ប្រពន្ធ័ធារាសាស្ត្រអាចាំងស្រុកបរិបូណ៌បានក្លាយជាតំបន់ទេសចរណ៍ងូតទឹកលេងកំសាន្តរៀងរាល់ថ្ងៃសៅរ៍អាទិត្យ
ខេត្តកំពង់ឆ្នាំង៖ ប្រពន្ធ័ធារាសាស្ត្រអាចាំង ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ មានប្រមាណ៤០ភីឡូម៉ែត្រខាងលិចឈៀងខាងជ្រើងពីទីក្រុងកំពង់ឆ្នាំង ដែលទើបសាងសង់រួចនាពេលថ្មីៗកន្លងមកនេះ ក្រៅពីមានសក្តានុពលលើការស្រោចស្រពលើដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនហិកតាហើយនោះក៍ជាធារាសាស្ត្រមួយមានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ទៅងូតទឹកលេងកំសាន្ត និងទស្សនាធម្មជាតិស្រុកស្រែលំហែរអារម្មណ៍ផងដែរ។
ប្រជាពលរដ្ឋជាអ្នកលក់ដូរចំណីអាហារនៅទីនោះបានអោយដឹងថា៖ នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យមានប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ជាតិមកពីបណ្តាខេត្តនៅក្បែរៗនោះ បានទៅទស្សនាកំសាន្ត ក៍ដូចជាងូតទឹកលេងរាប់រយនាក់ និងអាចមានការកើនឡើងជាលំដាប់ ព្រោះថាទីតាំងទំនប់ទឹកធារាសាស្ត្រអាចាំងមានទឹកថ្លាយង់ មានព្រៃឈើ វាលស្រែខៀវស្រងាត់ រួមនឹងមានការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆកានេះថា៖ ការសាងសង់ប្រព័ន្ធធារាសាស្ត្រអាចាំងមានគម្រោងប្រវែង១៩.៥០០ម៉ែត្រដែលមានអត្ថប្រយោជន៍ស្រោចស្រពលើផ្ទៃដីស្រែ ១០.៣០០ហិកតាមកដល់ពេលនេះ បានកសាងរួចរាល់នូវសំណង់ធំសំរាប់ស្ទាក់ទឹក១០០ភាគរយហើយចំណែកប្រឡាយមេប្រឡាយរងទី១និងទី២សាងសង់បានប្រមាណ៩៥ភាគរយផងដែរ។
លោកបានបន្តថា៖នេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌និងមានជំនួយមូលនិធិពីសាធារណៈរដ្ឋប្រជាមានិតចិន។នៅក្នុងគម្រោងសាងសង់ទំនប់ធារាសាស្ត្រនេះមានប្រឡាយមេមួយខ្សែប្រវែង១៩,៥០០ម៉ែត្រ,ប្រឡាយរងចំនួន១០ខ្សែប្រវែង៤៩,៦៨០ម៉ែត្រ, និងមានសំណង់សរុបចំនួន២២៤កន្លែងក្នុងនោះមានសំណង់បង្វែរចរន្តទឹក,សំណង់សំរួលចរន្តទឹក, សំណង់ចែកចាយទឹក, និងសំណង់លូកាត់ផ្លូវ។មកដល់ដើមខែកញ្ញាឆ្នាំ២០១៧នេះក្រុមហ៊ុនបានសាងសង់សំណង់ធំស្ទាក់ទឹករួចរាល់១០០%ហើយចំណែកប្រឡាយមេនិងប្រឡាយរងទី១និងទី២កសាងបានប្រមាណ៩៥%ផងដែរដែលគេអាចរំពឹងថានៅចុងឆ្នាំ២០១៧ប្រព័ន្ធធារាសាស្ត្រមួយនេះនឹងសាងសង់រួចជាស្ថាពរដើម្បីអោយប្រជាកសិករយើងបានបង្ករបង្កើនផលក្នុងឆ្នាំ២០១៨ខាងមុខ។
ក្រៅពីការស្រោចស្រពលើដំណាំកសិកម្ម ទំនប់ទឹកអាចាំងនៅមានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិបានរាប់រយនាក់មកទស្សនាកំសាន្ត នៅរៀងរាល់ថ្ងៃឈប់សំរាកចុងសប្តាហ៍ទៀតផង។ ដោយឡែកប្រព័ន្ធធារាសាស្ត្រអាចាំងក៏បានផ្តល់នូវត្រីធម្មជាតិនៅក្នុងស្ទឹង និងក្នុងទំនប់ជាច្រើនប្រភេទសំរាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយប្រឡាយមេ ប្រឡាយរងរាប់រយគ្រួសារបន្ថែមទៀតផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូណ៌មានទឹកចិត្តសប្បាយរីកាយក្រៃលែង និងសូមអរគុណយ៉ាងជាជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ជួយកសាងប្រពន្ធ័ធរាសាស្ត្រមួយនេះឡើង ដើប្បីអោយប្រជាពលរដ្ឋមានទឹកធ្វើស្រែបានគ្រប់គ្រាន់ កាត់បន្ថយភាពក្រីក្រ និងក៏ជាកន្លែងមុជទឹកកំសាន្តយ៉ាងសប្បាយរីករាយផងដែរ ៕ រឹទ្ធិ ជ័យ
http://ift.tt/2zTfpwA