ស្ត្រីខ្មែរ ឆ្លងដែនទៅជីកដំឡូងយកមកហូបត្រូវទាហានថៃបាញ់ស្លាប់
Monday 15/12/2014 Time : 03 : 45 pm
ឧត្តរមានជ័យ៖ស្ត្រីកូនច្រើនមានជីវភាពក្រីក្រម្នាក់ត្រូវបានទាហានព្រំដែនថៃបាញ់ក្បាលធ្លាយខួរស្លាប់ ហើយកប់សពចោលក្នុងព្រៃនៅខណៈពេលដែលដើរឆ្លងដែនចូលជីកដំឡូងហូបជាមួយនឹងកូនស្រីកាលពីសប្តាហ៍មុន។
ស្ត្រីឈ្មោះ ផន ចែម អាយុ ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យត្រូវទាហានការពារព្រំដែនថៃបាញ់ស្លាប់បន្ទាប់ពីគាត់និងកូនស្រីពីរនាក់បាននាំគ្នាចូលព្រៃឆ្លងដែនចូលទៅក្នុងទឹកដីថៃពីថ្ងៃអង្គារសប្តាហ៍មុន។ ប៉ុន្តែកូនរបស់គាត់រត់រួច វិលត្រឡប់ឆ្លងដែនមកផ្ទះវិញនៅថ្ងៃដដែល។នេះបើតាមលោក ផេម សំអាត ចៅសង្កាត់អូរស្មាច់។
ស្ត្រីចំណាស់រូបនេះមានកូនក្នុងបន្ទុកចំនួន ៨នាក់ក្នុងនោះមានកូនប្រុស ៥នាក់ និងកូនស្រី ៣នាក់។ផ្ទះរបស់គាត់នៅចម្ងាយប្រមាណជា ៣០០ ម៉ែត្រពីព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះ។
មន្ត្រីនគរបាលម្នាក់ដែលសុំមិនប្រាប់ឈ្មោះបានឲ្យដឹងថាបន្ទាប់ពីរត់មកដល់ផ្ទះវិញ មិនឃើញម្តាយ ទើបកូនស្រីពីរនាក់នោះនិងសាច់ញាតិលបទៅមើលកន្លែងកើតហេតុមិនបានប្រទះឃើញសាកសពទេគឺឃើញតែខួរក្បាល និងសក់ប៉ុណ្ណោះ។
លោកបានបន្តថាកន្លែងដែលទាហានថៃបាញ់ស្ត្រីរូបនោះស្លាប់គឺជាតំបន់សដែលស្ត្រីរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងៗទៀតធ្លាប់ចេញចូលបានដើម្បីរកអនុផលព្រៃឈើ និងរកត្រីនៅអាងមួយ។ប៉ុន្តែមួយរយៈពេលចុងក្រោយនេះទាហានថៃមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលបាននោះទេ។គ្រួសាររបស់ស្ត្រីរងគ្រោះក៏ធ្លាប់ស្គាល់គ្នាជាមួយនឹងទាហានថៃនោះដែរ ព្រោះពួកគេធ្លាប់បានចេញចូលទីនោះ។ ដោយសារតែស្គាល់គ្នា ដូច្នេះទើបពួកគេទៅទាក់ទងដើម្បីយកសពមកស្រុកវិញដោយមានការចូលរួមពីមន្ត្រីផ្នែកទំនាក់ទំនងព្រំដែនផងដែរ។
មន្ត្រីនគរបាលដដែលនេះថ្លែងថា៖ «ថៃបានទៅគាស់យកសពឲ្យគ្រួសារវិញ។ សពហើមស្អុយហើយ។គេយកមកដល់ផ្ទះវិញកាលពីវេលាម៉ោង ១១ យប់ថ្ងៃសុក្រ»។
លោក ព្រុំ ប៊ុនរឹទ្ធប្រធានការិយាល័យបូកសរុបការងារនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការិយាល័យលោកក៏បានទទួលសេចក្តីរាយការណ៍ពីករណីបាញ់ស្លាប់នេះដែរ។នេះជាករណីបាញ់ពលរដ្ឋខ្មែរស្លាប់លើក ទី១ពីសំណាក់ទាហានថៃចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០១៣ មក។
លោកឲ្យដឹងថា មានករណីបាញ់ពលរដ្ឋខ្មែរចំនួន ៦ លើកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ មក។ ក្នុងនោះបណ្តាលឲ្យរបួសបុរស ៤ នាក់និងស្ត្រីម្នាក់ ហើយករណី ទី៦ នេះបណ្តាលឲ្យស្ត្រីនោះស្លាប់ ៕
ដោយ ៖ សូសៀង
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/eA8V8J