម្មភាពបទល្មើសខាងលើ សមត្ថកិច្ចចំរុះបានចុះឡោមព័ទ្ធ និងស្ទាក់ចាប់បានជនសង្ស័យទាំង៥នាក់កំពុងឆក់ត្រីក្នុងសម្រាស់របស់ពួកគេ១កន្លែងនៅក្នុងបឹងភ្លង។
ដោយឡែកជនសង្ស័យឈ្មោះ ស៊ឹម គឿន ជាម្ចាស់សម្រាស់បានសារភាពថា៖ ក្នុងពេលហ៊ុំសម្រាស់ដែលមានទំហំប្រមាណ១០០ ម៉ែត្រការ៉េ ដោយសារមានត្រីច្រើនចាប់មិនទាន់ ពួកគេក៍បានប្រ់អាំងវែកទ័រឆក់ត្រី២គ្រឿង យកមកឆក់ត្រីអោយវាសន្លប់ ដើម្បីងាយ ស្រួល ចាប់ត្រី។ដោយឡែកគោយន្ត១គ្រឿងនោះ ពួកគេបានហៅឈ្មោះ ស៊ឹម វណ្ណះ ពីភូមិអោយបើកមកជួយដឹកយករត្រីដែលឆក់បាន ហើយក៏ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលកំពង់ឆ្នាំងកសាងសំណុំរឿងរឿងតាមនីតិវិធីបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចំណាត់ការតាមផ្លូវច្បាប់ និងផ្តន្ទាសទោសតាមច្បាប់ស្តីពីជលផល៕ រិទ្ធិ ជ័យ
http://ift.tt/21z8Jbo