ក្មេងកំព្រា៣នាក់បងប្អូនត្រូវឪពុកស្លាប់ចោលរហូតសពស្អុយរលួយនៅក្នុងខ្ទម
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋបានសម្តែងនូវអារម្មណ៍ក្តុកក្តួលអាណិតអាសូរ និងអនិច្ចារបំផុតចំពោះ ក្មេងកំព្រាទាំង៣នាក់បងប្អូន ខណៈឪពុកមានជំងឺជាទម្ងន់រហូតស្លាប់ចោលពួកគេជាច្រើនថ្ងៃនៅក្នុងខ្ទមហើយសាកសពត្រូវហើមស្អុយរលួយ ដែលធ្វើឲ្យជីវិតពួកគេរស់ដោយពឹងលើដើរបេះផ្លែឈើ និងជីកដំឡូងដើម្បីយកមកហូប ។ ហេតុការណ៍នេះបានដឹកដល់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
អ្នកស្រុកនិយាយថា គេបានធុំក្លិនស្អុយរលួយចេញពីខ្ទមរស់នៅរបស់ក្មេងៗទាំង៣នាក់នោះ ហើយអ្នកភូមិសន្និដ្ឋានថាបុរសជាឪពុកក្មេងនោះបានស្លាប់យ៉ាងតិចពី៤ទៅ៥ថ្ងៃមកហើយ។ មុនពួកគាត់បានដឹងរឿងនេះ អ្នកភូមិបានសង្កេតឃើញ កូនទាំង៣នាក់ ចេះតែនាំគ្នាទៅឈរនៅចិញ្ចើមថ្នល់ ដើម្បីកាក់អ្នកភូមិ និងអ្នកធ្វើដំណើរឲ្យមកចូលមើល និងចូលបុណ្យ ប៉ុន្តែដោយសារខ្ទមមួយនេះ នៅឆ្ងាយពីអ្នកភូមិ ទើបគេពុំបានដឹងពីទុក្ខសោកវេទនារបស់ក្មេងកំព្រារទាំង៣នាក់ ។
អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ស៊ីន បូរ៉ា អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត រស់នៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ សាន សុខុម ដែលទើបនឹងស្លាប់ចោលប្តី និងកូនប្រហែលជាង៤ ទៅ៥ខែកន្លងមកនេះដោយសារតែភាពក្រីក្រហួសកំណត់ ។ អ្នកភូមិបន្តថា ម្តាយបានស្លាប់ ចោល ក្រោយមកឪពុកក៏បានស្លាប់ បន្សល់ទុកនូវកូនកំព្រា៣នាក់បងប្អូន ពិតជាគួរឲ្យអាណិតពួកគេ ដែលនៅតូចៗ កូនបង មានឈ្មោ រ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ, កូនទី២ ឈ្មោះ រ៉ាវ វ៉ិត ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣ ឈ្មោះ រ៉ា ស្រីម៉ៅ ភេទស្រី អាយុ៧ឆ្នាំ ។
អ្នកភូមិបានពោលឲ្យដឹងថា តាមពិតរឿងហេតុខាងលើនេះ ត្រូវបានដឹងពីអ្នកភូមិ ដែលគាត់បានទៅដកផ្សិតនៅក្នុងព្រៃ ក៏បានក្រឡេកឃើញក្មេងទាំង៣នាក់អង្គុយទទូលតង់ក្រោមតំណក់ភ្លៀង ដែលមានចម្ងាយប្រមាណជា២០ម៉ែត្រពីខ្ទមសពរបស់ឪពុក ទើបគេចូលមកសួរថា ហេតុអ្វីក៏ពួកអ្នកទាំងអស់គ្នានាំគ្នាមកអង្គុយនៅទីនេះ ។ ពួកគេក៏បានប្រាប់ទៅកាន់អ្នកភូមិថា ឪពុកខ្ញុំកំពុងឈឺខ្លាំង ក្រោកមិនរួច មិននិយាយស្តី ដណ្តប់ភួយ៤ទៅ៥ថ្ងៃមកហើយ ។
ក្រោយពីស្តាប់សំដីក្មេងៗរួច អ្នកដកផ្សិតក៏នាំគ្នាទៅមើលទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរ ទើបមានវត្តមានលោក ងើយ ដន អធិការរងនគរបាលស្រុកអូរយ៉ាដាវ ក៏បានចាត់ចែង ដឹកនាំកម្លាំងចូលមកពិនិត្យសាកសព ហើយពិនិត្យរួចរាល់ ឃើញថា សាកសពហើមស្អុយរលួយ អ្នកស្រុកក៏បាននាំគ្នាជួយធ្វើបុណ្យ និងបូជានៅក្នុងខ្ទមនេះតែម្តង ។ ចំណែកក្មេងៗទាំង៣នាក់ ត្រូវបានយកទៅចិញ្ចឹមសិននៅឯស្រុក ដើម្បីរង់ចាំអង្គការណាដែលគេអាចយកទៅចិញ្ចឹម ឲ្យបានរៀនសូត្រ និងមានអនាគត កុំឲ្យពួកគេ ជួបនូវរឿងដ៏អភ័ព្វ រស់នៅកំព្រារ កម្សត់ ។
តាមប្រភពព័ត៌មានពីសមត្តកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានក្មេងកំព្រា៣នាក់បងប្អូន ដែលឪពុកម្តាយបានស្លាប់ចោលនៅស្រុកអូរយ៉ាដាវនោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោកគឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានសណ្តានចិត្តអាណិតអាសូរលោកបានសម្រេចចិត្តទទួលយកមកចិញ្ចឹមបីបាច់ថែរក្សាឲ្យបានរៀនសូត្រ៕ លី វណ្ណៈ
http://ift.tt/29Y0Jha