ភ្លុកដំរី៤១កំណាត់ និង៨៧ដើម មានទម្ងន់សរុបស្មើនឹង៦១៣,៣គីឡូក្រាមត្រូវគយច្រកទ្វារអន្តរជាតិ ក្រុងព្រះសីហនុ រកឃើញក្នុងទូកុងតៃនឺចំនួន២
ខេត្តព្រះសីហនុ៖ ភ្លុកដំរីដែលសង្ស័យថា បាននាំចូលមកពីតំបន់អាហ្វ្រិចចំនួន៤១កំណាត់នឹង៨៧ដើម ស្មើនឹង៦១៣.៣Kg ត្រូវបានមន្ត្រីសាខាគយប្រចាំច្រកទ្វាអន្តរជាតិ ក្រុងព្រះសីហនុ រកឃើញក្នុងទូកុងតៃនឺចំនួន០២ ហើយត្រូវបានក្រុមការងារចម្រុះបានចុះអនុវត្តបើកទូត្រួតពិ និត្យនាព្រឹកថ្ងៃទី០៥សីហានេះ។
បើតាមលោក គិន លី ប្រធានសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែស្វយ័ក្រុងព្រះសីហនុឲ្យដឹងថា ភ្លុកដំរីទាំងអស់នេះឈ្មួញលួចនាំចូលពីតំបន់ប្រទេសអាហ្វ្រិកឆ្លងកាត់មកកម្ពុជា ដែលអាចនឹងនាំបន្តទៅកាន់ប្រទេសទី៣មួយណាទៀត ប៉ុន្តែត្រូវទប់ស្កាត់ដោយអជ្ញាធរនៅច្រកកំពង់ផែ។ ចំពោះភ្លុកដំរីដែលបានឆែកឆេរកឃើញបង្កប់ក្រោមបាវ ពោតនាពេលនេះមានចំនួន៤១កំណាត់ និង៨៧ដើម ស្មើនឹង៦១៣.៣Kg។ សូមរំឭកថាភ្លុកដំរីត្រូវបានត្រួតពិនិត្យ ឆែករកឃើញម្តងដែរកាលពីឆ្នាំ២០១៤ទៅមានចំនួន៣០០៨Kg ដែលក្រុមឈ្មួញបង្កប់នៅក្នុងសណ្តែកក្នុងទូកុងតៃនឺ។
លោកបន្តថា តូកុងតៃនឺដែលសមត្ថកិច្ចរកឃើញភ្លុកដំរីនានេះ គឺជាកុងតៃនឺ ដែលក្រុមឈ្មួញបានទុកចោលនៅក្នុងឃ្លាំងចាប់តាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ចំពោះភ្លុកដំរី ដែលសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែស្វ័យក្រុងព្រះសីហនុរកឃើញនាពេលនេះ នឹងត្រូវប្រគល់ជូនសាលាតំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធី បន្ទាប់ពីក្រុមក្រុមការងារ បញ្ចប់និតិវិធី។
ទោះជាយ៉ាងនេះក្តី មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដែលចុះត្រួតពិនិត្យថ្លែងស្រដៀងៗគ្នាថា ម្ចាស់ទំនិញបានគេចខ្លួន និងបោះបង់ចោលទំនិញនេះយូរមកហើយ ក្រោយពីអជ្ញាធរនៅមាត់ច្រកកំពង់ផែឃាត់ចាប់បានភ្លុកដំរីដូចគ្នានេះរួចម្តងមកកាលពីឆ្នាំ២០១៤ ពួកគេអាចគិតថាមិនអាចគេចផុតពីការត្រួតពិនិត្យ និងរឹបអូសអាចឈានដ់ឃាត់ខ្លួនពួកគេនោះ៕ សមុទ្រខៀវ
http://ift.tt/2aNgsQl