ស្ត្រីឈ្មួញឈើឈ្មោះ ហេង សំនៀង (ហៅយាយព្រឿង) នោមច្រាសដាក់បទបញ្ជាសម្តេចតេជោ ហ៊ុន សែន ឲ្យទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធឈើទៅវៀតណាម
ខេត្តស្ទឹងត្រែង៖ ស្ត្រីជនជាតិវៀតណាមឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តស្ទឹងត្រែងឈ្មោះ ហេង សំនៀង ហៅយាយព្រឿងនៅតែប្រកបមុខរបរប្រមូលទិញ និងដឹកឈើប្រណីតក្នុងទឹកដីខេត្តស្ទឹងត្រែងយកទៅលក់នៅប្រទេសវៀតណាមមិនដែលខានឡើយហើយកន្លងមកបើទោះជាមានការបង្ក្រាបពីសមត្ថកិច្ចខ្លះៗក៏ដោយ ក៏ស្ត្រីឈ្មួញឈើម្នាក់នេះស្ថិតនៅក្រៅសំណាញ់ច្បាប់ហើយមានមុខរកស៊ីបទល្មើសនេះដដែល។ ករណីនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងក្រោមការដឹកនាំរបស់ លោក ឈាង តុលា ជាអ្នកផ្តល់ភ្លើងខៀវបើកដៃឲ្យយាយព្រឿងជួញដូរឈើតាមអំពើចិត្តដើម្បីជាថ្នូរនឹងលាភសក្ការៈ។
ប្រភពពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា យាយព្រឿងជាជនជាតិវៀតណាមមិនសូវចេះនិយាយភាសាខ្មែរក៏ពិតមែន ប៉ុន្តែយាយព្រឿងមានដៃជើងជួយជ្រោមជ្រែងគ្រប់ប្រភេទ ទាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កម្លាំងប្រដាប់អាវុធ និងអ្នកកាសែតទូរទស្សន៍មួយចំនួនក៏សុទ្ធតែត្រូវបានយាយព្រឿងប្រើប្រាស់ជាឧបករណ៍ដើម្បីសម្របសម្រួលការងារក្នុងការដឹកជញ្ជូនឈើរបស់គាត់ឲ្យមានភាពរលូនល្អចៀសផុតពីឧបសគ្គផងដែរ។ ភាពជោគជ័យនោះដោយសារយាយព្រឿងបានរៀបចំកញ្ចប់លុយបង់ខែបិទមាត់រហូតដល់ម្នាក់ៗជួយការពារ និងចាត់ទុកយាយព្រឿងជាឆ្នាំងបាយមិនអាចខ្វះបាន។ ប្រភពបានបញ្ជាក់ថា យាយព្រឿងបានធ្វើជំនួញឈើតាមអំពើចិត្តបើទោះជាមានការរឹត្តបន្តឹង ពីសំណាក់គណៈកម្មាករទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធឈើឆ្លងដែនទៅវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដោយ។
មានការបង្ហើបពីសមត្ថកិច្ចខេត្តក្រចេះបានឲ្យដឹងថា ក្រោយពេលផ្អាកមួយរយៈដោយសារកម្លាំងអាវុធ ហត្ថបង្ក្រាបរថយន្តយីឌុបដឹកឈើប្រណីត២គ្រឿងនៅក្នុងខេត្តក្រចេះកន្លងមកថ្មីៗនេះ ឥឡូវនេះឈ្មួញ ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះ ទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែន និងច្រករបៀងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយពុំមានឧបស័គ្គអ្វីទាំងអស់។ ប្រភពបានបញ្ជាក់ឲ្យដឹងថា លើកនេះយាយព្រឿង មិនចេញមុខធ្វើសកម្មភាពដោយខ្លួនឯងផ្ទាល់តទៅទៀតទេ គឺមេឈ្មួញរូបនោះបានប្រើប្រាស់មន្ត្រីយោធាវរការពារព្រំដែនលេខ២០៤ម្នាក់ឈ្មោះ សន សឿន ឲ្យធ្វើជាអ្នករត់ការបើកផ្លូវចាប់ពីខេត្តស្ទឹងត្រែង រហូតដល់តំបន់ព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រភពបានបន្តឲ្យដឹងថា ក្នុងមួយថ្ងៃៗយាយព្រឿង បានដឹកជញ្ជូនឈើតាមរថយន្តតួរីសពី៥ទៅ៦រថយន្តចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ គឺបើកកាត់តាមមុខស្នាក់ការសន្តិសុខ៧១០អូរព្រះ, ស្នាក់ការសន្តិសុខ៧០៨ស្រែស្បូវ, ស្នាក់ការសន្តិសុខ៧០៧ស្វាយជ្រះ និងឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងផងដែរ ក៏ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើមិនចាត់វិធានការបង្ក្រាបរថយន្តដឹកឈើរបស់យាយព្រឿងឡើយ ទីបញ្ចប់រថយន្តដឹកឈើប្រណីតឆ្លងព្រំដែនច្រករបៀង នៃស្រុកមេមត់ខេត្តត្បូងឃ្មុំយកទៅលក់នៅវៀតណាមយ៉ាងរំភើយ ប៉ុន្តែប្រសិនបើមិនបង់ប្រាក់ជូនសមត្ថកិច្ចទាំងនោះទេរថយន្តដឹកឈើរបស់យាយព្រឿងកុំសង្ឃឹមឆ្លងកាត់ទឹកដីខេត្តមួយណារួចនោះ។ ដូច្នេះយាយព្រឿងគ្រាន់តែជាមេមាន់នៅក្នុងទ្រង់គ្រាន់តែសមត្ថកិច្ចមិនចង់ស៊ីមេមាន់គឺគ្រាន់តែទុកឲ្យពងចែកគ្នាឆីតែប៉ុណ្ណោះ៕
ស្ត្រីជនជាតិវៀតណាមឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តស្ទឹងត្រែងឈ្មោះ ហេង សំនៀង (ហៅយាយព្រឿង)
http://ift.tt/29PCsYY