រថយន្តក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសលីមីធីត ចូលរួមលាងសំអាតផ្លូវថ្នល់នៅក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុនខ្មែរប៊ែវើរីជីសលីមីតធីត នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជូនរយន្ត២គ្រឿងនិងបុគ្គលិក មកជួយលាងសំអាតផ្លូវថ្នល់នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងគោលបំណងចូលរួមធ្វើអោយទីក្រុងស្អាត មានអនាម័យល្អ សោភ័ណ្ឌភាពល្អ និងសុខមាលភាព ដល់ប្រជាពលរដ្ឋនៅក្នុងការងារនេះ លោក ស៊ុន សុវណ្ណរិទ្ឋ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយ លាភា អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្ត ក៏បានទទួលស្វាគមន៍ក្រុមហ៊ុនយ៉ាងរាក់ទាក់ផងដែរ។
លោក ស៊ុន សុវណ្ណរិទ្ឋ អភិបាលរងក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ដើម្បីរួមចំណែក ក្នុងការសំអាតទីក្រុងកំពង់ឆ្នាំង ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត បានបញ្ជូនរថយន្តលាងសំអាតផ្លូវថ្នល់ចំនួន២គ្រឿង រួមនិងបុគ្គលិកបំរើការនៅក្នុងក្រុមហ៊ុនជាច្រើននាក់ មកជួយលាងសំអាតតាមផ្លូវថ្នល់ ក្នុងក្រុងកំពង់ឆ្នាំង ក្នុងគោលបំណង ចូលរួមចំណែកធ្វើ អោយទីក្រុងស្អាត មានអនាម័យល្អ មានសោភ័ណ្ឌភាព និងសុខមាលភាព ដល់ប្រជាពលរដ្ឋ ។ ចំពោះការមកចូលរួមសំអាតទីក្រុងកំពង់ឆ្នាំង នៅពេលនេះ គឺមានរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧ ។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង នេះជាលើកទីមួយហើយ ដែលមានក្រុមហ៊ុន បញ្ជូនរថយន្តទំនើប មកជួយលាងសំអាត ផ្លូវថ្នល់ក្នុងក្រុងបែបនេះ ប៉ុន្តែបើតាម តំណាងអោយក្រុមហ៊ុនមួយនេះ បានអោយដឹងថាៈ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៩ ក្នុងចំណោម២៥ រាជធានី ខេត្ត ដែលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសលីមីតធីត បានប្រើប្រាស់រថយន្ត និងបុគ្គលិកជួយសំអាតទីក្រុងដូចគ្នានេះ ។
លោកអភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ តាមគម្រោងផែនការដែលអាជ្ញាធរខេត្តកំណត់ នោះគឺក្រុមហ៊ុននឹងជួយលាងសំអាតផ្លូវក្នុងក្រុងកំពង់ឆ្នាំង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង (ទួលគ្រាំង) រហូតដល់ទួលក្រឡាញ់( ដំរីស ) និងបន្ទាប់មកទៀត លាងសំអាតផ្លូវថ្នល់នានា ដែលក្រាលកៅស៊ូ នៅក្នុងក្រុងកំពង់ឆ្នាំង ដូចជាផ្លូវចុះទៅផ្សារក្រោម ផ្លូវត្រពាំងបី ផ្លូវសង្កាត់កំពង់ឆ្នាំង ផ្លូវមុខសាលាខេត្ត ផ្លូវប្អេរ និងផ្លូវចាប់ពីសាលាខេត្ត ទៅផ្លូវបំបែក មន្ទីរនគររូបនីយកម្ម សំណង់និងសុរិយោដី ជាដើម ។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត ក៏សូមអំពានាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ជាពិសេសមិនត្រូវដឹកដី ដឹកខ្សាច់ ធ្លាក់លើថ្នល់កៅស៊ូឡើយ ក្រៅពីនោះ សូមចូលរួមសំអាតទីក្រុង និងផ្លូវនៅតាមមុខផ្ទះអោយបានស្អាត ដើម្បីការរស់នៅស្អាត និងមានសុខភាពល្អ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2uuC7o1