លុយជិត ២ម៉ឺនដុល្លារ ត្រូវក្រុមចោរជិះម៉ូតូបំបុកម៉ូតូឲ្យដួល ហើយឆក់យកស្បោងលុយទៅបាត់
ខេត្តព្រះសីហនុ៖ ភាពភ្ញាក់ផ្អើលឆោឡោ បានកើតមានឡើងបន្ទាប់ពីស្ត្រីវ័យចំណាស់ មានមុខរបរដូរលុយនៅមុខផ្សារលើក្រុងព្រះសីហនុ ត្រូវបានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូបំបុកអោយដួលរួចដណ្តើមយកស្បោងលុយ ខណៈពេលស្ត្រីរងគ្រោះជិះម៉ូតូម្នាក់រួមជាមួយលុយប្រមាណជិត២ម៉ឺនដុល្លាទៅកាន់កន្លែងដូរលុយ។ ហេតុការណ៍នេះបានកើតឡើងនៅមុខផ្ទះស្ត្រីរងគ្រោះប្រមាណ៥០ម៉ែត្រ ស្ថិតក្នុង ក្រុមទី៨ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ វេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤។
យោងតាមសំដីស្ត្រីរងគ្រោះ សៀក ហេង អាយុ៥៤ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ មានមុខរបរដូរលុយនៅមុខផ្សារលើក្រុងព្រះសីហនុ បានរៀបរាប់ថា នៅថ្ងៃកើតហេតុវេលាម៉ោងជាង៦ព្រឹក រូបគាត់ជិះម៉ូតូចេញទៅដូលុយដូចធម្មតា ដោយនាំយកថង់លុយជិត២ម៉ឺនដុល្លារ ទៅកាន់កន្លែងដូរលុយផងដែរ គ្រាដែល គាត់ចេញផុតពីរបងផ្ទះប្រមាណ៥០ម៉ែត្រ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បានមកបុកម៉ូតូរបស់គាត់ធ្វើគាត់ដួលហើយថង់លុយក៏ខ្ទាតចេញពីគាត់ នៅពេលនោះមានមនុស្សម្នាក់ក្នុងចំណោម២នាក់បានចុះមករើសថង់លុយរបស់គាត់យកទៅហើយជិះចេញបាត់យ៉ាងប្រញ៉ាប់បាត់ទៅ។
ពាក់ព័ន្ឋករណីនេះ លោក សម ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ២ បានអះអាងថា ករណីនេះមិនមែនជាករណីប្លន់នោះទេ គឺជាករណីឆក់ គ្រាន់តែជនល្មើសប្តូររួបភាពតែប៉ុណ្ណោះ។ ហើយនៅពេលក្រោយកើតហេតុភ្លាមលោកបានបញ្ជាកម្លាំងឲ្យទៅដល់កន្លែងកើតភ្លាមដែរ ដើម្បីសួរនាំសាច់រឿងស្ត្រីរងគ្រោះនោះបានបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះ និងទទួលពាក្យណ្តឹងពីគាត់ ។
សូមបញ្ជាក់ផងដែរ ក្នុងករណីនេះ ជនមិនស្គាល់មុខជិះម៉ូតូបំបុកយកលុយអាជីវករទាំងព្រឹកនេះ ពុំត្រូវបានស្ត្រីរងគ្រោះប្រាប់អំពីទូរលេខពិតនៅឡើយទេ គ្រាន់តែប្រាប់ដោយខ្លីថា ទឹកប្រាក់ដែលកាត់បាត់នោះមានច្រើនមិនក្រោម១ម៉ឺនដុល្លានោះទេ។ ហើយនេះក៏ជាប្រភេទសកម្មភាពថ្មីមួយដែលជនល្មើសប្រើរូបភាពធ្វើសកម្មភាពដោយជិះម៉ូតូបំបុកម៉ូតូជនរងគ្រោះ បង្កឡើងដូចរូបភាពគ្រោះថ្នាក់ចរាចរណ៍ ហើយទើបដណ្តើមយកទ្រព្យសម្បត្តិជាក្រោយ សូមមានការប្រុងប្រយ័ត្ន!៕ ដោយ កោះរ៉ុង