បង្ក្រាបទីតាំងស្ដុកឈើប្រណីតលោតឆ័ត្ររបស់ឈ្មួញដុះស្លែជនជាតិវៀតណាមនៅក្រុងបានលុង
ខេត្តរតនគិរី៖ ទីតាំងផ្ទះជួលមួយកន្លែងឈ្មួញវៀតណាមបានយកធ្វើជាកន្លែងស្តុកឈើធ្នង់ និងគ្រញូងលោតឆ័ត្រ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប ស្ថិតនៅខាងក្រោយ វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង ដែលឈ្នួញដុះស្លែនេះបានចុះមកប្រមូលទិញរាប់ឆ្នាំមកហើយទើប តែពេលនេះ យីអ៊ុនដាក់។ ការបង្ក្រាបឈ្មួញវៀតណាមជួញដូរឈើនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយដកហូតបានឈើប្រណីតប្រភេទឈើធ្នង់ និងឈើក្រញូងជាច្រើនដុំ ព្រមទាំងរថយន្ត១គ្រឿង ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2l-7461 ដោយមានផ្ទុកឈើប្រណីតជិត១០ដុំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនជាតិវៀតណាមដែលបានឃាត់ខ្លួននោះ ទី១-មានឈ្មោះ ង្វៀង វ៉ាន់កុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តបាក់និញ កាន់លិខិតឆ្លងដែនលេខB2856663។ ទី២-ឈ្មោះ ខៀវ ធីហាញ់ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅខេត្តថាញ់ហ័រ កាន់លិខិតឆ្លងដែនលេខB8931758 ហើយឈ្មួញយួនទាំង២នាក់នេះចូលមកស្នាក់នៅក្នុងក្រុងបានលុង ដើម្បីប្រមូលទិញឈើប្រណីតដឹកជញ្ជូនចេញទៅវៀតណាមច្រើនឆ្នាំមកហើយ។ ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការឃុបឃិតពីសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរី ទើបឈ្មួញវៀតណាមឈ្មោះ ង្វៀង វ៉ាន់កុង និងឈ្មោះ ខៀវ ធីហាញ់ អាចចូលមកស្នាក់នៅ និងប្រមូលទិញឈើក្នុងខេត្តរតនគិរី តាមអំពើចិត្ត។
ប្រភពពីក្រុមអ្នករកស៊ីជួញដូរឈើនៅខេត្តរតនគិរីបានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញជនជាតិវៀតណាមជាច្រើននាក់អាចចូលមកប្រមូលទិញឈើ និងដឹកជញ្ជូនឈើប្រណីតចេញទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងផ្សេងៗទៀត គឺមានការឃុបឃិតពីសំណាក់សមត្ថកិច្ចនៅច្រកព្រំដែន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនស្ថាប័ន ។ មានឈ្មួញវៀតណាមមានច្រើនណាស់ចូលមកប្រមូលទិញឈើ និងដឹកជញ្ជូនឈើប្រសេកប្រសាចចេញពីខេត្តរតនគិរី តែពេលនេះទើបតែឃើញបង្ក្រាបមួយករណី។
ជាក់ស្តែងពេលនេះមានតែឈ្មួញវៀតណាមតែ២នាក់ប៉ុណ្ណោះដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីចាត់វិធានការតាមច្បាប់។ ចំណែកឈ្មួញវៀតណាមជាច្រើននាក់ទៀតដែលរកស៊ីមិនលោតឆ័ត្រមានការឃុបឃិតជាមួយសមត្ថកិច្ចនៃច្រកព្រំដែន និងសមត្ថកិច្ចក្នុងខេត្តរតនគិរី នៅតែអាចធ្វើសកម្មភាពប្រមូលទិញឈើប្រណីត និងដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងនានាយ៉ាងរំភើយដដែល៕
http://ift.tt/2joOdOG