ស្ត្រីម៉េមាយក្រីក្រមានកូន៥ត្រូវប្តីបោះបង់ចោលប្រកបមុខរបរដើរបោកខោអាវឲ្យគេតាមផ្ទះ អំពាវនាវសប្បុរសជនជួយសង្គ្រោះ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រមានកូន៥នាក់ មានជីវភាពខ្វះខាត នៅក្នុងផ្ទះស្លឹកតូចមួយនិងស្ទើតែរលំទៅហើយនោះនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៣ ខែកក្កដានេះបានលើកដៃសំពះ សំណូមពរសប្បុរសជន ជួយដល់រូបគាត់និងកូនទាំង៥នាក់ផង ព្រោះតែសព្វថ្ងៃ គាត់រស់ដោយសារតែដើរបោក ខោអាវអោយគេតាមផ្ទះ តែមិនរាល់ថ្ងៃនោះទេនិងពេលខ្លះរលលុយមិនបានដាច់បាយម្តងៗ ទៅហើយ។
ស្ត្រីមេម៉ាយ ដែលត្រូវប្តីរត់ចោល ទៅមានស្រីថ្មី កំពុងបោកខោអាវបានរៀបរាប់ទាំងទឹកភែ្នកថា៖ គាត់មានឈ្មោះ អ៊ុន គឹមស្រ៊ុន អាយុ៣៥ ឆ្នាំ នៅអំឡុងឆ្នាំ១៩៩៩ គាត់បានប្តីម្នាក់ឈ្មោះ ចាន់ រតនា អាយុ៣៤ឆ្នាំ ។ ក្រោយពីបានគ្នាជាប្តីប្រពន្ឋ ពួកគាត់បានកូន៥នាក់ ប្រុសទាំង៥ ដែលកូនបងពេលនេះ អាយុ១៥ឆ្នាំ ហើយចំណែកកូនពៅអាយុ៣ឆ្នាំ។ ប្តីគាត់បានបោះបង់គាត់ជាង២ឆ្នាំហើយ គឺពេលកូនពៅ កើតបាន៣ខែ ។ សព្វថ្ងៃ គាត់គ្មានមុខរបរអ្វី ក្រៅតែពីដើរបោកខោអាវតាមផ្ទះនោះទេ ហើយថ្ងៃណា បានបោកខោអាវឲ្យគេក៏បានប្រាក់ ទិញអង្ករ និងម្ហូប ថ្ងៃណាអត់ ក៍អត់ទៅ មួយថ្ងៃគាត់បោកខោអាវឲ្យគេបានប្រាក់ ៨ពាន់ ទៅ១ម៉ឺនរៀល ប្រាក់នេះគាត់លៃលក ចាយបាន២ថ្ងៃ សម្រាប់ ថ្ងៃ ដែលគ្មាន ខោអាវ បោក ។ ពេលខ្លះគាត់ត្រូវដើរ ទៅបោកខោអាវអោយគេ ដល់ភូមិខ្សាមដីជាង២គីឡូ ។ ចំណែក ផ្ទះវិញ ដំបូលជញ្ជាំង ធ្លុះធ្លាយអស់ហើយ និងជិតរលំទៀតផង។ គាត់លើកសុំដៃ សំពះសូមអង្វរ សប្បុរជន ទីជិតឆ្ងាយ សូមមេត្តា ជួយឧបត្ថមដល់ រូបគាត់ដែលកំពុងជួបការលំបាកនេះផង។
លោក ស្រី សែម រីយ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ បានបញ្ជាក់អោយដឹងថា៖ ស្ត្រីខាងលើ នេះ ត្រូវបានប្តីបោះបង់ចោល និងក្រីក្រពិតមែន ក្នុងនាមលោក ស្រី ជាក្រុមប្រឹក្សាភូមិ ក៍សូមអំពាវនាវ ដល់សប្បុសជន សូមមេត្តាជួយដល់ ស្ត្រីខាងលើនេះផង ។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៣ ខែកក្កដា នេះដែរ បានទៅឃើញដោយផ្ទាល់ភ្នែក នូវការរស់យ៉ាងលំបាក របស់ស្ត្រីមេម៉ាយខាងលើ ក៏បានជួយឧបត្ថម្ភថវិកា ៨ម៉ឺនរៀល និងសន្យាស្វែងរក មូលនិធិពីសប្បុរសជនជួយធ្វើផ្ទះមួយខ្នងជូនស្ត្រី ក្រីក្រខាងលើនេះផងដែរ ៕ រិទ្ធិ ជ័យ
http://ift.tt/29jvGvd