លោក ឆាយ បូ មេគយច្រកអន្តរជាតិដូង និងមន្ត្រីឆ្វេងស្តាំ ល្បីខាងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃតាមអំពើចិត្ត
ខេត្តបាត់ដំបង៖ ពលរដ្ឋរកស៊ីនាំទំនិញចេញចូលតាមច្រកអន្តរជាតិដូងបង្ហើបថា លោកមេគយច្រកទា្វរអន្តរជាតិដូង លោក ឆាយ បូ និងមន្ត្រីស្និទ្ធឆ្វេងស្តាំកំពុងប្រើអំណាចបែបជិះសេះលែងដៃ បើកឲ្យឈ្មួញនាំចូលទំនិញបង់ពន្ធមិនគ្រប់ និងគេចពន្ធ ពីប្រទេសថៃតាមអំពើចិត្តបានធ្វើឲ្យប្រាក់ដែលត្រូវបង់ពន្ធនោះរត់ចូលទៅក្នុងហោប៉ៅលោកមេគយ ឆាយ បូ និងមន្ត្រីស្និទ្ធឆ្វេងស្តាំយ៉ាងសុខស្រួល ដែលធ្វើឲ្យបាត់ប្រាក់ចំណូលពន្ធយ៉ាងសន្ធឹកសន្ធាប់ ហើយករណីនេះគួរតែលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរចាត់វិធានការធ្វើកំណែទម្រង់សមត្ថកិច្ចគយច្រកអន្តរជាតិដូងដើម្បីពង្រីកចំណូលពន្ធ។
ប្រភពដដែលបានបញ្ជាក់ថា បញ្ហាខាងលើនេះកើតឡើងដោយសារតែមន្ត្រីជំនាញឆ្វេងស្តាំ របស់លោក មេគយ ឆាយ បូ មិនបំពេញការងារឲ្យបានត្រឹមត្រូវតាមតួនាទី និងនីតិវិធីគយរបស់ខ្លួន ផ្ទុយទៅវិញមន្ត្រីជំនាញឆ្វេងស្តាំមួយចំនួន ថែមទាំងបានឃុបឃិតជាមួយឈ្មួញប្រព្រឹត្តបទល្មើស ដោយមិនខ្វល់ពីការខាតបង់ចំណូលថវិកាជាតិនោះទេ។ ជាក់ស្តែងហ្គាស បន្លែផ្លែឈើ ត្រីសាច់ គ្រឿងទេស គ្រឿងកំប៉ុង គ្រឿងបន្លាស់ម៉ូតូ និងរថយន្ត ។ល។ និង។ល។ ត្រូវបានឈ្មួញនាំចូលពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា ដោយមិនមានការពិនិត្យ និងបង់ពន្ធឲ្យបានត្រឹមត្រូវនោះទេ។
ប្រភពបានបញ្ជាក់ថា ក្នុងចំណោមមុខទំនិញ ដែលបានរៀបរាប់ខាងលើ ភាគច្រើនមិនបានបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ ហើយគេដឹងថា ឈ្មួញបានចែកភាគរយ នៃផលចំណេញជាមួយមន្ត្រីជំនាញគយ របស់លោក ឆាយ បូ។ ចំណែកលោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ទំនងជាទទួលបានផលប្រយោជន៍ពីលោក ឆាយ បូ ជាប្រចាំ ទើបបណ្ដោយឲ្យបទល្មើសនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកអន្តរជាតិដូង កើតឡើងយ៉ាងអនាធិបតេយ្យដែលធ្វើឲ្យមានការរិះគន់ថាកំណែទម្រង់គយពុំមានអ្វីប្លែក៕
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
http://ift.tt/1p8P5oT