សំរាមចំនួន ១,៤៧០ តោន កំពុងក្លាយជាបញ្ហាប្រឈម បន្ទាប់ពីក្រុមហ៊ុន ស៊ិន ទ្រី……..
ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហោះសារអេឡិចត្រូនិច និងតាមបណ្តាញសង្គម facebook ផ្ទាល់ខ្លួន ដោយបានបង្ហាញអំពីក្តីកង្វល់ខណៈពេលក្រុមហ៊ុន ស៊ិន ទ្រី ដាក់សំណើបញ្ឃប់សកម្មភាពប្រមូលសំរាមនៅក្នុងក្រុងព្រះសីហនុ ចាប់ពីខែក្រោយនេះតទៅ។
យោងតាមដំណឹងបឋមជុំវិញបញ្ហាដែលក្រុមហ៊ុន ស៊ិន ទ្រី ស្នើសុំបញ្ឈប់ធ្វើអាជីកម្មប្រមូលសំរាមនៅក្រុងព្រះសីហនុ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញប្រកាសដោយមានខ្លឹមសារថា រដ្ឋាបាលក្រុងព្រះសីហនុសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ ជ្រាបថាៈក្រុមហ៊ុនស៊ិនទ្រី បានដាក់លិខិតមករដ្ឋបាលខេត្តនឹងចម្លងមករដ្ឋបាលក្រុងព្រះសីហនុ សុំឈប់ផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម នៅក្រុងព្រះសីហនុ ចាប់ពី១៥ ខែសីហា ឆ្នាំ២០១៧ តទៅ។ ប្រសិនបើក្រុមហ៊ុនស៊ិនទ្រី ឈប់មែន មួយសប្តាហ៍ (1,470តោន ) សំរាមនឹងគរដូចភ្នំ ពីព្រោះរយៈពេលមួយខែ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង មិនអាចរកក្រុមហ៊ុនថ្មីបានទេ ពីព្រោះការបញ្ជាទិញឡានពីក្រៅប្រទេសយ៉ាងហោចណាស់ក៏ត្រូវការចំណាយពេលវេលា ២ខែដែរ។ មូលហេតុដែលក្រុមហ៊ុនស៊ិនទ្រីសុំឈប់ប្រមូលសំរាម ដោយសារក្រុមហ៊ុនស៊ិនទ្រីរកស៊ីខាត។ សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ បានរិះគន់ក្រុមហ៊ុនស៊ិនទ្រីគ្រប់បែបយ៉ាង ប៉ុន្តែបងប្អូនបានបង់សេវាប្រមូលសំរាមឲ្យក្រុមហ៊ុនស៊ិនទ្រី ត្រឹមតែ 40% ប៉ុណ្ណោះ។ បន្ទាប់ពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ទទួលបានលិខិតសុំឈប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តបានកោះប្រជុំបន្ទាន់មួយនៅសាលាខេត្ត ដោយមានការចូលរួមពីរដ្ឋបាលក្រុង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន និងក្រុមហ៊ុនស៊ិនទ្រី។ ការប្រជុំពិភាក្សា និងចរចាចំណាយពេល ៣ថ្ងៃ លទ្ធផលបានត្រឹមក្រុមហ៊ុនស៊ិនទ្រី យល់ព្រមប្រមូល និងដឹកជញ្ជូនសំរាម ១ខែទៀតប៉ុណ្ណោះ (14/08/2017-14/09/2017 )។ បើក្រុមហ៊ុននៅតែបន្តខាតទៀត ក្រុមហ៊ុននឹងឈប់វិនិយោគផ្តល់សេវាប្រមូលសំរាម និងដឹកជញ្ជូនសំរាម នៅក្នុងក្រុងព្រះសីហនុទៀតហើយ ក្នុងនោះរដ្ឋបាលក្រុង ក៏ត្រូវចំណាយលុយបង់ខាតឲ្យក្រុមហ៊ុនស៊ិនទ្រី ចំនួន៣ម៉ឺនដុល្លារ អំឡុងពេលក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម មួយខែនេះ។ ដូច្នេះក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ សូមចូលរួមភ្ជាប់សេវាប្រមូលសំរាម និងបង់សេវាសំរាមដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាពផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ជូនបងប្អូនបានរាល់ថ្ងៃ នឹងបរិស្ថានល្អ។
លោកអភិបាលក្រុងបានបានអំពាវនាវនិងពន្យល់ថា នៅពេលដល់ថ្ងៃកំណត់(ក្រុមហ៊ុនស៊ិនទ្រីឈប់) ទោះជារកបានក្រុមហ៊ុនថ្មីមកជំនួសទាន់ឬមិនទាន់ ឬក៍ក្រុមហ៊ុនស៊ិនទ្រីចុះកុងត្រាថ្មីបន្ត ស្នើពលរដ្ឋទូទាំងក្រុងព្រះសីហនុចូលរួមបង់ប្រាក់ថ្លៃប្រមូលសំរាមនេះអោយបានគ្រប់ៗគ្នា ដោយសារថា មានតែមធ្យោបាយនេះមួយគត់ដែលអាចអោយក្រុមហ៊ុនប្រមូលសំរាម ចូលរួមបានដើម្បីសំអាតទីក្រុង។
ឆ្លើយតបទៅនឹងបញ្ហានេះ ពលរដ្ឋមួយចំនួនដែលទំនងជាចង់ចូលរួមបង់ប្រាក់សេវាយកសំរាមនេះ បានស្នើសុំអោយរដ្ឋបាលក្រុងពន្យល់ និងផ្សព្វផ្សាយប្រាប់ពីបែបបទនៃការស្នើរសុំបង់ប្រាក់នេះថាត្រូវធ្វើឡើងបែបណា? ដូចជាទាក់ទងទៅអជ្ញាធរភូមិ សង្កាត់ឬក៍តាមរយៈក្រុមហ៊ុនដែលចុះជួបតាមផ្ទះប្រជាពលរដ្ឋ៕ ទន់ សុខ
http://ift.tt/2iThReK