យុវជន៣នាក់លួចម៉ូតូ១គ្រឿងពីស្រុកទឹកផុសទៅលក់ស៊ីចាយនៅក្រុងភ្នំពេញ ២៣ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ជាចោរលួចម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុសធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងឃុំក្រាំងស្គារ និងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដោយចោទប្រកាន់ពីបទលួច មានស្ថានទម្ងន់ទោស ដែលបានលួចគេម៉ូតូ១គ្រឿង កាល២៣ថ្ងៃមុន នៅក្នុងយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។
លោកវរសេនីយ៍ត្រី ខែម វិបុល អធិការនគរបាល ស្រុកទឹកផុសបាននិយាយអោយដឹងថា៖ កាលយប់ពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព លួចម៉ូតូម៉ាក ហុងដាសេ១២៥ សេរី០៨ មួយគ្រឿង ជារបស់ឈ្មោះ អ៊ុន គឹមសាន្ត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិស្រែតាជ័យឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។
លោកបានបន្តថា៖ ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងដោយមានសាក្សីដាក់បន្ទុកផងនោះ ទើបនៅថ្ងៃទី១៩ ខែកក្កដានេះ សមត្ថកិច្ច បានសម្រេច ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូជូនរងគ្រោះ កាលពី២៣ថ្ងៃមុន គឺជនសង្ស័យទាំង៣នាក់នោះមាន ៖ ១ឈ្មោះ នូ ម៉ានីន អាយុ១៨ឆ្នាំ ២ឈ្មោះ ទេព ចន្នី អាយុ១៨ឆ្នាំ និង៣ឈ្មោះ លី ម៉ាប់ អាយុ២២ឆ្នាំ ពួកគេទាំង៣នាក់មានទីលំនៅ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ជាមួយម្ចាស់ម៉ូតូ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង៣នាក់ បានសារភាពថា៖ ពួកគេពិតជាបានលួចម៉ូតូ ជនរងគ្រោះពិតមែន ដោយយប់នោះ ២នាក់បានធ្វើសកម្មភាពចូលលួច និងម្នាក់ទៀត នៅចាំខាងក្រៅបន្ទាប់ពីលួចបាន ពួកគេបាននាំគ្នាជិះម៉ូតូនោះ យកទៅលក់នៅក្នុងទីក្រុងភ្នំពេញបានប្រាក់ចំនួន២៥០ ដុល្លា ហើយបន្តនៅដើរលេង ស៊ីចាយអស់ ទាល់តែអស់លុយ ទើបត្រឡប់វិញផ្ទះវិញ នោយដល់ថ្ងៃនេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ជនសង្ស័យទាំង៣នាក់ ជាចោរលួចម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស កសាងសំណំះ រឿងតាមនិតិវិធីដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស(លួចមានគ្នាច្រើន)បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តតាមនិតិវីធីតាមផ្លូវច្បាប់បញ្ជូនខ្លួនទៅតុលាការ ខេត្តចាត់ ការបន្តតាមនិតិវិធី៕ រិទ្ធិ ជ័យ
http://ift.tt/29TCUpQ