ទេវរូបស្រីមួយអង្គផុសនៅក្នុងស្រែត្រូវបានប្រជាពលរដ្ឋរកឃើញនៅក្នុងភូមិប្រាសាទ ឃុំដា ប៉ុន្តែពួកគាត់មិនព្រមប្រគល់អោយមន្ទីរវប្បធម៌ខេត្តយកមករក្សាទុកឡើយ
ខេត្តកំពង់ឆ្នាំង៖ ទេវរូបស្រីមួយអង្គមានទំងន់៣៩,៥០គីឡូ បានផុសនៅក្នុងស្រែ ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទះឃើញនៅម៉ោង៣ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ហើយពួគគាត់បានយកមករក្សាទុកនៅក្នុងវត្តប្រាសាទ ភូមិប្រាសាទ ដើម្បីបានគោរពបូជាទៅតាមជំនឿ។ ដោយឡែកនៅល្ងាចថ្ងៃទី០៥ ខែកក្កដានេះ លោក ប្រធានមន្ទីរវប្បធម៌ខេត្ត បានចុះទៅពិនិត្យមើល និងស្នើសុំយកមករក្សាទុកនៅក្នុងសារៈមន្ទីររបស់ខេត្ត តែត្រូវប្រជាពលរដ្ឋតវ៉ាមិនព្រមប្រគ ល់ទេវរូបដ៏មានតម្លៃ ខាងលើអោយនោះឡើយ។
កុមារីឈ្មោះ យ៉ាន វ៉ាន់ អាយុ១៤ឆ្នាំ រស់នៅភូមិប្រាសទ ឃុំដា បាននិយាយអោយដឹងថា៖ នៅល្ងា ចថ្ងៃទី០៤ ខែកក្កដា នាងបានទៅឃ្វាលគោ ជាមួយកុមារីឈ្មោះ សល់ ចិន្តា អាយុ១៣ឆ្នាំ នៅវាលស្រែខាងកើតភូមិ ពេលនោះក៏បានប្រទះឃើញរូបចម្លាក់( ទេវរូប ) នេះមួយចំហៀងខ្លួនកប់នៅក្នុងដីស្រែដែ លគេភ្ជួរហើយ២ទៅ៣ថ្ងៃ នៅក្បែរដីទួលមួយកន្លែង ក្នុងពេលនោះនាងក៏បានរត់ទៅប្រាប់បងស្រីឈ្មោះ នឿន ស៊ីនៀង អាយុ១៨ឆ្នាំ និងជីដូននាងឈ្មោះ សុខ សំអុល អាយុ៥៨ឆ្នាំ នៅក្នុងភូមិអោយបានដឹង បន្ទាប់មកបងស្រីនិងជីដូនរបស់នាងក៏បានដឹកយករូបចម្លាក់នោះ យកមករក្សាទុកនៅក្នុងវត្តប្រាសាទ ដើម្បីបានអ្នកស្រុកក្នុងភូមិគោរពបូជាទៅតាមជំនឿរបស់ពួកគាត់។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ក្នុងពេលចុះទៅពិនិត្យមើលទេវរូបខាងលើនៅនៅក្នុងវត្តប្រាសាទនៅល្ងាចថ្ងៃទី០៥ ខែកក្កដា នេះបានអោយដឹងថា៖ ទេវរូបភេទស្រីខាងលើនេះមានទម្ងន់៣៩,៥០គីឡូ និងមានកំពស់០,៨០ម៉ែត្រ កសាងពីថ្មភក់នៅក្នុងសត្សវត្សទី១១ រចនាបថបាពួនមុនសម័យអង្គរគឺជាបតិកភណ័ជាតិដ៏មានតម្លៃ ។ ដោយឡែកតាមការសួរនាំ កន្លែងដែលប្រជាពលរដ្ឋឃើញទេវរូបនេះគឺនៅក្បែរទីទួលថ្មគ្រួសបាយក្រៀមមួយកន្លែង ដែលសង្ស័យថាទួលប្រាសាទចាស់ពីបូរាណ។
លោក សុខ ធួក បានបញ្ជាក់អោយដឹងថា៖ តាមច្បាប់ បតិកភណ័ដ៏មានតម្លៃរបស់ជាតិមិនអាចរក្សាទុកនៅក្នុងវត្តអារាម ឬផ្ទះឯកជនបានឡើយ គឺត្រូវតែយកមករក្សាទុកនៅក្នុងសារៈរបស់មន្ទីរជាតិ។ ប៉ុន្តែនៅល្ងាចថ្ងៃទី០៥នោះដែរ ក្រោយពីលោកប្រធានមន្ទីរវប្បធម៌ខេត្ត លោកមេប៉ុស្តិនគរបាលរដ្ឋបាលឃុំដាបានពន្យល់ប្រជាពលរដ្ឋអំពីផ្លូវច្បាប់មក ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលមានជំនឿមកសុំទឹកមន្តពីទេវរូបយកទៅមុជឬព្យាលជម្ងឺសំសេចក្តីសុខ បាននាំគ្នាប្រឆាំងតវ៉ាមិនព្រមប្រគល់ទេវរូបនេះ អោយមន្ទីរវប្បធម៌ខេត្តយកមករក្សាទុកឡើយ។ ដោយពួកគាត់បានលើកឡើងថា៖ បើគណៈកម្មការវត្តប្រាសាទមិនទទួលរក្សាទុកទេវរូបនេះក្នុងវត្តទេ គឺប្រជាពលរដ្ឋសុំអោយ ស្ត្រី ឈ្មោះ សុខ សំអុល យកទៅរក្សាទុកនៅផ្ទះរបស់គាត់ ព្រោះគាត់និងកូនចៅគាត់ជាអ្នករកឃើញ គួរតែទ្រព្យរបស់គាត់ និងសុំទុកគ្រាន់អោយអ្នកភូមិបានគោរពបូជាសុំសេចក្តីសុខផង។
ក្រោយពីព្យាយាមយកទេវរូបមករក្សាទុកនៅមន្ទីរវប្បធម៌ខេត្តមិនបានសម្រេច ក្រុមការងារក៏បានប្រគល់អោយលោកនាយនគរបាលប៉ុស្តរដ្ឋបាលឃុំដា ដាក់កងកម្លាំងនគរបាលប៉ុស្តិបន្ថែមមកការពារ ទេវរូបនេះនៅក្នុងវត្តប្រាសាទមួយរយះសិន ដើម្បីរាយការណ៍សុំយោបល់ថ្នាក់លើជួយអន្តរាគមន៍យកទេវរូបដ៏មានតម្លៃនេះ មករក្សាទុកនៅសារៈមន្ទីររបស់ខេត្ត នៅពេលក្រោយឆាប់ៗខាងមុខនេះ។
លោកនាយប៉ុស្តិនគរបាលរដ្ឋបាលឃុំដា បានបញ្ជាក់អោយដឹងថា៖ នៅឆ្នាំ២០១៣ ទេវរូបបែកបាក់មួយអង្គដែលប្រជាពលរដ្ឋរកឃើញ ក៏បានយកមកទុកនៅវត្តប្រាសាទម្តងហើយ គឺទុកបានតែមួយអាទិត្យក៏ត្រូវចោរលួចបាត់ ហេតុនេះហើយទើបពេលនេះគណៈកម្មការវត្តមិនហ៊ានទទួលរក្សាទុកទេវរូបដ៏មានតម្លៃខាងលើនេះឡើយ ព្រោះខ្លាចបាត់បង់និងមានគ្រោះថ្នាក់៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tiJwsz