អ្នកសម្លាប់ស្ត្រីម្នាក់ច្រកក្នុងការ៉ុងបោះចោលនៅស្រុកកំពង់ត្រឡាចចាប់ខ្លួនបានហើយ គឺជាអ្នកកាសែតរត់តាក់ស៊ីម្នាក់ សង្ស័យយកលុយរត់ការដោះមនុស្សមិនបានសម្រេច ក៏សម្លាប់នាងបំបិតមាត់
ខេត្តកំពង់ឆ្នាំង៖ អ្នកកាសែតម្នាក់ និងជាអ្នករត់រថយន្តតាក់ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងខេត្តកំពត ហើយបានបញ្ជូនមកដល់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅម៉ោង១២យប់ ដោយជាប់សង្ស័យថាបានសម្លាប់ស្ត្រីម្នាក់បំបិតមាត់ច្រកក្នុងការ៉ុងយកទៅបោះចោលនៅក្បែរប្រឡាយទឹកក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០ ១៧ រឿងទទួលលុយពីស្ត្រីរងគ្រោះជាង៤ពាន់ដុល្លា យកទៅរត់ការដោះលែងប្តីនាងជាប់ក្នុងពន្ធនាគារមិនបានសម្រេច នៅពេលស្ត្រីរងគ្រោះទារយកលុយវិញ គ្មានលុយអោយក៏បានសម្លាប់នាងបំបិតមាត់តែម្តង។ រឿងនេះសមត្ថកិច្ចមិនអោយថតជនសង្ស័យទេ ព្រោះទុកស្រាវជ្រាវអ្នកពាក់ពន្ធ័បន្តទៀត។
ប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ ស្ត្រីរងគ្រោះមានឈ្មោះ ទិត លីនដា អាយុ៤២ឆ្នាំ ប្តីទី១នាងជាមន្ត្រីនគរបាលអង្គរក្សនៅក្នុងក្នុងភ្នំពេញ ក្រោយពីបានលះលែងប្តីទី១មក នាងក៏បានប្តីទី២ម្នាក់ទៀតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយប្តីទី២នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនឃុំក្នុងពន្ធនាគារខេត្តពីបទជួញដូរគ្រឿងញៀន ។ ថ្ងៃមួយនោះនាងក៏បានជិះរថយន្តតាក់ស៊ីរបស់ជនសង្ស័យ ឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ៣០ឆ្នាំ ជានិពន្ធនាយកកាសែតឆាណាអង្គរ មានស្រុកកំណើតនៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង បច្ចុប្បន្ននៅក្រុងភ្នំពេញ ដោយគេបានប្រាប់នាងថា គេស្គាល់មេតុលាការខេត្តកំ ពង់ឆ្នាំង គេអាចជួយរត់ការដោះលែងប្តីនាងពីពន្ធនាគារខេត្តបានអោយតែមានលុយ ។
ក្រោយពីបានទុកចិត្តជនសង្ស័យរួចមក នាងក៏បានទៅយកលុយពីម្តាយក្មេក ជាម្តាយប្តីទី២ជាបន្តបន្ទាប់៣ទៅ៤លើក ( ម្តាយក្មេកនាងដឹងរឿងនេះទាំងអស់ ) សរុបចំនួន៤.៨០០ដុល្លា អោយជនសង្ស័យជួយរត់ការជាមួយតុលាករខេត្តកំពង់ឆ្នាំងដោះលែងប្តីខ្លួនពីពន្ធនាគារ តែមិនបានសម្រេចដោយប្តីនាងត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារចំនួន៣ឆ្នាំ ។ ក្រោយពីអោយលុយអស់ហើយរត់ការមិនបានសម្រេចមក នាងក៏បានគំរាមជនសង្ស័យថា បើមិនអោយលុយវិញទេនាងនឹងប្តឹងហើយ ពេលនោះនៅថ្ងៃទី០១ ខែកញ្ញា ជនសង្ស័យបានឈ្លោះជាមួយនាង និងសន្យាជាមួយនាងតាមទូរសព្ទ័ថា នៅថ្ងៃទី០២ គេនឹងយកលុយ៣ពាន់ដុល្លាសងនាងវិញ ។ ស្រាប់តែនៅថ្ងៃទី០៣ ខែកញ្ញា គេក៏បានប្រទះឃើញសពរបស់នាងត្រូវគេកាប់សម្លាប់ច្រកក្នុងការ៉ុងយកទៅបោះចោលនៅក្នុងស្រុកកំពង់ត្រឡាចតែម្តង ។
ទាក់ទងនិងករណីនេះ មកដល់ពេលនេះជនសង្ស័យមិនទាន់បានសារភាពថាខ្លួនជាអ្នកសម្លាប់ជនរងគ្រោះនៅឡើយទេ តែបានសារភាពថារូបគេនិងមេគេម្នាក់ទៀតពិតជាបានទទួលលុយជាង៣ពាន់ដុល្លា ពីជនរងគ្រោះមករត់ការជាមួយតុលាការដោះមនុស្សពិតមែន ។ នៅក្នុងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអ្នកពាក់ពន្ធ័មួយចំនួនទៀតក្នុងរឿងឃាតកម្មនេះដែលមិនទាន់អាចនិយាយបាន ។
ប៉ុន្តែទោះបីយ៉ាងក្នុងការចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចក៏បានដកហូតតថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R 3182 ដែលមានសាក្សីបញ្ជាក់ថា គេបានឃើញរថយន្តមួយនេះ ចតនៅកន្លែងទម្លាក់សពចោលនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ហើយតាំងពីថ្ងៃនោះមកជនសង្ស័យរូបនេះក៏ឈប់រត់តាក់ស៊ីភ្នំពេញ កំពង់ឆ្នាំងរហូតមក ។
ដោយឡែកសមត្ថកិច្វបានបញ្ជាក់អោយដឹងថា៖ នៅក្នុងថ្ងៃពិនិត្យសពជនរងគ្រោះ នៅកន្លែងគេយកមកបោះចោល នៅលើមុខរបួសលើខ្លួនរបស់សព ត្រូវបានឃាតករលាងឈាមយ៉ាងស្អាត ដែលការសម្លាប់ច្រកសពក្នុងការ៉ុងបែបនេះមានបក្ខពួកយ៉ាងតិចក៏២ឬ៣នាក់ដែរ និងកន្លែងសម្លាប់ជនរងគ្រោះក៏មានសុវត្តិភាពផងដែរទើបក្រុមឃាតករធ្វើបានយ៉ាងនេះ ៕ រឹទ្ធិ ជ័យ
http://ift.tt/2waS6g6