លោក ហ៊ីវ សុធារិទ្ធ បន្តប្រមូលលុយក្រោមតុ ដោយចាត់ចែងឲ្យកូនចៅ កោសរូសទារលុយ ពីអ្នករកស៊ីនាំចូលទំនិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមអ្នករត់ការទំនិញវិនិយោគបានទម្លាយឲ្យដឹងថា ការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមការគ្រប់គ្រង របស់លោក ហ៊ីវ សុធារិទ្ធ ពោរពេញដោយ អំពើពុករលួយ ដែលប្រព្រឹត្តឡើងជាលក្ខណៈប្រព័ន្ធ លើសសពីជំនាន់លោកមេគយ ខៀវ សំអាន ជាប្រធាននៅគ្រប់គ្រងទីនោះទៅទៀត។ ជាក់ស្តែងការបង់ប្រាក់ សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារៗ ចាប់ពី ៣៥ដុល្លារទៅ ៧៥ដុល្លារ នេះគិតសម្រាប់តែឯកសារ ដែលគ្មានកំហុស ហើយគេមិនទាន់គិតដល់ ទំនិញមួយចំនួន ដែលមានកំហុសតិចតួចលើឯកសារ ឬទំនិញដែលមានតម្លៃបង់ពន្ធមិនគ្រប់ ត្រូវឈ្មួញនាំចូល តាមច្រកនេះនៅឡើយទេ។
ក្រុមអ្នករត់ការបានលើកឡើងថា លោក ហ៊ីវ សុធារិទ្ធ បច្ចុប្បន្នជាប្រធាន ការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដែលល្បីមានទម្លាប់ និងមានបទពិសោធន៍ ប្រព្រឹត្តអំពើពុករលួយ យ៉ាងប៉ិបប្រសប់ នៅកំពង់ផែស្វយ័តភ្នំពេញ ហើយបានបន្តនាំយកប្រព្រឹត្តកំហុសបែបនេះដដែល។ ហើយគេមិនទាន់ឃើញតម្រុយណាមួយពីអគ្គនាយយកដ្ឋានគយ ចាត់ចែងឲ្យបោសសំអាតសកម្មភាពប្រមូលលុយក្រោមតុនៅការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នេះនៅឡើយទេ ដែលអំពើពុករលួយជាប្រព័ន្ធនោះកំពុងប្រព្រឹត្តឡើងយ៉ាងចំហរជាមួយក្រុមអ្នករត់ការទំនិញវិនិយោគ ។
មានការបញ្ជាក់ថា យ៉ាងតិចក្នុងមួយឯកសារ សម្រាប់ទំនិញវិនិយោគនាំចូល ត្រូវបង់ប្រាក់ចំនួន ៧៥ដុល្លារ បន្ថែមពីលើនោះ អ្នករត់ការ ត្រូវបង្ខំចិត្តបង់ប្រាក់ ឲ្យកូនចៅលោក ហ៊ីវ សុធារិទ្ធ ជាមន្ត្រីគយ ទទួលផ្នែកនីមួយៗ ដូចខាងក្រោម ៖ ទី១-ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយ ទទួលផែនផ្នែកចុះលេខ ឈ្មោះ ធឿន ។ ទី២-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ ឈ្មោះ សារាន់ ។ ទី៣-បង់ប្រាក់ចំនួន១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និងចំនួន ១០ដុល្លារ ទៀតផ្នែកកូនចៅ មន្ត្រីគយខាងពិនិត្យ។ ទី៤-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះ ឯកសារ និងទី៥ ត្រូវបង់ឲ្យ អនុប្រធានការិយាល័យ ជាកិច្ចបង្ហើយឯកសារ ចំនួន ៥ដុល្លារ ។ ដោយឡែកចំពោះ ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារ ក៏ត្រូវបង់ចំនួន ៣៥ដុល្លារ បើករណីនាំចេញទំនិញថ្ងៃសៅរ៍ និងថ្ងៃអាទិត្យលោកគយគិតអូទី(OT) ស្មើ៧៥ដុល្លារ ។
អំពើពុករលួយដែលចាត់តាំងឲ្យប្រព្រឹត្តជាប្រព័ន្ធនេះ បានដាក់ការគាបសង្កត់ទាំងឯកសារស្របច្បាប់ របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរ ដោយករណីខ្លះ លោក ហ៊ីវ សុធារិទ្ធ បានតម្រូវឲ្យមន្ត្រីរបស់ខ្លួន កេងប្រវ័ញ្ច ក្នុងប្រយោជន៍ទៅលើឯកសារ ខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ ត្រូវទាញយកប្រយោជន៍ លក្ខណៈក្រោមតុ កាន់តែច្រើន និងចង់ទៅស៊ីញ៉េ កន្លែងណាក៏បាន ករណីនេះបានបង្កឲ្យអ្នកម្ចាស់ទំនិញ និងអ្នករត់ការឈឺក្បាលធុញទ្រាន់មិនសូវលោះពេល។ ពាក់ព័ន្ធករណីលើកឡើងខាងលើនេះ សារព័ត៌មានយើង មិនទាន់អាចទាក់ទង សុំការបំភ្លឺ ពីលោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានទេ ៕ ចៃព្រលាន
http://ift.tt/2kaPXM7