ពេលល្ងាចផឹកស្រាថ្នាំជាមួយមិត្តភក្កិ ព្រឹកឡើងឃើញសពដាច់ក្បាលនៅលើផ្លូវរថភ្លើង ក្នុងសង្កាត់កន្ទោកក្រុងភ្នំពេញ
(ភ្នំពេញ)៖ សាកសពក្នុងសភាពដាច់ក្បាលចេញពីដងខ្លួននៅលើផ្លូវដែកដោយសាររថភ្លើងកិនស្លាប់ បានបង្កឱ្យភ្ញាក់ផ្អើលស្ថិតនៅក្នុងភូមិអង្គ សង្កាត់កន្ទោកជើង ខណ្ឌកំបូល ហើយប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះលីលី លាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករយានដ្ឋានជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈើ ទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ មានប្រពន្ធឈ្មោះ យ៉េន ស៊ីយ៉ាន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីចក្រ មានកូនស្រីចំនួន៤នាក់ ស្នាក់នៅផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ ។
ប្អូនថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិគ្នា៣នាក់ នាំគ្នាផឹកស្រាថ្នាំ អស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នាចូលសម្រាករៀងខ្លួន។ រីឯជនរងគ្រោះក៏គ្មានបងប្អូន ចាប់អារម្មណ៍រកដែរ។ លុះដល់ព្រឹកឡើងថ្ងៃទី២២ នេះស្រាប់តែប្រទះឃើញ សសាកសពត្រូវរថភ្លើងកិនដាច់ក្បាលដេកស្លាប់នៅលើផ្លូវដែក ។
តាមប្រជាពលរដ្ឋរស់នៅ ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីអំឡុង ម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២២នេះមានរថភ្លើងមួយខ្សែបើកឆ្លងកាត់ពេលនោះ។ លុះដល់ព្រឹកឡើងនេះស្រាប់តែប្រទះឃើញសាកសព។ តាមការស្និដ្ឋាននៅកន្លែងកើតហេតុ ជនរងគ្រោះស្លាប់ដោយសាររថភ្លើងកិនដាច់ក្បាល៕
https://ift.tt/2YjWEOw