ទុស្សេខ្សែភ្លើង ឆេះផ្សារម៉ាត ខូចខាតអស់មុខទំនិញដែលតាំងក្នុងហាងទាំងស្រុង
ខេត្តព្រះសីហនុ៖ ផ្សារម៉ាតឈ្មោះចំរើនផល ត្រូវបានអគ្គិភ័យឆេះបំផ្លាញដោយសារទុស្សេខ្សែភ្លើង ធ្វើអោយឆាប់ឆេះខូចខាតអស់មុខទំនិញដែលតាំងក្នុងហាងទាំងស្រុង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៤ ស្ថិតភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
យោងតាមការឲ្យដឹងពីបុរសឈ្មោះ ចំរើន ហៅ ភេទប្រុសជា ម្ចាស់ស្តាម៉ាតថា៖ ខណៈគ្រួសារគាត់កំពុងតែធ្វើបុណ្យខួបសព៧ថ្ងៃ ដោយសាច់ញាតិ បងប្អូន និងម្តាយកំពុងតែស្ថិតនៅជាន់ទី១លើផ្សារម៉ាត រីឯរូបគាត់ និងប្អូនប្រុសពីរនាក់ទៀតនៅក្នុងរោងបុណ្យមុខផ្សារម៉ាតរបស់គាត់ ស្រាប់តែបានឮសម្លេងផ្ទុះនៅក្នុងម៉ាត តែគាត់មិនចាប់អារម្មណ៍ស្មានថា ជ្រុះកំប៉ុងទឹកដោះគោ ហើយពេលដែលគាត់ ដើរចូលផុតមាត់ទ្វាផ្សារម៉ាតបានបន្តិច ស្រាប់តែមានផ្សែងហ៊ុយចេញពីក្នុងហុយចេញពីពិដានផ្សារម៉ាត ទើបគាត់ដឹងថា ទុស្សេខ្សែភ្លើង ។
ម្ចាស់ស្តាម៉ាតបានបន្តថា៖ ខណៈពេលនោះគាត់ក៏បានស្រែកហៅឲ្យគេជួយ ដោយយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ជួយពន្លត់ ប៉ុន្តែផ្សែងនៅតែហុយខ្លាំងទៅៗ ហើយនៅប៉ុន្មាននាទីប៉ុណ្ណោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានមកដល់ ហើយជួយបាញ់ទឹកពន្លត់ក៏នៅតែមិនអាចពន្លត់បានទៀត ទើបខាងស្នងការនគរបាល ហៅជំនួយឡានទឹកពីកំពង់ផែមកបន្ថែមទៀត រហូតជិត២ម៉ោង ទើបអាចពន្លត់បានជោគជ័យ។ ចំពោះការខូចខាតរួមមានសម្ភារៈទាំងអស់នៅក្នុងស្តាម៉ាត និងសម្ភារៈជាច្រើនមុខទៀត តែមិនអាចគណនាជាទឹកប្រាក់បាននៅឡើយទេ។
ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ ដំបូងគេឃើញមានអណ្តាតភ្លើងឆេះចេញពីផ្លាក់យ៊ីហោផ្សារទំនើបចំរើនផលនោះ និងធ្វើអោយភ្លើងឆាបឆេះចូលទៅខាងក្នុងផ្សារទំនើបតែម្តង ។ ពេលនេះឡានទឹកប៉ូលិសក្រុងព្រះសីហនុចំនួន២គ្រឿង និងឡានទឹកកំពង់ផែស្វយ័តចំនួន២គ្រឿទៀត បានបាញ់ពន្លត់ តែអណ្តាតភ្លើងនូវតែឆាបឆេះចេញខាងពីក្នុងមកកាន់តែខ្លាំងឡើងៗ ដោយមានផ្ទះប្រពលរដ្ឋដែលរស់នៅជិតនឹងផ្សារទំនើបមានការភ័យជាខ្លាចស្លន់ស្លោគ្រប់ៗគ្នា ហើយប្រជាពលរដ្ឋបានប្រមូលសម្ភារៈដែលនៅក្នុងផ្ទះខ្លួនរត់ចេញជាបន្តបន្ទាប់យ៉ាងប្រសេចប្រសាចដើម្បីគេចចេញពីអគ្គីភ័យនោះ។
យោងតាមការបញ្ជាក់ពីក្រុមពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានថ្លែងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ នៅចំណុចខាងលើនោះ មានការជួយអន្តរាគមន៏យ៉ាងស្វិតស្វាញពីកម្លាំងចម្រុះ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកំពង់ផែស្វយ័ត្នខេត្តព្រះសីហនុ ដោយប្រើប្រាស់រថយន្តពន្លត់ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន និងប្រើ ពេលវេលា ពន្លត់ជិត២ម៉ោងទើប គ្រប់គ្រងស្ថានការណ៍បានទាំងស្រុក៕ ដោយ កោះរ៉ុង