ឪឡឹកយក្សពូជមកពីអាមេរិចដាំសាកល្បងនៅភូមិដំណាក់អំពិលទទួលបានជោគជ័យ១ហិកតាបានប្រាក់៣លានកន្លះ
ខេត្តកំពង់ឆ្នាំង៖ ផ្លែឪឡឹកយក្សក្នុង១ផ្លែធំៗមានទម្ងន់ជាង១០គីឡូ គ្រាប់ពូជមកពីសហរដ្ឋអាមេរិច ប្រជាពលរដ្ឋនៅចំណុចស្ពាន១០៦ ក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាធ្វើការដាំដុះសាកល្បងបានជោគជ័យ ដោយក្នុង១ហិកតាទទួលផលបានជាង៣លានកន្លះ។
លោក ស៊ុន រដ្ឋា អាយុ៣០ឆ្នាំ ជាប្រជាកសិករម្នាក់ រស់នៅចំណូចស្ពាន១០៦ ភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឺកផុស ( គិតពីទីរួមខេត្តកំពង់ឆ្នាំងទៅមានចម្ងាយផ្លូវប្រ មាណ៤៧គីឡូម៉ែត្រ ) នៅក្នុងចំការឪឡឹក៣ហិកតា លោកបាននិយាយអោយដឹងថា៖ ការពិតទៅគ្រាប់ពូជឪឡឹកយក្សនេះ ឪពុកមារលោករស់នៅសហរដ្ឋអាមេរិក ក្នុងពេលមកលេ ងស្រុកគាត់បានយកគ្រាប់ឪឡឹក៣កញ្ចប់នេះ មកអោយលោកដាំដុះសាកល្បងនៅក្នុងចំការលោកចំនួន៣ហិកតា។
ក្នុងពេលដាំដុះឪឡឹកនេះ លោកមានត្រាក់ទ័រមួយគ្រឿងព្យួររាស់ដីចំការដោយខ្លួនឯង ដែរក្នុង១ហិកតាលោកចំណាយទិញជីធម្មជាតិអស់ប្រាក់ពី៥០ទៅ៦០ម៉ឺនរៀលតែប៉ុណ្ណោះ ហើយការដាំដុះនេះមានរយះពេល៤ខែទើបទទួលផល ដោយក្នុង១ហិកតាលោកបានម៉ៅលក់អោយគេបានប្រាក់៣លានកន្លះ បើផាត់ថ្លៃដើមចេញគឺក្នុង១ហិកតាចំណេញបានប្រាក់៣លានរៀល ។ ប្រសិនបើបេះដឹកជញ្ជូនលក់ដោយខ្លួនឯងវិញ ក្នុង១ហិកតាអាចបានប្រាក់ពី៤លានរៀលទៅ៥លានរៀល។
លោក ស៊ុន រដ្ឋា បានអោយដឹងទៀតថា៖ ផ្លែឪឡឹកយក្សនេះមានតូចមានធំ ប៉ុន្តែភាកច្រើនគឺជាផ្លែធំ មានពូជផ្លែមូល និងផ្លែងទ្រវែងដូចត្រសក់ស្រូវ មានរសជាតិផ្អែមល្មមនិងស្រូយ ដែលផ្លែធំៗមានទម្ងន់ពី៨គីឡូដល់១៣គីឡូក៏មាន ទៅតាមសណ្ឋានដីដែលមានជីជាតិ និងបើលក់រាយនៅក្នុងចំការក្នុង១ផ្លែធំៗ បានថ្លៃពី៥០០០រៀល ទៅ៦០០០រៀល លោកបានបញ្ជាក់ទៀតថា នេះជាឆ្នាំទី១ហើយដែលលោកដាំសាកល្បង ។
សំរាប់ឆ្នាំក្រោយលោកនឹងពង្រីកការដាំដុះអោយបានទ្វេដងថែមទៀត ប៉ុន្តែគ្រាប់ពូជពីអាមេរិចបានដាំអស់ទៅហើយ តែលោកនិងទុកគ្រាប់ពូជថ្មីដែលដាំនៅក្នុងចំការរបស់លោកទុកដាំឆ្នាំក្រោយ ប៉ុន្តែមិនដឹងថាគាប់ពូជថ្មីនេះអាចនឹងទទួលផលដូចគ្រាប់ពូជពីអាមេរិចដែរឬយ៉ាងណានោះទេ រឿងនេះមានតែការដាំដុះសាកល្បងទៀតទើបដឹង។
ចំពោះរឿងនេះលោកនឹងព្យាយាមសាកសួរទៅអ្នកជំនាញកសិកម្ម នៅក្នុងខេត្តឬនៅភ្នំពេញ ដើម្បីស្វែងយល់រៀនសូត្របន្ថែមសំរាប់ធ្វើការដាំដុះឪឡឹកយក្សជាក់ស្តែងអោយទទួលផលកាន់តែប្រសើរឡើងថែមទៀត៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2aREnAS