ស្រវឹងស្រាចុះទន្លេជួយមិត្តភក្តិកៀបសម្រាស់លង់សន្លប់ធំតែបានគេជួយទាន់ពេល
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានលង់ទឹកទន្លេ បណ្តាលអោយមានភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ដោយសារតែរូបគេស្រវឹងស្រា ហើយបានចុះងូតទឹកទៅកៀបសម្រាស់នៅបាតទន្លេជាមួយមិត្តភក្តិ ប៉ុន្តែត្រូវបានមិត្តភក្តិជួយសង្គ្រោះទាន់ពេល។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅទន្លេចុងភូមិព្រែកសាលាប៉ែកខាងត្បួងភូមិ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋក្នុងភូមិអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ជឿន សុផល អាយុ២៥ឆ្នាំ មានប្រពន្ធនិងកូន១ មានទៅលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្តិ ពេលផឹករួចគេមានអាការៈស្រវឹង ហើយបានជិះម៉ូតូទៅជួយមុជទឹកទន្លេកៀបសម្រាស់អោយមិត្តភក្តិរបស់គេឈ្មោះ ជូរ ណាត អាយុ៣០ឆ្នាំ នៅក្នុងភូមិឃុំជាមួយគ្នា។ បន្ទាប់ពីគេបានមុជទឹកដល់បាតទន្លេដើម្បីចងសម្រាស់ ទំនងជាគេស្រវឹងខ្លាំង ផុសឡើងវិញមិនរួច ក៏លង់ទឹកជាប់នៅនឹងសម្រាស់នោះតែម្តង ដោយឃើញបាត់ជនរងគ្រោះយូរមិនឃើញផុសឡើងវិញ មិត្តភក្តិគេក៏បាននាំគ្នាមុជតាមរកក៏ប្រទះឃើញជនរងគ្រោះដេកសន្លប់ជាប់នឹងសម្រាស់ផឹកទឹកឆ្អែតបាត់ទៅហើយ។
ក្រោយពីបានស្រង់ជនរងគ្រោះឡើងពីទឹកហើយ ក្រុមគ្រួសារក៏បាននាំគ្នាដឹកជនរងគ្រោះតាមម៉ូតូយកទៅសង្គ្រោះនៅពេទ្យឯកជននៅភូមិកំពង់ប្រាសាទនៅជិតកន្លែងកើតហេតុតែជនរងគ្រោះមានអាការះធ្ងន់ធ្ងរ គ្រូពេទ្យមិនហ៊ានទទួលព្យាបាលឡើយ។ ក្រុមគ្រួសារជនរងគ្រោះក៏នាំជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ។ បន្ទាប់ពីក្រុមគ្រូពេទ្យខេត្តបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះព្យាបាលរួចមក ជនរងគ្រោះក៏មានអាការៈធូរស្រាលឡើងវិញ តែកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕ រិទ្ធិ ជ័យ
http://ift.tt/24O2S74