លោកព្រះរាជអាជ្ញារង ដឹកនាំសមត្ថកិច្ចចំរុះ សហការជាមួយប្រជានេសាទក្នុងសហគមន៍ បង្ក្រាបបទល្មើសនេសាទ ដាក់របាំងសាច់អួនរាប់ពាន់ម៉ែត្រ ចំនួន២១កន្លែង កំទេចលបលូសាច់អួន៦៣មាត់
ខេត្តកំពង់ឆ្នាំង៖ របាំងសាច់អួនខុសច្បាប់២១កន្លែងស្មើនិងប្រវែង១០.៥០០ម និងលបលូសាច់អួន៦៣មាត់ត្រូវបានលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចចំរុះសហការជាមួយ ប្រជានេសាទស្ម័គ្រចិត្តនៅក្នុងសហគមន៍ បង្ក្រាបនិងបំផ្លាញចោល។កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទ នេះបានធ្វើឡើងពេញ១ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ និងស្រុក កំពង់លែង។
សមត្ថកិច្ចចំរុះក្នុងកិច្ចប្រតិបត្តិការនេះរួមមាន៖ មន្ត្រីនគរបាលខេត្តនិងនគរបាលប៉ុស្តិរដ្ឋបាលផ្លូវ ទូកចំនួន៧នាក់ មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់លែង ៣នាក់ ប្រជានេសាទស្ម័គ្រចិត្តក្នុងសហគមន៍នេសាទ ឃុំកំពង់ព្រះគគីរចំនូន២៤នាក់ ប្រើប្រាស់កាណូត បាឡាចំនួន៨គ្រឿង គឺកាណូតប្រជានេសាទ៦គ្រឿង និងកាណូតរបស់នគរបាលប៉ុស្តិ៍១គ្រឿង កាណូតជលផល១គ្រឿង ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំង។
លោក ឯក ស៊ុនរស្មី បាននិយាយអោយដឹងថា៖ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ការចុះប្រតិបត្តិការបង្ក្រាបនេះ គឺត្រួតពិនិត្យមុខសញ្ញាបទស្មើសមួយចំនួនដែលបានកោះហៅទៅសាកសួរនៅសាលាដំបូងខេត្តកន្លងមកដែលពួកគេឆ្លើយថា ពួកគេបានដាក់របាំងសាច់អួនចាប់ត្រីតែប្រវែងពី៦០ទៅ៧០ម លើសច្បាប់កំណត់តិចតួចតែប៉ុណ្ណោះ ប៉ុន្តែពេលសមត្ថកិច្ចចំរុះចុះទៅបង្ក្រាបពិនិត្យឃើញរបាំងសាច់អួនខុសច្បាប់ក្នុង១បាំងៗមានប្រវែងរាប់ពាន់ម៉ែត្រ ទើបសមត្ថកិច្ចធ្វើការបង្ក្រាប។
សមត្ថកិច្ចចំរុះបានអោយដឹងថា៖ ចំណុចបង្ក្រាបបទល្មើសនេសាទនៅក្នុងកិច្ចប្រតិបត្តិការពេញ១ថ្ងៃនេះរួមមាន៖ ចំណុចព្រែកថ្លាន់,បឹងធំ, ក្នុងតំបន់អភិរក្សពូជត្រីឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ និងចំណុចកន្លង១០០។ ចំណែកនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែងវិញរួមមាន៖ ចំណុចវាលភក់,ពាមខ្នង,ក្រពើស្គម ស្លតខ្នង ក្នុងទឹកដីឃុំផ្លូវទូក។
នៅក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទនេះសមត្ថកិច្ចបានកាប់បំផ្លាញរបាំងសាច់អួនចំនួន២១របាំងមានប្រវែងសារុបប្រាណ១០.៥០០ម៉ែត្រ និងកាត់យកលបលូចំនួន៦៣មាត់យកមកកាប់បំផ្លាញចោលនៅលើទីទួលវត្តកំពង់ព្រះគគីរ។ក្នុងកិច្ចបង្ក្រាបនេះដែរសមត្ថកិច្ច ចាប់បានជនល្មើសនេសាទចំនួន៣នាក់រស់នៅក្នុងឃុំផ្លូវទូកនិងកាណូត២គ្រឿងកំពុងលើកលបតាមរបាំងខុសច្បាប់និងយកមកប្រគល់អោយលោកនាយផ្នែករដ្ឋបាលជលផលកំពង់លែង កសាងសំណុំរឿងនៅសាលាឃុំផ្លូវទូក។
ក្នុងការចាប់ខ្លួនជនល្មើសខាងលើនេះ ដោយមានកិច្ចអន្តរាគម និងសំណូមពររបស់ប្រជាពលរដ្ឋ លោកមេឃុំនិងក្រុមប្រឹក្សាឃុំផ្លូវទូក លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្ត បានអោយជនល្មើសធ្វើកិច្ចសន្យាជាមួយមន្ត្រីជំនាញជាលើកចុងក្រោយបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទបន្តទៀតហើយដោះលែងខ្លួន និងកាណូតអោយទៅមូលដ្ឋានវិញ ប៉ុន្តែបើចាប់ខ្លួនគេបានលើកក្រោយទៀតសមត្ថកិច្ចនឹងលោកព្រះរាជអាជ្ញានឹងមិនលើកលែងទៀតឡើយ។
គួរបញ្ជាក់ថា៖ការឆក់បង្ក្រាបបទល្មើនេសាទដឹកនាំដោយលោកព្រះរាជអាជ្ញារងខាងលើនេះ បាន ធ្វើឡើងចំនួន៤ដងមកហើយនៅក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់លែងប៉ុន្តែគេឃើញនៅមានបទល្មើសបែបនេះនៅមានរាប់រយកន្លែងទៀត ដែលសមត្ថកិច្ចពុំទាន់មានកម្លាំងនិងមធ្យោបាយចុះទៅបង្ក្រាប។ដោយឡែកប្រភពព័ត៌មានពីស្រុកជលគីរី និងស្រុករលាប្អៀរបានអោយដឹងថា៖បទល្មើសបែបនេះក៏កើតមានរាប់រយកន្លែងដូចគ្នាដែរ។ចំណែកព្រែកមួយចំនួនត្រូវបានគេឃុបឃិតគ្នាលក់ស្ងាត់រាប់ម៉ឺនដុល្លាអោយគេដាក់ដាយចាប់ត្រីយ៉ាងអាណាធិប្បតេយ្យខុសច្បាប់ ដោយយកលេសថាយកលុយកសាងសហគមន៍នេសាទ ខាងមុខនេះរឿងអាស្រូវពិតជាត្រូវបំបែកមិនខាន៕ ដោយ រិទ្ធិ ជ័យ