រថយន្តអាស៊ីណា ដឹកម៉ូតូសង្ស័យគេចពន្ធបើកបុករថយន្តដឹកទឹកកកក្នុងផ្លូវបែកជា៤ រងការខូចខាតរថយន្តធ្ងន់ដូចគ្នា
ខេត្តកំពង់ឆ្នាំង៖ រថយន្តតូយូតាអាស៊ីណា មួយគ្រឿងដឹកម៉ូតូ៣គ្រឿងសង្ស័យគេចពន្ធបានបើកក្នុងល្បឿនលឿន ទៅបុកនិងរថយន្តដឹកទឹកកកមួយគ្រឿងនៅផ្លូវបែកជា៤ បណ្តាលអោយជ្រុលទៅបុកនិងបង្គោលភ្លើងខ្ទេចមួយកំណាត់មុខ ចំណែករថយន្តដឹកទឹកកកបានជ្រុលទៅបុកដើមឈើមួយដើម បណ្តាលរងការខូចខាតធ្ងន់ធ្ងរដូចគ្នាប៉ុន្តែពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សទេ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង នៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវបែកជា៤ មុខមន្ទីរសុរិយោដីខេត្តស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថាៈ មុនពេលកើតហេតុមានរថយន្តម៉ាក តូយូតាអាស៊ីណា មួយគ្រឿងគ្មានស្លាកលេខ ពណ៌ស្ករ បើកបរដោយបុរសម្នាក់ ឈ្មោះគូ លាងជិន អាយុ២៨ឆ្នាំ មានទីលំនៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានបើកតាមផ្លូវក្រាលកៅស៊ូក្នុងខេត្ត ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តដឹកទឹកកក មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2X.4237 បើកបរដោយបុរសឈ្មោះ កែវ សុភ័ក្រ អាយុ២២ឆ្នាំមានទីលំនៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្នុងទិសដៅពីជើងទៅត្បូងក្នុងទិសខ្វែងគ្នា។ បណ្តាលអោយរថយន្តអាស៊ីណាជ្រុលទៅបុកបង្គោលភ្លើងខ្ទេចមុខរយន្ត និងរថយន្តដឹកទឹកកកជ្រុលទៅបុកដើមឈើ ខូចខាតខ្ទេចមុខរថយន្តធ្ងន់ធ្ងរមិនអាចបើកបរបាន។ ករណីគ្រោះថ្នាក់នេះត្រូវបានគេសន្និដ្ឋានថា មកពីរថយន្តទាំង២គ្រឿងមិនគោរពសិទ្ធគ្នា និងមិនយោគលល់អធ្យាស្រ័យគ្នា ទើបបង្កអផយមានគ្រោះថ្នាក់បែបនេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជួលរថយន្តស្ទូចមកស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការនគរបាលក្រុង ដើម្បីកសាងសំណុំរឿងរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់។ដោយឡែក នៅក្នុងរថយន្តម៉ាកតូយូតាអាស៊ីណា គេឃើញមានដឹកម៉ូតូម៉ាកស្គុបពី ថ្មីៗចំនួន៣គ្រឿង ដែលគ្មានស្លាកលេខនិងគេសង្ស័យថាជាម៉ូតូគេចពន្ធ ហើយក៍ត្រូវបានសមត្ថកិច្ចរាយការណ៍ដល់មន្ត្រីសាខាគយនៅក្នុងខេត្ត មកត្រួតពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ផងដែរ ៕ រឹទ្ធិ ជ័យ
http://ift.tt/2Azl9Ic