អ្នករងរបួសក្នុង ព្រឹត្តិការណ៍បង្ក្រាប ជិតផ្ទះនាយករដ្ឋ មន្ត្រីកើនដល់ជិត៤០នាក់
Tuesday 21/10/2014 Time : 03 :04 pm
ភ្នំពេញ៖ តំណាងអ្នកភូមិអះអាងថា ពួកគេ៤នាក់កំពុងសង្គ្រោះបន្ទាន់និងជិត៤០នាក់ផ្សេងទៀតកំពុងព្យាបាល ក្នុងជម្រកបណ្តោះអាសន្នបន្ទាប់ពីកម្លាំងសន្តិសុខខណ្ឌដូនពេញបង្ក្រាបដោយហិង្សាកាលពីថ្ងៃចន្ទម្សិលមិញ នៅជិតផ្ទះនាយករដ្ឋមន្ត្រីនៅពេលពួកគេចេញតវ៉ាទាមទាររកយុត្តិធម៌រឿងជម្លោះដីធ្លី។
លោក ម៉េង ចាន់ថន មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អះអាងថាជាតំណាងក្រុមអ្នកតវ៉ារឿងដីធ្លី នោះឲ្យ ដឹងនៅថ្ងៃទី២១ ខែតុលាឆ្នាំ២០១៤នេះថា ពួកគេ៣៧នាក់បានរងរបួសក្នុងព្រឹត្តិការណ៍បង្ក្រាបរបស់កម្លាំងសមត្ថកិច្ចជិតផ្ទះនាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទម្សិលមិញ។ លោកថា ក្នុងនោះ៣នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជា-សូវៀតនិងម្នាក់ទៀតត្រូវបានដឹកទៅសង្គ្រោះនៅពេទ្យ អង្គការ លីកាដូ។លោក ម៉េង ចាន់ថន ឲ្យដឹងទៀតថា អ្នករងរបួស៣៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញ។
ក្រោយផ្ទុះហិង្សាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ម្សិលមិញអង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍បឋមបង្ហាញថាយ៉ាងតិចមានក្រុមអ្នកតវ៉ា១៨នាក់រងរបួស ក្នុងនោះ៥នាក់រងរបួសធ្ងន់មានទាំងកុមារផង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថាក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ បើមានពាក្យបណ្តឹងពីជនរងគ្រោះ។
ក្រុមអ្នកមានជម្លោះដីធ្លីដែលត្រូវបានសន្តិសុខខណ្ឌវាយបង្ក្រាបនេះ អះអាងថា កាលពីដើមឆ្នាំ២០១២ លោក សួស យ៉ារ៉ា ជាក្មួយលោក សុខ អាននិងបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារបានប្រើកងកម្លាំងប្រដាប់អាវុធ ឈូសឆាយផ្ទះរបស់ពលរដ្ឋ២៥៣គ្រួសារវត្តអារាម សាលារៀន នៅភូមិឫស្សី ឃុំកន្ទួត ស្រុកជាំក្សាន្តដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ៕
ដោយៈ សូសៀង
រៀបចំដោយៈ សុខា
By: khmeronlinenews.com
http://ift.tt/eA8V8J