ក្មេងទំនើងមកអុកឡុកគម្រាមសម្លាប់ អ្នកស្រុកភូមិសិរី ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភពីសុវត្ថិភាព ព្រោះគ្មានអ្នកណាជួយដោះស្រាយអោយ
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង១០គ្រួសាររស់នៅក្នុង ភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូរណ៌ បានអោយ ដឹងថា កាលពីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ មានក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ ក្នុងនោះគេស្គាល់ ២នាក់ជាកូនលោកមេនគរបាលប៉ុស្តិ៍ខុនរ៉ង បានកាន់ដាវ កាំបិត ដំបង និងច្រវ៉ាក់ ម៉ូតូ ទៅបង្កការអុក ឡុកដល់ផ្ទះ របស់ពួកគាត់ដោយបោះពាក្យសំដីថា៖ អាអ្នកភូមិសិរី មិនអោយរស់បានសុខទេ នឹងមាន អាណាមួយងាប់មិនខាន។ ក្រោយពេលកើតហេតុពួកគាត់បានប្តឹងទៅនគរបាលប៉ុស្តិ៍ហើយដែរ តែមកដល់ថ្ងៃទី០៣ ខែមិនា នេះពុំមានអ្នកណាដោះស្រាយឡើយ ធ្វើអោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង។
បងប្អូនប្រជាពលរដ្ឋបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៣ ខែមិនា នេះថា៖ នៅយប់ថ្ងៃទី២៩ ខែកុម្ភះ ម៉ោងជាង៩យប់ មានម៉ូតូ៣គ្រឿង ជិ៖គ្នា៦នាក់ បានបើកមកដល់តូបលក់ដូរមួយកន្លែង ក្នុងស្ថានភាព ស្រវឹងជោគជាំគ្រប់ៗគ្នា ហើយបានរោទ៍សម្លេងម៉ូតូខ្លាំង ដោយមានកាន់ដាវ កាំបិត ច្រវ៉ាក់ម៉ូតូ និងដំបង និងបានសួររកទិញស្រាពីអ្នកលក់ តែអ្នកលក់គាត់មិនលក់អោយដោយនិយាយថា៖ រោទ៍ម៉ូតូអីប្អូនយប់ ជ្រៅហើយ ខ្ញុំបិទទ្វារមិនលក់អោយទេ។ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះ បានជិះ ម៉ូតូទៅផ្ទះ ស្ត្រី ឈ្មោះ ឌៀវ មុំ និងបានរោទ៍ម៉ូតូទៀត ហើយបានដើរចូលទៅក្រោមផ្ទះ ដេញវាយឆ្កែ ព្រូសពេញទ្រហឹង ឃើញបែបនេះស្ត្រីម្ចាស់ផ្ទះបានសួរ មានរឿងអី ហើយម៉េចធ្វើអញ្ចឹង ពេលនោះក្រុមក្មេងទាំងនោះបាន គម្រាមថា កុំចេះនៅអោយស្ងៀម ខ្ញុំរកតែអាអ្នកមានរឿងជាមួយទេ ! ។ ស្ត្រីខាងលើបានបន្តថា ប្តីគាត់នៅលើផ្ទះមិនហ៊ានធ្វើអីទេ ព្រោះឃើញគេមាន កាំបិត ដាវ ដំបង និងច្រវ៉ាក់ម៉ូតូ គ្រប់ដៃ ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ បន្ទាប់មកក្រុមក្មេងទាំងនោះ បាននាំគ្នាទៅផ្ទះ ស្ត្រីឈ្មោះ គិត សិន ហើយបាននាំកាប់បំផ្លាញទ្រុងមាន់របស់គាត់ខ្ទេចខ្ទីអស់ ដែលគ្រួសារគាត់ជាជនក្រីក្រ ត្រូវបានអង្ក ការ អោយទន់ចិញ្ចឹមមាន់ ។ នៅយប់កើតហេតុនោះ ពួកគាត់បានទូរសព្ទ័ទៅនគរបាលប៉ុស្តិ៍ដែរ តែគេមិនលើក ហើយស្អែកឡើងបាននាំគ្នាប្តឹងទៅនគរបាលប៉ុស្តិដែរ តែមកដល់ពេលនេះមិនទាន់បានដោះ ស្រាយបែបណានៅឡើយទេហើយក្នុងចំណោមក្មេងទាំងនោះមាន២នាក់ គឺជាកូនលោកមេប៉ុស្តិ៍។
លោក ទឹម សុផាន ជានាយនគរបាលប៉ុស្តិ៍ខុនរ៉ង បានអោយដឹងថា៖ នៅព្រឹកថ្ងៃទី០១ ខែមិនាពួក គាត់បានទៅស្រាវជ្រាវរឿងនេះហើយដែរ គឺពីដំបូងឡើង ក្រុមក្មេងទាំងនោះបានទៅទិញអីហូបនៅភូមិនោះ ហើយក៏ស្រាប់តែមានក្មេងក្នុងភូមិ បានលួចបាញ់ជំពាមកៅស៊ូ មកលើក្រុមក្មេងទាំងនោះ ទើបពួកគេដេញតាមទៅឃើញរត់ចូលក្រោមផ្ទះ ទើបពួកគេតាមបែបនេះ ហើយរឿងនេះ សមត្ថកិច្ចនឹងធ្វើការប្រជុំដោះស្រាយគ្នា នៅព្រឹកថ្ងៃទី ០៤ ខែមិនា ស្អែកនេះ ហើយគាត់ក៏បានបញ្ជាក់ដែរថា នៅក្នុងចំណោមក្មេងទាំងនោះ ក៏មានកូនប្រុសគាត់២នាក់ពិតមែន ។
លោក លី វីរៈ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ រឿងនេះ លោកបានអោយសមត្ថកិច្ចនគរបាលស្រុកស្រាវជ្រាវហើយ នឹងធ្វើការដោះស្រាយគ្នានៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦នេះ ។ ចំពោះការដោះស្រាយបានលទ្ធផលបែបណានោះយើងនឹងជូនដំណឹងបន្តទៀត ៕ រិទ្ធិ ជ័យ
http://ift.tt/1TdpA24