លោកក វណ្ណ សុផាណ្ណា មន្ត្រីជើងចាស់រដ្ឋបាលព្រៃឈើចូលនិវត្តន៍ បានក្លាយជាឈ្មួញដឹកជញ្ជូន ឈើយ៉ាងគឃ្លើន ផ្គើននឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន
ខេត្តសៀមរាប៖ លោក វណ្ណ សុផាណ្ណា អតីតនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប កំពុងក្លាយទៅជាឈ្មួញដឹកជញ្ជូនឈើយ៉ាងក្រអឺតក្រទមគ្មាន សមត្ថកិច្ចណា សូម្បីតែគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក៏មិនហ៊ានប៉ះពាល់ឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចតាមផ្លូវជាតិលេខ៦ ពីខេត្តសៀមរាប ទៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តយីឌុបធំៗ២គ្រឿងដឹកឈើលើសចំណុះស្ទើរតែរយះផ្លូវ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តសៀមរាប ហួសទៅខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៦បានយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ហើយសូម្បីតែគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក៏មិនហ៊ានក្អកផង ។
ប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា រថយន្តយីឌុបដឹកឈើទាំង២គ្រឿងនោះ ជារបស់លោក វណ្ណ សុផាណ្ណា អតីតនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ និងសកម្មភាពខាងដឹកឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដោយមានអ្នករត់ការដល់ទៅ៣នាក់ ទី១ឈ្មោះ ឆ័យ ទី២ឈ្មោះ វិសាល និងទី៣ ឈ្មោះ ម៉ែន វុទ្ធី ហៅធីឡយ ជាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ពួកគេបានប្រើអំណាចសម្លុត គម្រាម លួងលោម និងសូកប៉ាន់ដោយសារតែមានអ្នករត់ការបើកផ្លូវបែបនេះហើយទើបលោក វណ្ណ សុផាណ្ណា អាចដឹកជញ្ជូនឈើយ៉ាងរលូនសូម្បីតែគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក៏លោក វណ្ណ សុផាណ្ណា មិនទាំងញញើតផង គឺដឹកផ្គើន។
គួររំលឹកដែរថា ពេលដែលលោក វណ្ណ សុផាណ្ណា កាលនៅធ្វើជានាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប គឺបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើក្នុងខេត្តសៀមរាប ឧត្ដរមានជ័យ ព្រះវិហារ និងកំពង់ធំ កើនឡើងយ៉ាងពេញបន្ទុកដោយមានការបើកដៃពីលោក វណ្ណ សុផាណ្ណា ប្រមូលយកផលប្រយោជន៍មិនដែលខ្វល់នឹងការរលាយព្រៃឈើនោះទេ។ ឥឡូវនេះទោះបីលោក វណ្ណ សុផាណ្ណា អស់តំណែងជានាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបយ៉ាងណាក៏ដោយ ក៏លោក វណ្ណ សុផាណ្ណា បានចេញមុខមកធ្វើជាមេឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូនដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធខេត្តមិនហ៊ានប៉ះពាល់ទេថែមទាំងជួយរត់ការ រហូតបណ្តាក់គ្នាជួយមើលផ្លូវថែមទៀត។
ភស្តុតាងជាក់ស្តែងមិនអាចប្រកែកបាន គឺកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលលើដងផ្លូវជាតិលេខ៦ ពីខេត្តសៀមរាប ទៅខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើទាំង២គ្រឿងនោះ គឺជារបស់លោក វណ្ណ សុផាណ្ណា។ នេះគេចាត់ទុកថាជារឿងអាស្រូវដដែលៗ របស់ជំនាញរដ្ឋបាលព្រៃឈើក្រោមការដឹកនាំរបស់លោក ឆេង គឹមសុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលគ្មានសមត្ថភាពលុបបំបាត់។ ហើយករណីនេះអតីតមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ លោក វណ្ណ សុផាណ្ណា ចេញមុខប្រព្រឹត្តពេញទំហឹងគួរឲ្យអាម៉ាស់បំផុត៕
http://ift.tt/1Su3wPD