ឃាត់ខ្លួនស្ត្រីម្នាក់ លក់ថ្នាំញៀនឲ្យបុរសម្នាក់ មុនពេលប្រព្រឹត្តចាប់រំលោភកុមារីអាយុ ៨ឆ្នាំ
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីបានទទួលបញ្ជា ពីស្នងការស្នងការខេត្តឲ្យរឹតបន្តឹងការបង្ក្រាប បទល្មើសជាក់ស្តែង នៅតាមបណ្ដាស្រុកក្រុង នៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណាឲ្យ បទល្មើសមានការចុះថយ និងឈានទៅ លុបបំបាត់ទាំងស្រុង សមត្ថកិច្ចនគរបាល ស្រុកមង្គលបូរី បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទចែកចាយថ្នាំញៀន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។
មុនពេលឃាត់ខ្លួនស្ត្រីសង្ស័យ បុរសម្នាក់ឈ្មោះ សោម តឹក អាយុ ២២ឆ្នាំ ជាមុខសញ្ញាប៉ុនប៉ង រំលោភសេពសន្ថវ: លើក្មេងស្រី អាយុ ៨ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កន្លងមកនេះ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន ប្រើប្រាស់មុនពេល ធ្វើសកម្មភាពរំលោភ។ ថ្នាំញៀនដែលខ្លួនទិញ យកមកប្រើប្រាស់ គឺទិញពីឈ្មោះ រើន អាយុប្រហែល ៣៨ឆ្នាំ និងប្រពន្ធឈ្មោះអ៊ឺន ដា អាយុ ប្រហែល ២៩ឆ្នាំ រស់នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ភ្លាមៗនោះ សមត្ថកិច្ចបានដាក់កំលាំង ឃ្លាំមើលផ្ទះមុខសញ្ញា រហូតឃើញមុខសញ្ញា កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន នៅមុខផ្ទះ កាលពីវេលាម៉ោង ៥និង៣៥ នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ទើបកំលាំងសមត្ថកិច្ច ធ្វើការបង្ក្រាប និងឃាត់ខ្លួន មុខសញ្ញាបានម្នាក់ឈ្មោះ អ៊ឺន ដា ភេទស្រី អាយុ ២៩ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ រើន ដែលរត់គេចខ្លួន និងដកហូតវត្ថុតាង ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (WY) ចំនួន ២គ្រាប់, ទូរស័ព្ទដៃ ១គ្រឿង , ថង់សំរាប់ច្រកថ្នាំញៀន១ និងកាំបិត២ ដែលធ្វើសកម្មភាពតដៃ ជាមួយកម្លាំងសមត្ថកិច្ច៕ ដោយយីហាំង