រថយន្តបែនដឹកដីបុក អ្នកជិះម៉ូតូរបួសធ្ងន់ និងស្រាល២នាក់ ហើយបើករត់ទៅបុករបងផ្ទះសមាជិកក្រុមប្រឹក្សាខេត្តម្នាក់បាក់ខ្ទេចអស់១៤ម៉ែត្រទៀត
ខេត្តកំពង់ឆ្នាំង៖ រថយន្តបែនដឹកដីធុនធំ១គ្រឿង បានបុកអ្នកជិះម៉ូតូពីក្រោយបណ្តាលអោយរងរបួសធ្ងន់ និងស្រាល រួចមកបានបើករត់គេចពីកន្លែងកើតហេតុ ហើយបានមកបុករបងផ្ទះ សមាជិកក្រុមប្រឹក្សាខេត្តម្នាក់ម្តងទៀត ទើបរថយន្តជាប់ទៅមុខលែងរួច ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខផ្សារជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ស្រុករលាប្អៀរ និងបន្តបុករបងផ្ទះម្តងទៀត នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ទឹម ចន្ឋី អធិការនគរបាល ស្រុករលាប្អៀរ បានអោយដឹងថា៖ រថយន្តបង្កខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.1916 បើកបរដោយជនពុំស្គាល់ឈ្មោះ។ ចំណែកជនរងគ្រោះ រងរបួសធ្ងន់មានឈ្មោះ ទិន សាយ ៤៩ឆ្នាំ ជាអ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយឈ្មោះយិន ឡូត អាយុ៤២ឆ្នាំ រងរបួសស្រាល ទាំងព២នាក់ពួកគេ មានទីលំនៅ ភូមិបំពង់ផ្ចឹក ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះ ម៉ូតូ ម៉ាកហុងដា សេ១២៥ តាមបណ្តោយ ផ្លូវជាតិ ក្នុងដំណើរពីត្បូង មកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹកដីខាងលើ បានបើកជែងវ៉ាម៉ូតូ ជនរងគ្រោះមិនផុត ក៏បុកពីក្រោយ បណ្តាលអោយជនរងគ្រោះទាំង២នាក់ រងរបួសធ្ងន់ម្នាក់និងស្រាល ម្នាក់។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក មិនបានឈប់រថយន្តទេ គឺបានបើករត់ចូលមកក្នុងក្រុងកំពង់ឆ្នាំងទាំងភ័យស្លន់ស្លោរចម្ងាយជាង៤គីឡូម៉ែត្រ ក៏ជ្រុលទៅបុករបងផ្ទះសមាជិក ក្រុម ប្រឹក្សាខេត្តម្នាក់ នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង បណ្តាលអោយធ្លាយបាក់ពីម្ខាងទៅម្ខាង ជាង១០ម៉ែត្រទៅមុខលែងរួច ហើយអ្នកបើកបររថយន្តនោះបានរត់គេចខ្លួនបាត់ ។ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ពេក ជនរងគ្រោះរបួសធ្ងន់ ត្រូវបានមន្ទីពេទ្យខេត្ត ដឹកយកទៅសង្គ្រោះបន្តទៀតនៅមន្ទីរពេទ្យ ក្រុងភ្នំពេញ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ របងផ្ទះ លោក ម៉ែន ធឿន សមាជិក ក្រុមប្រឹក្សាខេត្ត បានបាក់អស់១៤ម៉ែត្រ និងបាក់ដើមស្លា អស់៣ដើម ។ ចំណែករថយន្តបង្កខាងលើ ត្រូវ បានសមត្ថកិច្ច យកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីរង់ចាំការដោះ ស្រាយ ជាមួយជនរងគ្រោះ និងម្ចាស់ផ្ទះតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/29fBRPF