កាច់ចង្ក្រានហ្គាស់តូចដាំបាយផ្ទុះកំប៉ុងហ្គាស់រលាកពេញខ្លួននិងមុខធ្ងន់ធ្ងរ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានរលាកខ្លួននិងមុខធ្ងន់ធ្ងរ ដោយសារតែផ្ទុះកំប៉ុងហ្គាស់ ក្នុងពេលកាច់ចង្ក្រានហ្គាស់តូចដាំបាយ ហេតុកាណ៍នេះបានកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិពន្លែ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បុរសជាប្តីស្ត្រីរងគ្រោះ កំពុងកំដរប្រពន្ធព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ បាននិយាយអោយដឹងថា៖ ប្រពន្ធគាត់ឈ្មោះ នាង យាត អាយុ៤២ឆ្នាំ មានទីលំនៅក្នុងខេត្តស្វាយរៀង ប៉ុន្តែបាននាំគ្នាមកលេងកូន ដែលមករស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ជាកន្លែងកើតហេតុ ។ ក្នុងពេលកើតហេតុប្រពន្ធគាត់បានកាច់ចង្ក្រានហ្គាស់តូចដាំបាយឆ្អិនទៅហើយ តែនៅពេលកាច់បើកចង្ក្រានហ្គាស់ម្តងទៀតដើម្បីស្ល ស្រាប់តែកំប៉ុងហ្គាស់ចាស់ក្នុងចង្ក្រានក៏បានផ្ទុះឡើងតែម្តង បណ្តាលអោយនាងរបួសធ្ងន់ គឺរលាកផ្ទៃមុខ និងរលាកពេញខ្លួន ។ ក្រោយពេលកើតហេតុកូនៗក៏បានជួលរថយន្ត ដឹកមកសង្គ្រោះព្យាលបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ទាក់ទងនិងគ្រោះថ្នាក់ខាងលើនេះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ក៏ធ្លាប់បានផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹងផងដែរ គឺសុំកុំប្រើកំប៉ុងហ្គាស់តូចៗចាស់ៗយកមកដាំស្លអោយសោះ ព្រោះកំប៉ុងហ្គាស់តូចៗនិងចាស់ៗងាយនឹងផ្ទុះបង្កគ្រោះថ្នាក់ច្រើនណាស់ បើយើងមិនចាប់អារម្មណ៍និងធ្វេសប្រហែសគ្រោះថ្នាក់ដូចខាងលើនេះ ពិតជាកើតមានចំពោះខ្លួន ឬក្រុមគ្រួសារខ្លួនយើងជាពុំខានឡើយ ៕ រឹទ្ធិ ជ័យ
http://ift.tt/2vUGf5X