ម៉ូតូ២គ្រឿងជិះបញ្ច្រាសទិសបុកគ្នាពេញទំហឹងអ្នកបើកបរក្មេងស្រីម្នាកស្លាប់ និងក្មេងប្រុសម្នាក់បាក់ជើងខាងស្តាំ
ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូម៉ាក HONDA ICON ជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀត បានបុកម៉ូតូម៉ាក HONDA DREAM125ជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនវ័យក្មេងម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នៅចំណុចកែងសាលាគរុកោសល្យវិក្រិតការ ខេត្តកណ្តាល ស្ថិតលើផ្លូវជាតិលេខ២១A កែងផ្លូវលេខ១០៤ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់បាត់បង់ជីវិតមានឈ្មោះស៊ុន ដានី ភេទស្រី អាយុប្រហែល ២០ឆ្នាំ (ស្លាប់នៅពេលដឹក បញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះហើយ សាកសពរក្សាទុកនៅមន្ទីរពេទ្យរង់ចាំសាច់ញាតិមកទទួលយក) មិនទាន់ស្គាល់ទីលំនៅ។ បើកបរម៉ូតូ HONDA ICON ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AP-1142 មិនមួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើបានបុកជាមួយ ម៉ូតូម៉ាកHONDA DREAM125 ពណ៌ខ្មៅ គ្មានផ្លាកលេខ (គ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព) អ្នកបើកបរឈ្មោះ ទ្រុយ ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង រងរបួសធ្ងន់បាក់ជើងខាងស្តាំត្រូវបានមិត្តភ័ក្ត្រ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ។
សមត្ថកិច្ចបានបន្តឲ្យដឹង ម៉ូតូខូចខាតទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្នដើម្បីដោះស្រាយរតាមច្បាប់៕
http://ift.tt/1SHQSs6