ភ្លៀងរលឹមស្រិចៗ បុរសពីរនាក់អង្គុយលើម៉ូតូត្រូវរន្ទះបាញ់ស្លាប១នាក់ របួសធ្ងន់១នាក់
ខេត្តប៉ៃលិន ៖ ខណៈ មេឃកំពុងភ្លៀងរលឹមស្រិចៗ បុរសពីរអ្នកកំពុងអង្គុយលើម៉ូតូ ត្រូវរន្ទះបាញ់ឆក់យកជីវិតម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានដួលសន្លប់ស្តូកស្តឹងហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ហេតុការណ៍រន្ទះបាញ់នេះបាន កាលពីវេលាម៉ោងជិត៥រសៀលថ្ងៃទី១១ ខែមិនា ម្សិលមិញ នៅចំណុចភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ។
លោក ណឹប ឌឿន មេភូមិអូរទឹកភ្លាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ាន់ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករដកដំឡូងមានទីលំនៅភូមិកោះកេវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ រឿន ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករដូចគ្នា រស់នៅភូមិកើតហេតុខាងលើ។ លោកបន្តថា នៅវេលាខាងលើ ដោយមេឃរកកលចង់ភ្លៀង ក្រុមកម្មករនាំគ្នារកកន្លែងសំរាក រីឯជនរងគ្រោះទាំង២នាក់ក៏ដើរទៅអង្គុយនៅលើម៉ូតូ លុះមួយសន្ទុះក្រោយមក គេក៏ឭសូររន្ទះបាញ់ទៅលើម៉ូតូជនរងគ្រោះតែម្តង បណ្តាលឲ្យស្លាប់ និងរបួសតែម្តង៕
http://ift.tt/1ReenrC