ប្រពន្ធរបស់លោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុងជាឈ្មួញនាំចូលទំនិញបង់ពន្ធមិនគ្រប់ ហើយបានក្លាយជាឆ្នាំងបាយរបស់មន្ត្រីខិលខូច
ខេត្តកោះកុង ៖ ឈ្មួញនាំទំនិញពីប្រទេសថៃដ៏ល្បីឈ្មោះអ្នកស្រី ពែក រតនៈ ដែលអ្នកកោះកុងហៅ(ចែរតនៈ) ជាប្រពន្ធរបស់លោកយឹម ផេង ស្នងការរងនគរបាលខេត្តទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ច ក្នុងខេត្តកោះកុង ត្រូវបានប្រភពរាយការណ៍ថាជាអ្នកនាំទំនិញគេចពន្ធ ពីប្រទេសសៀម ចូលខេត្តកោះកុង ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ ក្រៅពីអាងប្ដីរបស់ខ្លួនឈ្មោះ យឹម ផេង ជាខ្នងបង្អែកដ៏រឹងមាំនោះ គឺអ្នកស្រី ពែក រតនៈ មានទំនាក់ទំនងជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃ ទៀតដូចជាគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើមសុទ្ធតែជាអ្នកជួយសម្រួលការនាំទំនិញចូលគ្រប់បែបយ៉ាងដោយម្នាក់ៗសើមមាត់សើមកសំងំហើមមាត់លែងរួចទៅហើយ។
ឈ្មួញរកស៊ីនាំទំនិញចូលពីប្រទេសថៃនៅខេត្តកោះកុងគេនិយាយគ្រប់ៗគ្នាថា លោក យឹម ផេង គឺជាស្នងការរងទទួលផែនបង្ក្រាបបទល្មើសសេដ្ឋកិច្ច ក្នុងខេត្តកោះកុង ហើយបច្ចុប្បន្ន កំពុងល្បីល្បាញ ខាងយកអំណាចកាងជាខ្នងបង្អែកឲ្យប្រពន្ធរបស់ខ្លួន នាំចូលទំនិញគេចពន្ធស្រេចតែអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ចែរតនៈ នាំទំនិញគេចពន្ធចូលខេត្តកោះកុងទាំងតាមផ្លូវទឹក និងតាមផ្លូវគោកជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាបង្ក្រាបនោះទេ បានប្រែក្លាយជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នក្នុងខេត្តកោះកុងយ៉ាងរងំ។ ប្រការនេះហើយទើបឈ្មួញរូបនេះ អាចនាំចូលទំនិញគេចពន្ធ មកចែកចាយ ក្នុងខេត្តកោះកុង និងដឹកជញ្ជូន មកកាន់រាជធានីភ្នំពេញយ៉ាងរលូន ហើយជាទូទៅបើទោះជាមានការផ្លាស់ប្តូរមេគយខេត្តជាច្រើនអ្នកមកក៏ដោយក៏គេមិនដែលឃើញមេគយរូបណាមួយហ៊ានប៉ះរោមជើងមេឈ្មួញនេះម្តងណាទេ។
ភាពស៊ុំគ្រលំលើជំនួញនាំទំនិញចូលពីប្រទេសថៃមិនប្រក្រតី ចែរតនៈ ជាប្រពន្ធរបស់លោកយឹម ផេង នេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុងបានអំពាវនាវឲ្យលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ពិនិត្យមើលករណីជាបន្ទាន់។ ដោយហេតុថាការដែលអ្នកស្រី ពែក រតនៈ ភរិយាលោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុង នាំចូលទំនិញគេចពន្ធ បានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍ បានទៅលើមន្ត្រីពុករលួយ និងឈ្មួញខិលខូចដែលកំពុងបិទបាំងទទួលយកលាភសក្ការៈធ្វើជាចំណូលផ្ទាល់ខ្លួនយ៉ាងសុខស្រួលទៅវិញ៕
http://ift.tt/29OrFjB