សមត្ថកិច្ចចាប់ជនល្មើស២នាក់បញ្ជូនទៅតុលាការឃុំខ្លួនក្នុងពន្ធនាគារពីបទឈូសឆាយដីព្រៃលិចទឹក
ខេត្តកំពង់ឆ្នាំង៖ ជនល្មើស២នាក់ ដែលលួចឈូសឆាយព្រៃលិចទឹក នៅតំបន់២ និងតំបន់៣ ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ចាប់ខ្លួនបញ្ជូនទៅតុលាការ និងកំពុងឃុំខ្លួនក្នុងពន្ឋនាគារខេត្ត ។ ដោយឡែកជនល្មើសម្នាក់ទៀត ជាម្ចាស់ ត្រាក់ទ័រ២គ្រឿងដែរសមត្ថកិច្ចចាប់បាន ក្នុងពេលលួចឈូសឆាយព្រៃលិចទឹកជាច្រើនហិកតានៅចំណុចខាងលើ បានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណច្បាស់ហើយ។
នៅព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ជួបជាមួយអ្នកយកព័ត៌មានយើង លោក សុង សារឿន នាយ សង្កាត់រដ្ឋបាលជលផល ជលគីរី បាននិយាយយអោយដឹងថា៖ កន្លងមកបទល្មើសឈូសឆាយ ដីព្រៃលិចទឹក ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ពិតជាកើតមានមែន នៅក្នុងភូមិពាមឆ្កោក មាន៣ចំណុច ទី១.កប់ចេះទី២. ខ្វែងឆ្លុះ ទី៣. វាលស្រងែ , នៅភូមិក្បាលកន្លង់មាន ២ចំណុច៖ ទី១. ស្រូងស្រទ័យ ទី២. បាត់កាំភ្លើង។ លោក បានបញ្ចាក់ថា៖ បទល្មើសទាំងនេះបានកើតឡើង នៅមុនចូលថ្ងៃឆ្នាំខ្មែរគឺក្នុងខែមេសា តែក្រោយ ពីមានការ បង្ក្រាបគឺបានស្ងប់ស្ងាត់មួយរយៈ ក្រោយមកក៏កើតមានទៀត ទើបសមត្ថកិច្ចចម្រុះ បានឯកភាព បង្កើតគណៈកម្មការមួយវាយតម្លៃ ការខូចខាតនិងស្វែងរកចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ។
លទ្ធផលធ្វើបាន៖ ជំហានទី១ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះ រួមមានប្រធាន អនុប្រធាន និងសមាជិក ១៣នាក់ បានចុះបង្ក្រាប និងឃាត់បានត្រាក់ទ័រ២គ្រឿង ដែលអ្នក បើកបររត់គេចខ្លួនបាត់ ក្នុង នោះត្រាក់ទ័១គ្រឿងមិនស្គាល់ម្ចាស់ និងមួយគ្រឿងទៀតជារបស់ ឈ្មោះ ទិត្យ អឿន ដោយបានយកមក រក្សា ទុក នៅរដ្ឋបាលជលផល និងបានកសាងសំណុំរឿងឈ្មោះនេះ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ជំហានទី២ នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះដដែល បានឃាត់ខ្លួនមនុស្ស២នាក់ ដែលកំពុង ធ្វើសកម្មភាពវាស់វែង បោះបង្គោល ចែកព្រុំដីគ្នា ក្នុងនោះមានម្នាក់ជាមេក្លោងដុតព្រៃ និងបានវាស់ដីលក់ អោយ គេ មានឈ្មោះ សូត្រ សេត អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី និងម្នាក់ ទៀត ជាអ្នកទិញដី ឈ្មោះ ជឿន ធី អាយុ៣៤ ឆ្នាំ ទាំងពីរនាក់ នៅភូមិឃុំជាមួយគ្នា និងបច្ចុប្បន្នត្រូវបាន តុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត រង់ចាំសវនាការជុំនុំជំរះផ្តន្ទាទោស។
លោកនាយសង្កាត់រដ្ឋបាលជលគីរី អោយដឹងទៀតថា៖ ភ្លើងឆេះព្រៃ ក្នុងតំបន់២ និង៣ នៅចំណុចខាង លើសរុបមានចំនួន ១៤៧,២៨ហិកតា ចំណែកដីព្រៃលិចទឹកដែលរងការខូចខាតដោយការឆូសឆាយ ដោយ ត្រាក់ទ័រ វិញមានចំនួន ៦៣, ៦៥ហិកតា ។បន្ទាប់ពីមានការបង្ក្រាប យ៉ាងក្តៅគគុក រួចមក បទល្មើសឈូស ឆាយដីព្រៃលិចទឹក នៅតំបន់នោះបច្ចុប្បន្ន មានសភាពស្ងប់ស្ងាត់វិញហើយ ។ ចំពោះវិធានការចំពោះមុខ គណៈបញ្ជាការឯកភាពស្រុក ពិសេសមេឃុំដែលពាក់ពន្ឋ័ត្រូវប្រើប្រាស់កម្លាំងប្រជាការពារ និងសហ គមន៍ នេសាទ ដើម្បីរួមគ្នាការពារ ព្រៃលិចទឹកដែលនៅសេសសល់ និងក្រៅពីនោះ បានធ្វើការបោះស្លាកការពារ ហាមកាប់និង ឈូសឆាយដីព្រៃលិចទឹកបន្តទៀត។
គួរបញ្ជាក់ថាៈល្មើសលួចដុតព្រៃលិចទឹក បន្ទាប់មកលួចឈូសឆាយ យកធើ្វជាកម្មសិទ្ឋ បានកើតឡើងនៅស្រុកបរិបូណ៌ ស្រុកកំពង់លែង និងចុងក្រោយនៅស្រុកជលគីរី ប៉ុន្តែការបង្ក្រាប របស់មន្ត្រីជំនាញគឺ បាន ដើរក្រោយបទល្មើស គឺថាបទល្មើសកើតហើយទើបទៅបង្ក្រាបបើសិនបានបង្ក្រាបពេលចាប់ផ្តើមពីដំបូងគឺពិតជាល្អគឺទប់ស្កាត់បានទាន់ពេល ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋក៏បានចូលរួមអបអរសាទរផងដែរ ព្រោះចាប់បានជនល្មើស២នាក់យកទៅដាក់ពន្ធនាគារ រឿងនេះពួកគាត់ក៏សំណូមពរដល់តុលាការខេត្តផងដែរ សូមផ្តន្ទាទោសជនល្មើអោយបានម៉ឺងម៉ាត់ផង ព្រោះថាកន្លងមកសមត្ថកិច្ចបានបញ្ជូនសំណុំរឿងអ្នក
កាប់បំផ្លាញព្រៃលិចទឹកជាង២០ករណីមិនទាន់ឃើញតុលាការចាត់ការឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/1UkkVGW