រថយន្តដឹកដំឡូងកាត់ក្រុងភ្នំពេញ ផុងកង់លិចថ្នល់លើគោក ក្រឡាប់ចាក់ដំឡូងចោលពេញផ្លូវ តែអាជ្ញាធរដេកលក់ធ្វើព្រងើយ
ភ្នំពេញ៖ រថយន្តដឹកដំឡូង១គ្រឿងបានផុងកង់ផ្នែកខាងស្តាំមួយចំហៀងលិចចូលថ្នល់ ក្រឡាប់ចាក់បាវដំឡូងចោលពាសពេញផ្លូវ កាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវវេងស្រេងកែងនឹងផ្លូវដួងងៀបស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទោះយ៉ាងណាអាជ្ញាធរមិនមានប្រតិកម្មអ្វីឡើយ ទោះជារថយន្តនោះបានបំផ្លញផ្លូវ ឲ្យទៅជាជង្ហុកក៏ដោយ។ តែគេក៏មិនដឹងថាបណ្តាលមកពីផ្លូវផ្លូវដួងងៀបគ្រឹះអន់ ឬមួយមកពីរថយន្តនោះដឹកលើសទម្ងន់នោះទេ។
ប្រភពពីពលរដ្ឋអ្នកឃើញហតុការណ៍ នេះបានឲ្យដឹងថា គេបានឃើញរថយន្តកូរ៉េ១គ្រឿងពណ៌សពាក់ស្លាកលេខព្រៃវែង 3A-0113 ដឹកដំឡូងពេញ ធ្វើដំណើរតាមបណ្តោយផ្លូវដួងងៀប ទិសដៅពីជើងទៅត្បូងបំរុងឡើងទៅផ្លូវវេងស្រេង ។ ខណៈមកដល់ចំណុចផ្លូវកែងនោះក៏ស្រាប់តែ រថយន្ត ផុងកង់ទៅមុនលែងរួច តែអ្នកបើរបររថយន្តបានព្យាយាមបើករើចេញពីការជាប់ផុងនោះ ក៏ស្រាប់តែផ្អៀងបណ្តាលក្រឡាប់ជះបាវដំឡូងចោល ពេញផ្លូវ។ ប៉ុន្តែមិនបានបង្កឲ្យមានអ្នករងរបួសពីហេតុការនោះទេ ។
ប្រភពបន្តថាក្រោយពេលកើតហេតុគេមិនឃើញ សមត្ថកិច្ចមូលដ្ឋានមកចុះអន្តរាគមន៍ឬពិនិត្យការខូចខាតផ្លូវនោះទេ។ ហើយម្ចាស់រថយន្តបានហៅរថយន្តស្ទូច និងប្រមូលដឹកដំឡូងយកទៅអស់ទៅ ។ មានការលើកឡើងពីប្រជាពលរដ្ឋដែលបានឃើញហេតុការនោះថា ករណីនេះសមត្ថកិច្ច ឬអាជ្ញាធរគួរមានការពិនិត្យរថយន្តនោះ ថាតើការផុងធ្វើឲ្យខូចផ្លូវនោះ បណ្តាលមកពីដឹកលើសទម្ងន់ឬយ៉ាងដូចម្តេច? ហើយជង្ហុកនោះទុកឲ្យអាជ្ញាធរចំណាយលុយធ្វើជំនួសពួកឈ្មួញបង្កខូចខាតនោះជាការត្រឹមត្រូវ?៕